ផ្ទុះការភ្ញាក់ផ្អើលដោយសារនេះគឺជាលើកទី១ហើយ ដែលក្រុម Machida Zelvia សមាជិកលីគកំពូលជប៉ុន ចាញ់លើកដំបូង ក្រោមស្នាដៃព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងលទ្ធផល ២-០ នៅពានរង្វាន់កម្រិតទ្វីប AFC Champions League Two រដូវកាល ២០២៦-២៧ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីចាញ់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ កម្រិតទី១ AFC Champions League កាលពីរដូវកាលឆ្នាំ២០២៥-២៦ កន្លងទៅ។

ក្រោយចប់ការប្រកួតលោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានបង្ហោះលើគណនី X បបួលកីឡាករ J.League មិនថាលីគកំពូល លីគទី២ ឬទី៣ឡើយ មកប្រកបអាជីពនៅកម្ពុជា ព្រោះចំណូលច្រើនចំណាយតិច៖
«កីឡាករ J.League ជាច្រើនច្រើនតែងតែមើលរំលងលីគកម្ពុជា ដោយសារពួកគេមិនសូវចាត់ទុកទីនេះថាជាគោលដៅសម្រាប់ការផ្ទេរឡើយ។ ប៉ុន្តែសម្រាប់កីឡាករបរទេសរបស់ព្រះខ័នរាជស្វាយរៀង ពួកគេទទួលបានប្រាក់ខែសុទ្ធប្រចាំឆ្នាំចន្លោះពី ១០០,០០០ ទៅ ២០០,០០០ ដុល្លារអាមេរិក (ប្រហែល ១៦ ទៅ ៣២ លានយ៉េន) នៅក្នុងប្រទេសជប៉ុន។

លោកបន្តថា «មានកីឡាករបរទេសម្នាក់ដែលធ្លាប់លេងឱ្យក្រុមព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំមុន បានផ្លាស់ទៅលេងឱ្យក្លិបមួយនៅក្នុងតំបន់អារ៉ាប់ ដែលបច្ចុប្បន្នគាត់ទទួលបានប្រាក់ខែសុទ្ធប្រចាំឆ្នាំរហូតដល់ ៤២០,០០០ ដុល្លារអាមេរិក»។
«ជាមួយការចំណាយលើការរស់នៅទាប និងឱកាសដែលប្រាក់ចំណូលអាចកើនឡើងលើសពីទ្វេដង ប្រសិនបើអ្នកបង្ហាញទម្រង់លេងបានល្អ (ទោះបីជាចាប់ផ្តើមជាមួយប្រាក់ខែចន្លោះពី ១,៥០០ ទៅ ៣,០០០ ដុល្លារក្នុងមួយខែក៏ដោយ) នោះលីគនេះគឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ការចាប់ផ្តើមអាជីពបាល់ទាត់អន្តរជាតិ»។
ជាចុងក្រោយ «ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់កីឡាករដែលកំពុងលេងនៅក្នុងលីគ J2 និង J3 ឱ្យពិចារណាលើលីគកម្ពុជានេះ (ហើយអាចទាក់ទងមកខ្ញុំផ្ទាល់បាន)»៕

