វីរុសបំប្លែងថ្មីប្រភេទ Omicron ត្រូវបានរាយការណ៍ថារកឃើញលើវេជ្ជបណ្ឌិតអ៊ីស្រាអែលចំនួន ២រូប ក្នុងចំណោមអ្នកទាំង២ មានម្នាក់ត្រឡប់មកពីទីក្រុងឡុងដ៍ កាលពីសប្ដាហ៍មុន ចំណែកឯកាលឆ្លងប្រហែលជាឆ្លងតាមរយៈមិត្តរួមការងាររបស់គាត់ នេះបើយោងតាមការរាយការណ៍ពីអ្នកនាំពាក្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba នៅក្បែរទីក្រុង Tel Aviv។
មន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអែលបាននិយាយថា វេជ្ជបណ្ឌិតទាំង ២ បានចាក់វ៉ាក់សាំងប្រភេទ Pfizer/BioNtech រួចរាល់ចំនួន ៣ដូស ចំណែកឯអាការៈគែស្ថិតក្នុងកម្រិតស្រាល។

ខណៈមន្ត្រីសុខាភិបាលបានបញ្ជាក់ថា ពេលនេះមានមនុស្ស ២នាក់ទៀត ត្រូវបានកំណត់អត្តសញ្ញាណថា មានផ្ទុកវីរុសបំប្លែងថ្មីនេះដែរ ដោយមនុស្សម្នាក់គឺជាអ្នកទេសចរណ៍មកពីប្រទេសម៉ាឡាវី ហើយបានចាក់វ៉ាក់សាំងប្រភេទ AstraZeneca។

កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន អ៊ីស្រាអែលបានបិទព្រំដែនរបស់ខ្លួន ចំពោះជនបរទេសនានាមកពីគ្រប់ប្រទេសទាំងអស់រយៈពេល ១៤ថ្ងៃ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron និងបានណែនាំឲ្យមានការតាមដានទំនាក់ទំនងរបស់មនុស្សមួយចំនួនតូចដែលទំនងជាបានឆ្លងវីរុសនេះរួចរាល់។ ប្រទេសអ៊ីស្រាអែលសង្ឃឹមថា ក្នុងរយៈពេល ១៤ថ្ងៃនេះ វ៉ាក់សាំងកូវីដ១៩ មានប្រសិទ្ធភាពយ៉ាងណាចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុស Omicron។ បច្ចុប្បន្នប្រជាជនប្រហែល ៥៧% នៃចំនួន ប្រជាជន ៩.៤លាននាក់ ត្រូវបានរាយការណ៍ថា បានចាក់វ៉ាក់សាំងពេញលេញគ្រប់ដូស។
យោងតាមការចេញផ្សាយពីសារព័ត៌មានCNN បានបង្ហាញថា វីរុសបំប្លែងខ្លួននេះ បានរកឃើញឆ្លងរាលដាលដល់ប្រទេសនិងដែនដីទាំង ១៩ហើយ មានដូចជាប្រទេស អូស្រា្ដលី៦ករណី អូទ្រីស១ករណី បែលហ្សិក១ករណី បូតស្វាណា១៩ករណី កាណាដា៣ករណី សាធារណរដ្ឋឆែក១ករណី ដាណឺម៉ាក២ករណី បារាំង១ករណី អាឡឺម៉ង់៤ករណី ហុងកុង៣ករណី អ៊ីស្រាអែល៤ករណី អ៊ីតាលី៤ករណី ជប៉ុន១ករណី ហូឡង់១៤ករណី ព័រទូហ្គាល់១៣ករណី អាហ្វ្រិកខាងត្បូង៧៧ករណី អេស្ប៉ាញ១ករណី ស៊ុយអែត១ករណី និង ចក្រភពអង់គ្លេស១៤ករណី៕
ប្រភព៖ Reuters

