ពានរង្វាន់បាល់ទះផ្នែកបុរស៤នាក់ទល់៤ Ganzberg Special Volleyball League 2022 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅចុងសប្ដាហ៍នេះ ពោលគឺនៅរសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ នេះលើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ មានផ្សាយផ្ទាល់ដោយសារព័ត៌មានត្រយង និង PNN ទាំង២គូផងដែរ។
សម្រាប់លទ្ធផលនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– គូទី១៖ សមាគមកីឡាបាល់ទះវិសាខា ឈ្នះ PS CONCRETE ២-០ (២៥-១៨,២៥-២៣)
– គូទី២៖ ក្រសួងមហាផ្ទៃ ឈ្នះ រដ្ឋបាលរាជធានីភ្នំពេញ ២-១ (២៥-១២,២១-២៥,១៥-១២)
ចំណែកកម្មវិធីប្រកួតចំណាត់ថ្នាក់លេខ៣៖
– PS CONCRETE vs រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ២:២០រសៀល
វគ្គផ្តាច់ព្រ័ត្រ៖
– សមាគមបាល់ទះវិសាខា vs ក្រសួងមហាផ្ទៃ វេលាម៉ោង ៣:៣០រសៀល

លោក តែន ឡន ប្រធានផែនអនុគណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍ប្រកួតនេះបានលើកឡើងថាសមាជិកទាំង១៣ក្រុម ត្រូវប្រកួតគ្នាវិលជុំ១ជើង ដោយចប់ការប្រកួតវិលជុំ ក្រុមចំណាត់ថ្នាក់ល្អជាងគេពីលេខ១ដល់លេខ៤ ត្រូវប្រកួតខ្វែងគ្នា ក្នុងនោះក្រុមលេខ១ ត្រូចជួបក្រុមលេខ៤ ហើយក្រុមលេខ២ជួបក្រុមលេខ៣ ដើម្បីដណ្តើមកៅអីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតលក្ខណៈ៤ទល់៤ ក្នុងលក្ខណៈលីគដំបូងគេបែបនេះ មាន១សិតចំនួន២៥ពិន្ទុ ហើយគូភាគីណារកបាន២សិតមុនជាអ្នកឈ្នះ ប៉ុន្មានបើប្រកួតទៅឈ្នះម្នាក់១សិត នោះនឹងប្រកួតសិតទី៣ ដើម្បីកាត់សេចក្ដី។

ពានរង្វាន់ Ganzberg Special Volleyball League 2022 រៀបចំប្រកួតរាល់ថ្ងៃសុក្រ និងសៅរ៍ រាល់សប្ដាហ៍នីមួយៗ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ ខណៈក្រុមចូលរួមទាំង១៣មាន៖១.កងពលតូចអន្តរាគមន៍លេខ៩ ២.ក្រុមបាល់ទះ Vong Plus ៣.ក្លិបបាល់ទះយុវជនស្រុកល្វាឯម ៤.សមាគមកីឡាបាល់ទះវិសាខា ៥.ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ៦.ក្រុមកីឡាបាល់ទះ Sport KPC ៧.ស្នងការនគរបាលខេត្តព្រៃវែង ៨.កងពលធំអន្តរាគមន៍លេខ៣ ៩.ស្នងការដ្ឋាននគរបាលខេត្តតាកែវ ១០.នាយកដ្ឋានលិខិតឆ្លងដែន ១១.ក្រសួងមហាផ្ទៃ ១២.រដ្ឋបាលរាជធានីភ្នំពេញ និង១២ ក្រុមបាល់ទះ P.S Concrete។
ក្រុមជើងឯកពានរង្វាន់ Ganzberg Special Volleyball League 2022 នឹងទទួលបានពាន១ មេដាយមាសម្នាក់១ និងថវិការ២០លានរៀល ហើយក្រុមជើងឯករង ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា៨លានរៀល ក្រុមចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធម្នាក់១ អមដោយថវិកា៤លានរៀល។ ចំណែកពានឯកត្តជនជូនដល់កីឡាករឆ្នើម,កីឡាករវាលវាយប្រយុទ្ធល្អជាងគេ, កីឡាករលើកបាល់បានល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ និងក្រុមដែលប្រកួតយុត្តិធម៌ល្អជាងគេ អមដោយពានតូចម្នាក់១និងថវិកា៨សែនរៀល៕


