ក្នុងនោះកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំ ៩១.៩១៩.៩៧២ម៉ែត្រក្រឡាស្មើនឹងជាង៩២% នៃផែនការ ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨២,១៣៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧.៥៣១គ្រាប់។

នៅក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១នេះដែរ អង្គភាពស៊ីម៉ាក់ និងបណ្តាញស្ម័គ្រចិត្តតាមភូមិឃុំស្រុកបានចុះធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួនជាង ១៦,០០០ លើក ដោយចុះជួបតាមខ្នងផ្ទះមានចំនួនជាង ៦សែនខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួនជិត១លាននាក់។ ទន្ទឹមគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជិត១៥,៤០០គ្រាប់ និងអាវុធធុនស្រាលមួយចំនួនផងដែរ។
សំរាប់ផែនការឆ្នាំ២០២២ខាងមុខ អង្គភាពស៊ីម៉ាក់មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា លើផែនការនេះកំលាំងអង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគំរោងរបស់រាជរដ្ឋាភិបាល គំរោងជំនួយរបស់រដ្ឋាភិបាលជប៉ុន គំរោងជំនួយតាមរយ:ដេញថ្លៃពីUNDP/អាជ្ញាធរមីន គំរោងជំនួយរបស់រដ្ឋាភិបាលចិន គំរោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស(NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក) គំរោងជំនួយអង្គការAPOPOរបស់រដ្ឋាភិបាលប៊ែលហ្សិក គំរោងជំនួយរបស់អង្គការJMAS និងគំរោងជាមួយអង្គការMAG សរុបមានចំនួន២៥គំរោង និងអាចមានលទ្ធភាពពង្រីកបន្ថែមដេីម្បីសំរេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ៕
ប្រភព៖ ឯកឧត្តម ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)









