ក្រសួងបរិស្ថានកម្ពុជា បានបង្ហាញសន្ទុះការទូតបៃតងយ៉ាងសកម្ម តាមរយៈជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នារវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពសំខាន់ៗ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សជីវៈចម្រុះ។

១. កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន៖ ផ្ដោតលើភាពស្អាត បច្ចេកវិទ្យាទប់ស្កាត់ការបំពុល និងឥណទានកាបូន
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជំនួបជាមួយ ឯកឧត្តម ISHIZUKI Hideo (អ៊ីហ្ស៊ឺហ្ស៊ូគិ ហ៊ីដេអុ) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចគន្លឹះរួមមាន ការគ្រប់គ្រងសំណល់ និងបច្ចេកវិទ្យាបរិស្ថាន ដោយជំរុញចលនាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រមូលទុកដាក់សំរាមតាមមូលដ្ឋាន និងការប្រើប្រាស់បច្ចេកវិទ្យាទប់ស្កាត់ការបំពុលទឹក។ មួយទៀតគឺការពង្រីកកិច្ចសហការលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ យន្តការឥណទានកាបូនរួមគ្នា ការអភិរក្សជីវៈចម្រុះ និងការជំរុញការវិនិយោគបៃតង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយជប៉ុន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយកម្ពុជាសម្រេចបាននូវគោលដៅនៃ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលមានសសរស្ដម្ភ៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ជាការឆ្លើយតប ឯកអគ្គរាជទូតជប៉ុន បានកោតសរសើរចំពោះលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងបញ្ជាក់ជាថ្មីនូវជំហររបស់រាជរដ្ឋាភិបាលជប៉ុនក្នុងការបន្តគាំទ្រវិស័យបរិស្ថានកម្ពុជាឱ្យកាន់តែរឹងមាំ។

២. កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា៖ ជំរុញគម្រោងស្ដារសត្វខ្លាធំ និងគោលដៅលម្ហែបៃតង
បន្តមកនៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung (វ៉ាន់ឡាល់វ៉ាណា បាវីតលុង) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ដោយភាគីទាំងពីរបានផ្ដោតការយកចិត្តទុកដាក់លើការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍។ ភាគីកម្ពុជា និងឥណ្ឌា បន្តជំរុញវឌ្ឍនភាពនៃគម្រោងស្ដារ និងអភិរក្សសត្វខ្លាធំនៅកម្ពុជា ឱ្យសម្រេចបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក រួមទាំងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការពង្រីកគោលដៅលម្ហែបៃតង ដើម្បីបង្កើនជម្រើសមុខរបរថ្មី កាត់បន្ថយការដាក់សម្ពាធលើធនធានព្រៃឈើ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានកោតសរសើរចំពោះចក្ខុវិស័យរបស់ក្រសួងបរិស្ថានកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការបន្តផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

យ៉ាងណាមិញ ជំនួបទ្វេភាគីជាប់ៗគ្នារវាងក្រសួងបរិស្ថានកម្ពុជា ជាមួយដៃគូសំខាន់ពីរនៅតំបន់អាស៊ី គឺជប៉ុន និងឥណ្ឌា បង្ហាញពីការបែងចែកតួនាទីសហប្រតិបត្តិការយ៉ាងច្បាស់លាស់ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ខណៈដែល ជប៉ុន បានជួយបំពេញបន្ថែមលើផ្នែកបច្ចេកវិទ្យាគ្រប់គ្រងសំណល់ ការប្រឆាំងការបំពុល និងយន្តការហិរញ្ញវត្ថុបៃតង រីឯ ឥណ្ឌា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជំនាញបច្ចេកទេសអភិរក្សជីវៈចម្រុះ ជាពិសេសការស្ដារប្រភេទសត្វកម្រ (សត្វខ្លាធំ) និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមសហគមន៍មូលដ្ឋាន៕

Share.