បាងកក៖ អគ្គិភ័យបានឆាបឆេះនៅជាន់ទី២ នៃអគារពាណិជ្ជកម្មកម្ពស់ ៤ ជាន់ ដែលជាទីតាំងលក់ថ្នាំពណ៌ ស្ថិតនៅផ្លូវចូល Soi Rat Phatthana 15 ក្រុងបាងកក កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ខណៈវត្ថុធាតុដើមងាយឆេះដូចជា ទឹកថ្នាំលាយថ្នាំលាបផ្ទះ ដែលស្តុកទុកនៅខាងក្នុងបានធ្វើឱ្យភ្លើងឆាបឆេះកាន់តែខ្លាំង។

យោងតាមសេចក្តីរាយការណ៍ដំបូងពីសារព័ត៌មាន Khaosod English កម្លាំងពន្លត់អគ្គិភ័យ និងជួយសង្គ្រោះមកពីស្ថានីយ៍ Rom Klao បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុនៅម៉ោង ១០:៥៧ព្រឹក ថ្ងៃដដែល ដើម្បីបាញ់ទឹកទប់ស្កាត់មិនឱ្យភ្លើងរាលដាលបន្ត ហើយគិតត្រឹមពេលរាយការណ៍ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬមនុស្សជាប់គាំងនៅខាងក្នុងអគារនោះទេ។

សូមជម្រាបថា ហេតុការណ៍នេះកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីករណីផ្ទុះ និងឆេះនៅរោងចក្រចម្រាញ់ប្រេង Bangchak ក្នុងសង្កាត់ Phra Khanong កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ដែលបានបណ្តាលឱ្យមនុស្សប្រមាណ ៨ ទៅ ៩នាក់រងរបួស និងជំរុញឱ្យអាជ្ញាធរក្រុងបាងកក រួមជាមួយក្រសួងថាមពលថៃ បញ្ជាបិទអង្គភាពផលិតជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសុវត្ថិភាពជាថ្មី៕

ប្រភព៖ Khaosod English

Share.