
តាមរយៈសារព័ត៌មាន The Laotian Times បានចេញផ្សាយឱ្យដឹងថា ប្រទេសឡាវ និងប្រទេសថៃ បានឯកភាពគ្នាដំឡើងគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១២ ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២៧ ដោយកើនឡើងពីគោលដៅចាស់ ១១ ពាន់លានដុល្លារ កាលពីខែតុលា ឆ្នាំ២០២៥ ទន្ទឹមនឹងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ថាមពល និងសន្តិសុខតាមបណ្ដោយព្រំដែន។ ការព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីឡាវ លោក សាលើមសៃ គុមម៉ាស៊ីត (Saleumxay Kommasith) និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩។
ភាគីថៃបានជំរុញឱ្យឡាវសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងស្នើពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន រួមមាន៖ ១.ការពិនិត្យឡើងវិញលើខ្សែផ្លូវរថភ្លើងថ្មី ណងខៃ-វៀងចន្ទន៍ ២.ការបញ្ចប់ការរៀបចំបែងចែកថវិកាសាងសង់ស្ពានមិត្តភាពថៃ-ឡាវទី៦ ភ្ជាប់ខេត្តសាឡាវ៉ាន់ របស់ឡាវ ទៅខេត្តអ៊ូប៊ុនរ៉ាឆាថានី របស់ថៃ និង៣.ការបង្កើតតំបន់ត្រួតពិនិត្យរួមគ្នានៅស្ពានមិត្តភាពទី៣ ឬទី៤។ គួរដឹងថា ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៦ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៥,៣ ពាន់លានដុល្លារ។
ក្រៅពីសង្កត់ធ្ងន់លើវិស័យដឹកជញ្ជូន ថ្នាក់ដឹកនាំនៃទាំងពីរបានស្វាគមន៍វឌ្ឍនភាពនៃគម្រោងតភ្ជាប់បណ្ដាញអគ្គិសនីក្នុងតំបន់ ដែលអនុញ្ញាតឱ្យឡាវនាំចេញអគ្គិសនីទៅកាន់សិង្ហបុរី ឆ្លងកាត់ប្រទេសថៃ និងម៉ាឡេស៊ី ព្រមទាំងស្នើបង្កើតក្រុមការងាររួមដើម្បីពង្រឹងសន្តិសុខថាមពល។ ជាមួយគ្នានោះ ភាគីទាំងពីរឯកភាពបង្កើនការចែករំលែកព័ត៌មានសម្ងាត់ និងការល្បាតរួមគ្នាតាមបណ្ដោយព្រំដែនទន្លេមេគង្គ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន សារធាតុគីមីផ្សំ និងការឆបោកតាមអនឡាញ។ លើសពីនេះ ថៃក៏បានផ្ដល់ជំនួយបច្ចេកទេសជួយឡាវដោះស្រាយបញ្ហាផ្សែងអ័ព្ទឆ្លងដែន និងការគ្រប់គ្រងធនធានទឹករួមគ្នាផងដែរ។
ដោយឡែកលើសពីកិច្ចការទ្វេភាគី នាយករដ្ឋមន្ត្រីថៃ អះអាងពីជំហរត្រៀមខ្លួនធ្វើការឆ្ពោះទៅរកការស្ដារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ តាមរយៈការសន្ទនាដោយផ្ទាល់ និងការកសាងទំនុកចិត្ត។ ទន្ទឹមនឹងនេះ ថៃគ្រោងនឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅដើមឆ្នាំ២០២៧ និងប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត នៅចុងឆ្នាំដដែល ខណៈអនុប្រធានរដ្ឋឡាវ លោកស្រី វៀងថង ស៊ីផាន់ដន នឹងអញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព នៅទីក្រុងបាងកក នាខែធ្នូ ខាងមុខនេះ៕

