ខេត្តបាត់ដំបង មានទីតាំងបុរាណស្ថានីយជាច្រើនកន្លែង ដែលនៅក្នុងគេចាប់អារម្មណ៍ខ្លាំងចំពោះព្រះវិហារបុរាណដែលអាយុកាលជាង ២០០ឆ្នាំមកហើយ។ ខេត្តនេះបានកែប្រែខ្លួនជាមណ្ឌុលទេសចរណ៍យ៉ាងទាក់ទាញ ចំពោះសិស្ស និស្សិត ក្នុងការចុះសិក្សាស្រាវជ្រាវ និងទៅលេងកម្សាន្ដ។ អារាមចាស់ៗនៅក្នុងទឹកដីខេត្តបាត់ដំបង បានថែរក្សាភាពលម្អិតនៃចម្លាក់និងក្បាច់បុរាណខ្មែរ។
ព្រះវិហារបុរាណស្ថានមានមិនតិចជាង ១០ កន្លែងនៅក្នុងទឹកដីបាត់ដំបងនោះទេ ដែលរួមមាន វត្តសំរោងក្នុង វត្តឥន្ទ្រាធិបតីធារាម ហៅ (វត្តសង្កែ) វត្តមុនីរតនារាម ហៅ (វត្តកែវ) វត្តកណ្តាល វត្តពោធិវាល វត្តពិភិទ្ធារាម វត្តកំផែង វត្តគរ វត្តដំរីស វត្តបាឡាត់ វត្តឈើខ្មៅ និងវត្តសោមនស្ស ។ ព្រះវិហារបុរាណដ៏សក្តិសិទ្ធិទាំងនេះ មានលក្ខណៈវិចិត្រល្អឯកដែលល្បីល្បាញអំពីចម្លាក់លៀន ចម្លាក់ផុស ដ៏អស្ចារ្យប្រចាំខេត្តបាត់ដំបង ។ បើទោះទឹកដីខេត្តបាត់ដំបង មិនជាប់សមុទ្រ និងមិនសូវសម្បូរប្រាង្គប្រាសាទដូចខេត្ត សៀមរាប ក៏ពិតមែន ក៏ប៉ុន្ដែខេត្តមួយនេះ ក្លាយជាអេកូទេសចរណ៍ដ៏មានសក្ដានុពលតាមរយៈអារាមបុរាណៗទាំងអស់នេះ។
ថ្មីៗនេះគេឃើញមានការចាប់អារម្មណ៍ខ្លាំងចំពោះស្នាដៃរបស់ក្រុមយុវវជនខ្មែរមួយក្រុម ជានិស្សិតស្ថាបត្យកម្មជំនាន់ទី២០នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបញ្ចេញស្នាដៃរចនា និងដំឡើងព័ណព្រះវិហារបុរាណនៅលើគំនូរ 3D ឱ្យមើលទៅទាក់ភ្នែក។ ក្រុមនិស្សិតមួយក្រុមនេះ បានសិក្សាស្វែងយល់អំពីស្ថាបត្យកម្មបុរាណខ្មែរ ដើម្បីសម្រង់ទុកជាឯកសារ អំពីគ្រឿងបង្គុំ និងគ្រឿងតុបតែងលំអស្ថាបត្យកម្ម។ ការសិក្សានេះ ក្នុងគោលបំណងបង្ហាញឱ្យបានស្គាល់ច្បាស់ពីសិល្បៈសំណង់អគារមុខដាច់ដែលនិយមនៅខេត្តបាត់ដំបង។
ទស្សនារូបភាពជាស្នាដៃខាងក្រោមនេះ៖