អាមេរិក – បច្ចុប្បន្ន​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ឃើញ​និង​ទទួល​ស្គាល់​ថា​ Adele បាន​ប្រែ​ក្លាយ​មក​ជា​នារី​ម្នាក់​កាន់តែ​ស្រស់​ស្អាត​ក្រោយ​ស្រក​គីឡូ​អស់​១០០​ផោន​ (៤៥​គីឡូក្រាម)។ មហាជន​និង​ហ្វេន​ៗ​បាន​ជជែក​វែក​ញែក​និង​ពិភាក្សា​គ្នា​ជីក​រក​ឬស​គល់​ថា​តើ​ធ្វើ​បែប​ណា​ទើប​ស្រីស្រ់​រូប​នេះ​អាច​សម្រក​ទម្ងន់​ជិត​៥០​គីឡូ​បែបនេះ​បាន​?

កាល​ពី​ឆ្នាំ​២០១៩ រូបភាព​ស្គម​ជាង​មុន​របស់​ Adele បាន​ធ្វើ​ឱ្យ​មហាជន​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ហើយ​អ្នក​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍​លើស​ដើម​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ ពោល​គឺ​ក្នុង​ខែ​តុលាឆ្នាំ​២០២០ អ្នក​ម្ដាយ​កូន​មួយ​រូប​នេះ​បាន​បង្ហាញ​រាង​កាន់​តែស្លីម​ជាង​មុន​ក្នុង​ខណៈ​ដើរ​តួ​ជា​ពិធីការិនី​កម្មវិធី​ Saturday Night Live

ក្នុង​កម្មវិធី​នោះ​សាមី​ខ្លួន​ថែម​ទាំង​និយាយ​លេង​សើច​ទៀត​ថា​ អ្នក​គ្រប់​គ្នា​ច្បាស់​ជា​មើល​មក​ខ្ញុំ​ខុស​ប្លែក​ពី​ពេល​ដែល​ធ្លាប់​ឃើញ​ខ្ញុំ​ ប៉ុន្តែ​ដោយសារ​តែ​ការ​រឹត​បន្តឹង​ Covid-19 និង​​ហាម​ការ​ហោះ​ហើរ​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ស្រាល​ ខ្ញុំ​អាច​យក​ទម្ងន់​តែ​ពាក់​កណ្ដាល​ខ្លួន​ទៅ​ប៉ុណ្ណោះ​ ហើយ​នេះ​គឺជា​ពាក់​កណ្ដាល​ខ្លួន​ដែល​ខ្ញុំ​ជ្រើសរើស​។

ថ្វី​ត្បិត​តែ​ Adele ធ្លាប់​បាន​ប្រាប់​ ទស្សនា​វដ្ដី​ Vogue របស់​អង់គ្លេស​ថា​ខ្លួន​ មិន​បាន​តម​អាហារ​ក្ដី​ ប៉ុន្តែ​មាន​ពាក្យ​ចចាម​អារ៉ាម​ ចេញ​ពី​កាសែត​ New York Post បានចុះ​​ផ្សាយ​ថា​តារា​រូប​នេះ​ញ៉ាំ​អាហារ​សម្រាប់​​អ្នក​សម្រក​គីឡូ​
(Sirtfood diet)។ Adele ធ្លាប់​និយាយថា​ ខ្ញុំ​ញ៉ាំ​ច្រើន​ជាង​ខ្ញុំ​ធ្លាប់​ញ៉ាំ​ពី​មុន​ទៀត​ព្រោះ​តែ​ខ្ញុំ​ហាត់​ប្រាណ​ខ្លាំង​»។

អាហារ​សម្រាប់​អ្នក​សម្រក​គីឡូ​នេះ​គឺជា​ដក​ចេញ​នូវ​អាហារ​មានដូច​ជា​បាយ ​ស្ករ ​ខ្លាញ់ និង​អាហារ​ធ្វើ​ពី​ម្សៅ​ឬ​គ្រាប់​ធញ្ញជាតិ​ ដោយ​ញ៉ាំ​តែ​អាហារ​ណា​ដែល​ជួយ​ឱ្យ​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ក៏​សូម​បញ្ជាក់​បន្ថែម​ដែរ​ថា​ Adele មិន​ដែល​បញ្ជាក់​ម្ដង​ណា​ឡើយ​ថា​ខ្លួន​ទទួល​ទាន​អាហារ​សម្រាប់​អ្នក​ចង់​សម្រក​គីឡូ​។ យ៉ាងណា​មិញ​ផែនការ​អាហារ​សម្រាប់​អ្នក​ចង់​សម្រក​គីឡូ​នេះ​គឺ​ត្រូវ​នឹង​មនុស្ស​ភាគ​ច្រើន​ដែល​ស្រលាញ់​សុខ​ភាព​និង​ចង់​បាន​សុខភាព​ល្អ​ ហេតុនេះ​ Adele អាច​នឹង​ទទួល​ទាន​អាហារ​ទាំងនោះ​ដោយ​មិន​បាន​គិត​ដល់​រឿង​ចង់​សម្រក​គីឡូ​ក៏​ថា​បាន​​

ប្រភព៖ msn

Telegram-Troryorng
Share.