នេះមិនមែនជាលើកទីមួយឡើយដែល Super Star រូបសង្ហារបស់ប្រទេសចិនលោក Huang Zitao អតីតសមាជិក EXO ទទួលរងនូវព័ត៌មានអាស្រូវជាមួយនឹងតារាស្រីក្នុងផលិតកម្មរបស់ខ្លួនដូចជាជាមួយនឹងតារាស្រី Xu Yiyang។
ថ្មីៗនេះថៅកែ Tao និងកញ្ញា Xu Yiyang ទទួលរងនូវព័ត៌មានជាថ្មីម្ដងទៀត ដោយមានអ្នកបញ្ចេញរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរដែលមើលទៅលើសពីមិត្តភក្ដិធម្មតា ព្រមទាំងលើកឡើងថា Zitao កំពុងទាក់ទងនឹង Yiyang តាមរយៈការទាញរូបភាព Profile Wechat របស់លោកដែលបង្ហាញនៅក្នុង វីដេអូ Live ផ្ទាល់មួយព្រោះជារូបលោកនិង Yiyang ដែលធ្លាប់បានបង្ហោះនៅលើអ៊ិនធឺណិត ហើយលើកឡើងទៀតថាតួអង្គដែលអ្នកទាំងពីរលេងនៅក្នុងហ្គេមមានការរៀបការជាមួយនឹងគ្នាទៀត។
ក្រោយលេចចេញនូវដំណឹងដូចរៀបរាប់ខាងលើនេះផលិតកម្មរបស់ Huang Zitao ក៏បានចេញមកច្រានចោលដំណឹងទាក់ទងគ្នារវាងអ្នកទាំងពីរ ដោយអះអាងថានោះគ្រាន់តែជាការស្រមើស្រម៉ៃរបស់អ្នកលេងអ៊ិនធឺណិត មិនមែនជាការពិតនោះទេ។ ផលិតកម្មខាងលើនេះបានប្រកាសទៀតថានឹងប្ដឹងចំពោះអ្នកបង្កើតព័ត៌មានចចាមអារ៉ាម បំភ្លៃការពិតនេះព្រមទាំងសំណូមពរឱ្យអ្នកដែលចែកចាយទាំងអស់លុបដំណឹងទាំងអស់នោះចេញ ត្រឹមរយៈពេល២៤ម៉ោង។
កញ្ញា Yiyang ធ្លាប់ជាអតីតក្មេងហាត់ការក្នុងក្រុម SM Rookie នៃផលិតកម្ម SM Entertainment រយៈពេល២ទៅ៣ឆ្នាំ បច្ចុប្បន្នកញ្ញាគឺជាតារាស្ថិតក្នុងផលិតកម្ម Z.TAO ដែលជាផលិតកម្មបង្កើតឡើងដោយ Zitao ផ្ទាល់៕