បើរំលឹកពីភាពយន្តខ្មោចលងរន្ធត់រំជួលព្រលឹង មនុស្សគ្រប់គ្នាប្រាកដជានឹងដល់ភាពយន្តខ្មោចឆៅចិន ខ្មោចឆៅសក់ក្រងវែង មានមុខសស្លេក ធ្មេញមុតស្រួច ហើយបំឡាស់ទីបានដោយលោតនិងលើកដៃទាំងពីរដាក់ត្រង់ទៅមុខ។
ងាកមកតារាសម្ដែងនៅក្នុងភាពយន្តខ្មោចឆៅចិនដ៏ល្បីល្បាញអ្នកគាំទ្រកម្ពុជាមួយភាគធំប្រាកដជាស្គាល់ច្បាស់ពីតួអង្គគ្រូម៉ៅ ឬមានឈ្មោះពិតជាភាសាកាតាំង Lam Ching Ying និងភាសាកុកងឺ Lín Zhèngyĩng (លីន ចឹងអ៊ីង) ព្រោះរឿងខ្មោចឆៅភាគច្រើនមិនអាចខ្វះវត្តមានរបស់លោកបានឡើយ។ ថ្ងៃនេះត្រយងសូមរំលឹកភាពយន្តខ្មោចឆៅចំនួន៩រឿងដ៏ល្បីល្បាញ ដែលជាស្នាដៃរបស់លោកគ្រូម៉ៅ កាលលោកនៅមានជីវិត។
ទី១. Mr. Vampire ឆ្នាំ១៩៨៥
បើសិនជាអ្នកខ្លាចមិនហ៊ានទស្សនារឿងខ្មោច រឿងខ្មោចឆៅមួយនេះអាចជារឿងល្អសម្រាប់អ្នកទើបចាប់ផ្ដើមមើលរឿងខ្មោច។ រឿងនេះផលិតក្នុងអំឡុងទសវត្សរ៍ទី៨០ នៅក្នុងខណៈដែលបច្ចេកវិទ្យាមិនទាន់ទំនើបចំណែកធនធានផ្សេងៗក៏នៅមានកម្រិត។ ភាពយន្តខ្មោចឆៅនេះមិនត្រឹមតែមានឈុតគួរឱ្យខ្លាចប៉ុណ្ណោះទេ ប៉ុន្តែក៏សំបូរទៅដោយប្លង់សើចជាច្រើន ដូច្នេះហើយសម្រាប់អ្នកដែលទើបចាប់ផ្ដើមរៀនមើលរឿងខ្មោចអាចជ្រើសរើសទស្សនារឿងនេះបាន។ ជាពិសេសរឿងនេះមានតារាសម្ដែងដ៏ល្បីឈ្មោះ Lam Ching ying សម្ដែងថែមទៀតនោះ អ្នកមិនគួរមើលរំលងនោះទេ។ តាមដឹងតារាសម្ដែងហុងកុងរូបនេះត្រូវបានគេចាត់ទុកជាតួអង្គមួយតំណាងឱ្យឧស្សាហកម្មភាពយន្តខ្មោចរបស់ហុងកុង មួយវិញទៀតនៅពេលគេនិយាយពីរឿងខ្មោចចិនឈ្មោះរបស់លោកប្រាកដជាត្រូវគេរំលឹកដល់ដូចគ្នា។
ដូចបាននិយាយហើយថារឿង Mr. Vampire គឺជារឿងមួយល្បីល្បាញខ្លាំងបំផុត រឿងនេះបានផលិតជាច្រើនវគ្គ ព្រោះក្រោយពីMr.Vampire ឆ្នាំ១៩៨៥ ទទួលជោគជ័យយ៉ាងខ្លាំងនោះ ភាពយន្តនេះត្រូវបានផលិតជាបន្តបន្ទាប់គ្នាទៀតចំនួន៥ដង ។ ទីពីរ Mr.Vampire IIឆ្នាំ១៩៨៦ , ទីបី Mr. Vampire III ឆ្នាំ១៩៨៦ ទីបួន ទីបួនMr.Vampire III ឆ្នាំ១៩៨៨ និងទីប្រាំ Mr.Vampire ឆ្នាំ១៩៩២។
ក្រៅពីភាពយន្តខ្មោចឆៅចំនួន៥នៅក្នុងត្រកូល Mr.Vampire របស់លោកតា Lam Ching ying ទទួលបានជោគជ័យហើយនោះ លោកក៏នៅមានស្នាដៃភាពយន្តល្បីល្បាញចំនួន៤រឿងផ្សេងទៀតដែរ។
ទី៦ Vampire VS Vampire ឆ្នាំ១៩៨៩
ថ្វីត្បិតតែរឿងនេះដាក់ឈ្មោះថា Vampire VS Vampire ប៉ុន្តែរឿងនេះនៅតែត្រូវបានគេចាត់ទុកថាស្ថិតក្នុងត្រកូលរឿង Mr. Vampire ដដែល។ រឿងនេះខុសពីរឿងដែលលោកតា Lam សម្ដែងមុនៗព្រោះក្រៅពីមានខ្មោចឆៅចិនហើយនោះ នៅមានខ្មោចឆៅជញ្ជក់ឈាមមកពីវប្បធម៌លោកខាងលិចមានវត្តមានក្នុងរឿងនេះដែរ។ សម្រាប់រឿងនេះគឺជារឿងចិនដំបូងដែលបញ្ចូលខ្មោចអ៊ឺរ៉ុបចូលក្នុងវិស័យភាពយន្តប្រទេសចិន ហើយរឿងនេះក៏ជារឿងមួយដែលបើកទ្វារដ៏ធំសម្រាប់ឧស្សាហកម្មភាពយន្តចិន។
ទី៧ Magic Cop
សម្រាប់រឿងស្ថិតក្នុងលំដាប់ទី៧នេះ ដោយម្ដងនេះភាពយន្តខ្មោចឆៅនេះមិនត្រឹមតែបញ្ចូលលទ្ធិតៅចូលទៅក្នុងនោះ ប៉ុន្តែបានបញ្ចូលជាមួយនឹងជំនឿរបស់ជប៉ុនក៏ដូចជាសមត្ថកិច្ចនគរបាលបញ្ចូលក្នុងសាច់រៀងផងដែឬ។ ឈុតវាយតប់គ្នារវាងលោកតា Lam Ching Ying និងលោកយាយ Michiko Nishiwaki ពិតជាអស្ចារ្យណាស់គឺមិនត្រឹមតែរលូននោះទេ ថែមទាំងមើលទៅគួរឱ្យចាប់អារម្មណ៍ផងដែរ។ យ៉ាងណាមិញរឿងនេះបើប្រៀបធៀបនឹងរឿងផ្សេងៗរបស់លោកមិនសូវជាល្បីល្បាញខ្លាំងនោះទេ ដោយសារតែក្នុងពេលជាមួយគ្នានោះមានភាពយន្តច្រើន ហើយសាច់រឿងក៏ស្រដៀងៗគ្នាដែរ ប៉ុន្តែរឿងនេះនៅតែជារឿងដែលល្អ ដែលអ្នកទស្សនាមិនគួរមើលរំលង។
ទី៨ The Haunted Cop Shop (1987)
រឿងនេះអាចនឹងមានឈ្មោះមួយទៀត The Haunted Police Station រឿងនេះចូលរួមសម្ដែងដោយតារាចម្រៀងល្បីរូបសង្ហា Jacky Cheung និងតារាសម្ដែងកំប្លែងដ៏ល្បីល្បាញ Ricky Hui គ្រាន់តែកំពូលតារា២ដួងនេះប៉ះគ្នា ធ្វើឱ្យរឿងមានការចាប់អារម្មណ៍ខ្លាំងបាត់ទៅហើយ។ រឿងនេះកើតឡើងនៅក្នុងស្ថានីយប៉ូលិសហុងកុង រឿងនេះមានចំណុចកំប្លុកកំប្លែងជាច្រើនប៉ុន្តែឈុតឆាកខ្លះក៏មើលទៅគួរឱ្យខ្លាចខ្លាំងណាស់ដែរ។ រឿងនេះល្អសម្រាប់អ្នកចូលចិត្តមើលរឿងរន្ធត់តែលាយបង្កប់ដោយឈុតឆាកកំប្លែងសើច។
ទី៩ Spooky Encounters (1980)
នៅក្នុងចំណោមរឿងទាំងអស់ដែលជាស្នាដៃសម្ដែងរបស់លោកតាម Lam Chi Ying ភាពយន្តនេះគឺជាភាពយន្តដែលមានអាយុកាលចំណាស់ជាងគេ។ រឿងនេះក៏មានវត្តមានសម្ដែងដោយកំពួលតារាក្បាច់គុនមាឌយក្ស Sammo Hung ឬអ្នកគាំទ្រនៅកម្ពុជា ស្គាល់លោកថា ហុង ជីងប៉ាវ។ សម្រាប់រឿងនេះអ្នកទស្សនាប្រាកដជាបានមើលឈុតឆាកវាយតប់គ្នាប៉ុន្តែមិនមែនជាវាយតប់គ្នាបែបប្រាកដប្រជាដូចរឿងមុនៗរបស់ហុងជីងប៉ាវនោះទេ ប៉ុន្តែជាការវ៉ៃគ្នាដែលមើលហើយនាំឱ្យអ្នកទស្សនាផ្ទុះសំណើច។ រឿងនេះត្រូវបានគេចាត់ទុកថាជាភាពយន្តខ្មោចបែបកំប្លែងដំបូងៗគេក្នុងវិស័យភាពយន្តហុងកុង ដែលធ្វើឱ្យអ្នកផលិតរឿងក្រោយៗចាប់ផ្ដើមយកតាម Concept បែបនេះ។ ភាពយន្តនេះបានបង្កើតនូវរសជាតិថ្មីមួយនៅក្នុងឧស្សាហកម្មភាពយន្តហុងកុងដែលធ្វើផ្ដល់នូវចំណីអារម្មណ៍ថ្មីប្លែកសម្រាប់អ្នកទស្សនា៕
ទស្សនាវីដេអូព័ត៌មានខាងក្រោម៖