នៅយប់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស និងក្រុមការងារ Ditway បានសម្ពោធ និងបញ្ចេញ MV «វីរនារី» ជាផ្លូវការហើយ។ មហាជនគ្រប់រូបបានទស្សនា និងស្ញើចសរសើរពីសមិទ្ធផលដែលបានពីការខិតខំប្រឹងប្រែងផល MV មួយនេះមិនដាច់ពីមាត់។ ខណៈមានអ្នកខ្លះក្រោយទស្សនាចប់ភ្លាមនោះ MVមួយនេះបានធ្វើឱ្យក្ដុកក្ដួល ចាក់ដោតអារម្មណ៍ ទប់ទឹកភ្នែកមិនជាប់ផងដែរ។
ងាកមកមើលបរិវេណរោងភាពយន្ដ Major Cineplex AEon I ឯណេះវិញ គេបានឃើញតារាសិល្បៈជាច្រើនដួងមែនទែន កាន់បាច់ផ្កា រួមជាមួយហ្វេសសិនម៉ូដសម្លៀកបំពាក់ស្អាតៗ ធ្វើដំណើរមកចូលរួមសម្ដែងការគាំទ្រ និងសាទរចំពោះភាពជោគជ័យនៃ MV «វីរនារី» ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់កញ្ញា ទេព បូព្រឹក្ស។ ព្រិត្តិការណ៍ដ៏អស្ចារ្យនាចុងខែ វិច្ឆិកា នេះ បានធ្វើឱ្យអ្នកគាំទ្រ និងស្រឡាញ់លើកស្ទួយវិស័យសិល្បៈខ្មែរ ចងចាំមិនភ្លេច ហើយក៏មានមោទនភាពយ៉ាងខ្លាំង ដែលបានឃើញថា កូនខ្មែរក៏មានសមត្ថភាពផលិតវីដេអូចម្រៀងដ៏អច្ចារ្យ និងបង្ហាញពីអត្តសញ្ញាណជាខ្មែរ មិនចាញ់បរទេស។
ផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានត្រយង លោក G-Devith តំណាងឱ្យកញ្ញា ទេព បូព្រឹក្ស និងក្រុមការងារ Ditwayទាំងមូល បានអះអាងថា លោកពិតជាមានក្ដីសប្បាយរីករាយខ្លាំងបំផុត ដែលបានឃើញអ្នកគាំទ្រពុះកញ្ច្រោលចំពោះស្នាដៃមួយនេះ។ ការខិតខំប្រឹងរបស់លោក និងក្រុមការងារ ពិតជាទទួលបានការលើកទឹកចិត្ត និងគុណតម្លៃ។ លោកថា នេះជាស្នាដៃដំបូងហើយ ដែលហ៊ានចំណាយទុនធំក្នុងការផលិត។
ចុះមានមូលហេតុអ្វីដែលជំរុញឱ្យលោក មានការលក់រថយន្ដ ដើម្បីទុនមកផលិត? តើធ្លាប់រំពឹងទុកថា ទទួលផលតបស្នងស្នើនឹងការចំណាយដែរឬទេ?
លោក G-Devith ប្រាប់អ្នកសារព័ត៌មានត្រយងថា « ដំបូងឡើយគឺ យើងចង់ធ្វើ ក៏ប៉ុន្ដែដោយសារចំណាយទុនតិច រូបភាពក៏ចេញមើលតិច គ្មានអ្វីគួរឱ្យចង់មើល។ តែបើចង់ធ្វើឱ្យមានរូបភាពកាន់តែច្រើន គឺត្រូវចំណាយទុនច្រើនក្នុងការផលិត។ មូលហេតុនេះហើយ ទើបយើងសម្រេចចិត្តថា លក់ឡានតែដើម្បីយកមកធ្វើតែម្ដង។ MV នេះចំណាយអស់ ៦០០លានរៀន តែមិនគិតបញ្ចូលថ្លៃការហូបចុក និងធ្វើដំណើរទេ »។ លោក G-Devith បានអះអាងទៀតថា «យើងឃើញហើយថា ចំពោះសិល្បៈនាពេលនេះ គឺយើងមិនអាចរកលុយបានមកវិញទេ លុះត្រាតែយើងបានចេញច្រៀង Concert ឬថតស្ពតពាណិជ្ជកម្ម ទើបយើងបានលុយមកវិញ។ ការងារផលិត MV «វីរនារី» កើតចេញពីឆន្ទៈ និងចេញពីបេះដូង ដោយមិនគិតពីផលិតប្រយោជន៍បានមកវិញ»។ ចុងក្រោយលោក G-Devith បានបញ្ជាក់បន្ថែមទៀតថា ការផលិត MV «វីរនារី» គឺគ្មានការរំពឹងទុកថា នឹងមានការគាំទ្រខ្លាំងដល់ថ្នាក់នេះទេ គឺលោកគិតថា ស្នាដៃមួយនេះ គឺទុកឱ្យមហាជនអ្នកគាំទ្រទាំងអស់ជាអ្នកដាក់ពិន្ទុ គឺជារឿងសំខាន់។
យ៉ាងណាមិញ ក្រឡែកមកមើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប គេក៏បានឃើញការសារបង្ហោះចេញពីចិត្តអ្នកគាំទ្រ ចូលរួមសាទរ និងត្រេកអរមិនដាច់ពីមាត់ឡើយ។ នេះសបញ្ជាក់ឱ្យឃើញថា នៅពេលដែលតារាចម្រៀង សិល្បករ មានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យសិល្បៈ បានប្រឹងប្រែងលើកស្ទួយ ជំរុញសិល្បៈបុរាណខ្មែរឱ្យឈានទៅមុខកាន់តែខ្លាំងឡើងថែមទៀត នោះក៏ស្ដែងចេញមកវិញនូវមោទនភាព និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបានផងដែរ។
តោះមកទស្សនា MV «វីរនារី» តាមរយៈឆាណែលយូធូប Ditway ៖