ភ្នំពេញ៖ ឯកឧត្តម និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ និងឯកឧត្តម ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង បានបើកសវនាការលើបណ្ដឹងប្តឹងសុំនៅក្រៅឃុំរបស់លោក ទេព ហ៊ុយ អតីតមេបញ្ជាការប៉េអឹមក្រុងក្រចេះ សវនាការនេះអវត្តមានជនជាប់ចោទគ្នាដីកាវិល តែមានមេធាវីការពារ ហើយលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ ដើម្បីប្រកាសសាលដីកា ។

ជនជាប់ចោទឈ្មោះ ទេព ហ៊ុយ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរអតីតមេបញ្ជាការប៉េអឹមក្រុងក្រចេះ ជាប់ចោទពីបទ ទារុណកម្ម និងអំពើហិង្សាឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបទគម្រាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាង លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ចំណុចផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០២១ តាមមាត្រា២១១, ២១៩ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះកាលពីថ្ងៃទី០១វិច្ឆិកាបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នអតីតមេបញ្ជាការប៉េអឹមក្រុងក្រចេះ ករណីហិង្សាលើក្មេងស្រី២នាក់ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួនធ្វើឱ្យឆ្កែរបស់ខ្លួនងាប់ ៕

Share.