ត្រីបបែលយក្សទឹកសាប ទម្ងន់ ៣០០គីឡូក្រាម ត្រូវបានអ្នកនេសាទ នៅប្រទេសកម្ពុជា ចាប់បានដោយសន្ទូច នៅតំបន់ជនបទនៃទន្លេមេគង្គ។ វាត្រូវបានអ្នកនេសាទម្នាក់ ចាប់បាននៅភាគខាងត្បូងក្រុងស្ទឹងត្រែង ក្នុងទន្លេមេគង្គ ដែលលាតសន្ធឹង និងហូរ ឆ្លងកាត់ភាគខាងជើងប្រទេសកម្ពុជា។ ក្រោយមកអ្នកនេសាទនោះ បាន ទាក់ទងក្រុម ការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ហើយក៏បានបង្កើតជា ចលនា នៃការព្យាយាម បំពាក់ឧបករណ៍ទទួលសញ្ញាសូរស័ព្ទជាលើកដំបូង លើត្រីបបែល យក្សទឹកសាបនេះ។

នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។

កាលពីក្នុងខែកន្លងទៅ ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រួមជាមួយនឹង FISHBIO ក្រុមអេកូយុវទូត រដ្ឋបាលជលផលកម្ពុជា និងក្រុមការងារផ្សេងទៀត បាន ដាក់ពង្រាយបណ្តាញឧបករណ៍ទទួលសូរស័ព្ទ នៅក្នុងអាងទន្លេមេគង្គកម្ពុជា។

ប្រភពពីក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ទំហំដ៏គួរឲ្យភ្ញាក់ផ្អើលនៃត្រីជិតផុតពូជដែលទម្ងន់ របស់វា ត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ធ្ងន់ជាង២ដង នៃទម្ងន់ជាមធ្យមរបស់សត្វស្វា គ្រោងដែលរស់នៅតំបន់ទំនាបទៅទៀត ហើយទំហំនេះជាងត្រីរាជ ទម្ងន់ ២៩៣ គីឡូក្រាម ដែលត្រូវចាប់បាននៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០០៥ ដែលបានកាន់កាប់ កំណត់ត្រាពីអតីតកាល ជាត្រីទឹកសាបដ៏ធំបំផុតនៅលើផែនដី។

ត្រីបបែលយក្ស ដែលបំបែកកំណត់ត្រានេះ មានប្រវែងជាង ជិត៤ម៉ែត្រ គឺវាស់ចាប់ពី ចុងច្រមុះដល់កន្ទុយ។

នេះជាលើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រីបបែលយក្សដ៏ធំនេះ ត្រូវបាន បំពាក់ឧបករណ៍ផ្តល់សញ្ញា acoustic tag ដែលជាបច្ចេកវិទ្យា អាចឲ្យជីវវិទូស្វែងយល់ បន្ថែមទៀត អំពីអាកប្បកិរិយាដ៏អាថ៌កំបាំងរបស់សត្វមានជីវិត ដែលយើងកម្របាន ជួបប្រទះមួយនេះ។

លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ នៅសកលវិទ្យាល័យ ណេវ៉ាដា នៃទីក្រុង រីណូ និងជាថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ត្រូវបានស្រង់សម្តីមក ថា ការរកឃើញត្រីបបែលយក្សនេះ គឺជាភស្តុតាងដែលបង្ហាញថាពិភពធម្មជាតិនៅតែ អាចផ្តល់នូវរបកគំហើញថ្មី និងអស្ចារ្យ ហើយប្រភេទសត្វក្នុងទឹកដ៏ធំបំផុតជាច្រើន នៅតែមិនទាន់ត្រូវបានសិក្សាស្វែងយល់គ្រប់គ្រាន់នៅឡើយ។

ដោយសហការជាមួយរដ្ឋបាលជលផលកម្ពុជា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន បង្កើតបណ្តាញអ្នកនេសាទដែលយល់ព្រមរាយការណ៍ អំពីការចាប់បានប្រភេទត្រីយក្ស និងជិតផុតពូជ រួមមានទាំងត្រីបបែលយក្សផងដែរ។

ត្រីបបែលត្រីនេះ ត្រូវបានបំពាក់ឧបករណ៍ acoustic ដើម្បីតាមដានការធ្វើចរាចរផ្លាស់ទី របស់វា មុនពេលលែងត្រឡប់ចូលទៅទន្លេវិញ ដោយសុវត្ថិភាព។ តាមការអង្កេត ត្រីបបែលយក្សនេះ ហាក់ដូចជារឹងមាំ និងមានសុខភាពល្អ ព្រោះវាបានហែលចុះ យ៉ាងលឿនទៅក្នុងទឹកល្អក់ ដ៏ជ្រៅនៅក្នុងទន្លេមេគង្គ។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មន្ត្រីជលផលកម្ពុជា និងសមាជិកសហគមន៍ បានដាក់ ឈ្មោះត្រីបបែលយក្សនោះថា៖ «បូណ៌មី» ដែលមានន័យជាភាសាខ្មែរ «ព្រះច័ន្ទពេញវង់» ដោយសារតែត្រីបបែលយក្សដែលមានរាងមូលនេះ ត្រូវបានលែងចំថ្ងៃពេញបូណ៌មី ១៥កើត ដោយមានព្រះច័ន្ទបញ្ចាំងពន្លឺនាជើងមេឃ៕

Share.