ភ្នំពេញ៖ យុវតីម្នាក់ ភ័យអង្គុយយំបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើប ហើយម្ចាស់រថយន្តទារសំណងដល់៥មុឺនដុល្លារ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥រសៀលថ្ងៃទី០៣ ខែឧសភាឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចផ្លូវបេតុង បំបែកជាបួន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីយុវតីបានឲ្យដឹងថា មុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1HL-9890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត។ពេលមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលបុករថយន្តម៉ាក TOYOTA HiLux revo ពណ៌សគ្មានស្លាកលេខ បើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ បណ្ដាលអោយបែកកញ្ចក់មើលក្រោយ និងខូចខាតទ្វារមុខខាងស្ដាំ ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ចំណែកយុវតីរបួសស្រាល។

ភាគីខាងរថយន្តបានទារសំណងពីយុវតីខាងលើ ចំនួន៥ ម៉ឺនដុល្លារ ដោយលើកហេតុផលថា រថយន្តគាត់ទើបទិញមកថ្មី មិនទាន់បានចាប់ស្លាកលេខផង។
ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ហើយទុកពេលអោយតំណាងភាគីខាងម៉ូតូចរចាជាមួយភាគីរថយន្ត ហើយម្ចាស់រថយន្តបានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូមានលទ្ធភាព សងត្រឹមតែ ១០០ដុល្លា រួចម្ចាស់រថយន្តព្រមយក១០០ដុល្លារ បញ្ចប់រឿងទាំងមិនសប្បាយចិត្ត និងបានហែកលុយនោះចោលនៅមុខមហាជនតែម្តង៕
អត្ថបទ៖ សេង សុភាស់

