ក្រុមតារា​កីឡាអេឡិចត្រូនិកកម្ពុជា ស្មោះស្នេហ៍ (Smos Sne) ធ្វើបានល្អគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ All-Star Showdown 2022 សម្រាប់វិញ្ញាសា Mobile Legends Bang Bang ដែលមាន៦ប្រទេសគឺឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា ប៉ុន្តែបានចាញ់ក្រុមមីយ៉ាន់ម៉ានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

All-Star Showdown 2022 គឺជាព្រឹត្តិការណ៍ប្រកួតកម្សាន្តផ្តោតលើទេពកោសល្យត្រូវបានរៀបចំឡើងដោយ Moonton នៅចុងបញ្ចប់នៃយុទ្ធនាការ ៥១៥ ដែលសហការរៀបចំដោយ Samsung និងម្ចាស់ឧបត្ថម្ភផ្លូវការដូចជា Sting ព្រមទាំងដៃគូ KFC, Ttoy, WOWNOW, Legend, Smart និង Pleng សម្រាប់ដំណាក់កាលទី១ដែលមានតារាចម្រៀង ថេណា ជាអ្នកចាត់ការក្រុម All Star។ ក្រុម ស្មោះស្នេហ៍ ធ្វើបានល្អសម្រាប់ការប្រកួតក្នុងប្រទេសដើម្បីទទួលបានប្រាក់រង្វាន់១៥០០ដុល្លារអាមេរិក និងបានក្លាយជាក្រុមតំណាងឲ្យកម្ពុជាទៅប្រកួតដំណាក់កាលទី២ជាមួយក្រុម៥ផ្សេងទៀតមកពីប្រទេស៥។

សម្រាប់ដំណាក់កាលទី២ដែលជាការប្រកួតលក្ខណៈអន្តរជាតិ ក្រុមស្មោះស្នេហ៍ ស្ថិតនៅពូល B ដោយប្រកួតថ្ងៃទី១បានយកឈ្នះក្រុមសិង្ហបុរី Team Skywee ដោយលទ្ធផល ១-០ និងថ្ងៃទី២បានយកឈ្នះក្រុមមីយ៉ាន់ម៉ា Clover ដោយលទ្ធផល ១-០ ដើម្បីឈរលេខ១ក្នុងពូលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមស្មោះស្នេហ៍បានជួបនឹងក្រុមលេខ២ក្នុងពូល B ជាមួយគ្នាគឺ Clover ប៉ុន្តែបានចាញ់ដោយលទ្ធផល ២-១ វិញ។ ក្រុម Clover បានឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបក្រុមឥណ្ឌូណេស៊ី Nevermind ប៉ុន្តែបានចាញ់ដោយលទ្ធផល ៣-០ ដូច្នេះ ក្រុមឥណ្ឌូណេស៊ី Nevermind បានក្លាយជាជើងឯក All-Star Showdown 2022។

ក្រុមស្មោះស្នេហ៍ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃដំណាក់កាលអន្តរជាតិទទួលបានប្រាក់៣៥០០ដុល្លារបន្ថែមទៀត ដូច្នេះក្រុមតំណាងកម្ពុជាមួយនេះទទួលបានប្រាក់រង្វាន់ទាំងអស់៥០០០ដុល្លារអាមេរិក។ ចំពោះប្រាក់រង្វាន់សរុបក្នុងព្រឹត្តិការណ៍ All-Star Showdown 2022 គឺចំនួន ២៥០០០ដុល្លារអាមេរិក។

អ្នកស្រី Trinity Wu តំណាងផ្នែកទីផ្សារអន្តរជាតិរបស់ MLBB មានប្រសាសន៍ថា ៖«ខ្ញុំពិតជារីករាយណាស់ដែលពិភពនៃកីឡាអេឡិចត្រូនិក និងហ្គេម MLBB ទទួលបានការពេញនិយមខ្លាំងនៅកម្ពុជា។ ប្រមូលផ្តុំដោយតារាល្បីៗ និងអ្នកនិម័យលេងកីឡាអេឡិចត្រូនិកឈានមុខគេ។ លីគអេឡិចត្រូនិក MPL ថ្នាក់ជាតិលើកដំបូង មានក្រុមអាជីព២ដំបូងគេនៅ MSC ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ បើប្រៀបធៀបនឹងអ្វីដែលចង់នឹងកសាងនាពេលអនាគត»។

អ្នកស្រីបន្តថា ៖«ទោះជាការចែករំលែកនៅទីនេះតិចតួច ក៏យើងខ្ញុំចង់ប្រាប់ទៅសហគមន៍ថា យើងខ្ញុំយកចិត្តទុកដាក់ពីប្រព័ន្ធអេកូឡូស៊ីសម្រាប់កីឡាករអាជីព និងអ្នកចូលចិត្តកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយយើងខ្ញុំចង់ឲ្យមានសកម្មភាពច្រើនថែមទៀតពីគ្រប់កម្រិត។ យើងខ្ញុំមានគោលបំណងក្នុងការចាប់ផ្តើមយុគសម័យថ្មីនៃកីឡាអេឡិចត្រូនិកជាមួយគ្នា ដូចអ្វីដែលពាក្យស្លោករបស់ 515 Allstar លើកឡើងថា «យើងខ្ញុំល្អជាងខ្ញុំ»។

តំណាងរបស់ សាមសុង បានបញ្ជាក់ថា ៖«Samsung ពិតជាមានភាពរីករាយក្នុងកិច្ចសហការជាមួយ ALL STAR ដែលនឹងនាំមកនូវបទពិសោធថ្មីដល់អតិថិជនរបស់ទូរស័ព្ទ Galaxy ជាមួយនឹងការលេងហ្គេមយ៉ាងរលូន។ បទពិសោធនេះនឹងបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់សាមសុងក្នុងការផ្តល់នូវផលិតផលដែលមានគុណខ្ពស់ទាំងផ្នែកល្បឿន អេក្រង់ និងកម្លាំងថ្ម»។

«ជាមួយនឹងការតាំងចិត្តក្នុងការផ្តល់ជូននូវគុណសម្បត្តិល្អឥតខ្ចោះដល់អតិថិជនរបស់យើង Samsung Galaxy A serie បាននាំមកនូវផលិតផលថ្មីដែលផ្តល់នូវលក្ខខណ្ឌល្អបំផុត សម្រាប់ការកម្សាន្តដូចជា Chipset មានល្បឿនលឿន អេក្រង់ភ្លឺច្បាស់ជាមួយនឹង Refreshing Rate រហូតដល់ ១២0 Hz ថ្មធំដែលអាចលេងហ្គេមបានយ៉ាងសេរី និងរីករាយ»៕

Share.