សារព័ត៌មានថៃបានធ្វើបច្ចុប្បន្នភាពពីករណីបវរកញ្ញា អាគី កេសន (อาร์กี้ เกษร ) ជាអតីតបេក្ខភាពបវរកញ្ញា Miss Grand Nong Khai ឆ្នាំ ២០២០ ដែលនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយកើតហេតុ នាងបានរងរបួសយ៉ាងដំណំ បាក់ឆ្អឹងត្រគាកទាំងសងខាង បាក់ជើងជា ៣កំណាត់ បាក់ធ្មេញ បាក់ថ្គាម និងរហែករន្ធប្រសីភ្នែក ហើយមិត្តភ័ក្ដស្និទ្ធស្នាលដែលបានរួមដំណើរជាមួយនាងនៅថ្ងៃនោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយសម្រាកព្យាបាលបាន ៣ថ្ងៃ អាការរបស់នាង អាគី កេសន (อาร์กี้ เกษร ) មានសភាពប្រសើរឡើងបន្តិចហើយ ដោយគ្រូពេទ្យបានវះកាត់ឆ្អឹងត្រកៀកនាងដោយជោគជ័យ។ នាងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់វះកាត់ផ្នែកឆ្អឺងជាបន្ត ប៉ុន្ដែមកទល់ពេលនេះ ម្ដាយរបស់នាងបានបញ្ជាក់ឱ្យដឹងថា នាងក្រោយនិយាយបានបន្តិច និងអាចទទួលអាហារបានតាមធម្មតា។ នាង អាគី កេសន (อาร์กี้ เกษร ) បានលើកដៃសំពះអរគុណដល់សប្បុរសជនជាអ្នកគាំទ្រខ្លួន ដែលបានជួយជ្រោមជ្រែងសម្រាប់ថ្លៃព្យាបាល និងអាហារហូបចុក។ នាងបាននិយាយថា «ចង់ឆាប់ជាលឿនៗ ចង់ត្រឡប់ទៅផ្ទះវិញ!»។
យ៉ាងណាមិញ ម្ដាយរបស់អតីតបេក្ខភាពបវរកញ្ញា Miss Grand Nong Khai រូបនេះ បានបន្ថែមថា កូនស្រីរបស់គាត់មានសភាពអាការល្អប្រសើរឡើងវិញបាន ៦០ ភាគរយហើយ អវយវៈរាងកាយខ្លះអាចកម្រើកបាន ដូចជា ដៃ ជើង និងភ្នែក។
ម្ដាយរបស់នាងរម្លឹកហេតុការណ៍នៅថ្ងៃគ្រោះថ្នាក់ចរចារណ៍ថា កូនស្រីគាត់បានធ្វើដំណើរមកពីកន្លែងធ្វើការវិញដោយជិះម៉ូតូត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចមុខរដ្ឋបាល ឃុំណានហូង ក៏ជិះកាត់ផ្លូវកំពុងសាងសង់ និងមានសភាពងងឹត ហើយជាផ្លូវកោង។ ភ្លាមនោះ ម៉ូតូកូនស្រីគាត់ ត្រូវរយន្តភីកអាប់មួយគ្រឿងបានបុកពីមួយទំហឹង រហូតធ្វើឱ្យនាងរងរបួសធ្ងន់។ ប៉ុន្ដែជាសំណាងល្អ ក្រុមសង្គ្រោះបន្ទាន់បានយកនាងទៅកាន់មន្ទីរពេទ្យ ប៉ាក់ឆាម ទាន់ពេលពេល ហើយជាអកុសល មិត្តរបស់នាងបានបាត់បង់ជីវិតនៅពេលមកដល់មន្ទីរពេទ្យ៕
អត្ថបទទាក់ទង៖