ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ សីហា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង បានបញ្ជាឲ្យដកវិធានការប្រឆាំងការរីករាលជាអតិបរមារបស់ខ្លួនដែលបានដាក់កាលពីខែ ឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ សីហា ឆ្នាំ ២០២២នេះ។
ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីចំនួននៃការឆ្លងពិតប្រាកដនោះទេ ប៉ុន្ដែចាប់តាំងពីថ្ងៃទី ២៩ ខែ កក្កដា មក រដ្ឋមួយនេះមិនបានរាយការណ៍ពីករណីសង្ស័យថ្មី ជាមួយនឹងអ្វីដែលអង្គការជំនួយអន្តរជាតិនិយាយថា សមត្ថភាពធ្វើតេស្ដនៅមានកម្រិត។
![](https://cdn.troryorng.com/wp-content/uploads/2022/08/28082251/031a0000-0aff-0242-a7b8-08da3473a9ea_cx0_cy7_cw0_w408_r1_s.webp)
KCNA បានរាយការណ៍ថា អត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើងមានចំនួន ៧៤នាក់ ដែលជាអព្ភូតហេតុមិនធ្លាប់មានពីមុនមក បើប្រៀបធៀបនឹងប្រទេសដទៃទៀត។ ខណៈអ្នកជំនាញបាននិយាយថា តួលេខអ្នកឆ្លង និង អ្នកស្លាប់របស់កូរ៉េខាងជើងទំនងជាមិនបង្ហាញជាផ្លូវការនោះទេ។
ការប្រកាសជ័យជន្នះរបស់កូរ៉េខាងជើងកើតឡើង បើទោះបីជាប្រទេសនេះមិនទាន់ត្រូវបានគេដឹងថា មានកម្មវិធីវ៉ាក់សាំងក៏ដោយ។ ផ្ទុយទៅវិញ ប្រទេសនេះនិយាយថា ខ្លួនពឹងផ្អែកលើការបិទខ្ទប់ ការព្យាបាលឱសថក្នុងស្រុក និងអ្វីដែលលោក គីម ហៅថា «ប្រព័ន្ធសង្គមនិយមបែបកូរ៉េដែលមានអត្ថប្រយោជន៍»។
![](https://cdn.troryorng.com/wp-content/uploads/2022/08/28082250/031a0000-0aff-0242-0378-08da39378d34_cx0_cy3_cw0_w408_r1_s.webp)
លោក គីម បានបញ្ជាឲ្យដកវិធានការប្រឆាំងនឹងការរាតត្បាតជាអតិបរមា ប៉ុន្ដែបាននិយាយថា កូរ៉េខាងជើងត្រូវរក្សា របាំងដែកប្រឆាំងការរាតត្បាតដ៏រឹងមាំ និង ពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។
ប៉ុន្តែសារព័ត៌មានក្នុងស្រុក KCNA បានរាយការណ៍ថា ប្អូនស្រីរបស់លោក គីម គឺ អ្នកស្រី គីម យូជុង បាននិយាយថា មេដឹកនាំកូរ៉េខាងជើងមានចេញរោគសញ្ញាគ្រុនក្ដៅ ហើយបានស្ដីបន្ទោសខិត្តប័ណ្ណមកពីប្រទេសកូរ៉េខាងត្បូងដែលបណ្ដាលឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួនផងដែរ៕
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)