លោក Mohammad Barkindo អ្នកនយោបាយនីហ្សេរីយ៉ា និង ជាអគ្គលេខាធិការនៃក្រុមប្រទេសនាំចេញប្រេង OPEC បានទទួលមរណភាពក្នុងវ័យ ៦៣ឆ្នាំ ប៉ុន្មានថ្ងៃមុនពេលគាត់ត្រូវបានកំណត់ឲ្យបញ្ចប់អាណត្តិនៅអង្គការមួយនេះ។

ប្រធានសាជីវកម្មប្រេងជាតិរបស់នីហ្សេរីយ៉ា លោក Mele Kyari បានប្រកាសពីការស្លាប់របស់លោក Mohammaed Barkindo នៅក្នុងបណ្ដាញសង្គម Twitter នាព្រឹកថ្ងៃ ពុធ ទី ០៦ ខែ កក្កដា នេះ។

លោកបានបង្ហោះថា «យើងបានបាត់បង់លោកបណ្ឌិត Muhammad Barkindo ជាទីគោរពរបស់យើង។ លោក បានទទួលមរណភាពនៅម៉ោងប្រហែល ១១យប់ ថ្ងៃទី ០៥​ ខែ កក្កដា ឆ្នាំ២០២២ (ម៉ោងក្នុងស្រុក) នេះជាការបាត់បង់ដ៏ធំធេងចំពោះយើង និង ក្រុមគ្រួសាររបស់លោក។ ចំណែកមូលហេតុនៃការស្លាប់របស់លោកមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនោះទេ»។

លោក Barkindo បានកើតនៅឆ្នាំ ១៩៥៩ ក្នុងប្រទេសនីហ្សេរីយ៉ា និង ទទួលមរណភាពក្នុងវ័យ ៦៣ឆ្នាំ ដោយមរណភាពរបស់លោក Barkindo បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមាជិកភាពនៃអង្គការ OPEC។

លោក Barkindo បានបម្រើការជាអគ្គលេខាធិការ OPEC ចាប់តាំងពីខែសីហា ឆ្នាំ ២០១៦ មក ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់អាណត្តិរបស់លោកជាអគ្គលេខាធិការ OPEC នៅថ្ងៃទី ៣១ ខែកក្កដា៕

ប្រភព៖ CNBC

Share.