ប៉ូលីសកូរ៉េខាងត្បូងបាននិយាយថា ពួកគេបានចាប់ខ្លួនស្រ្តីជនជាតិនូវែលសេឡង់ម្នាក់ នាថ្ងៃ ព្រហស្បតិ៍ នេះ ដោយគេជឿថា នាងគឺជាម្ដាយរបស់ក្មេង ២នាក់ ដែលត្រូវបានសម្លាប់ហើយដាក់ចូលក្នុងវ៉ាលី នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែ មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២។

ទីភ្នាក់ងារប៉ូលីសជាតិកូរ៉េបាននិយាយថា ស្រ្តីរូបនេះមានអាយុ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីក្រុង Ulsan ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីភ្នាក់ងារប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ ចេញសេចក្ដីជូនដំណឹងពណ៌ក្រហម។ នាងត្រូវបានរកឃើញថា បានមកដល់ទឹកដីរបស់កូរ៉េខាងត្បូង បន្ទាប់ពីបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានលាក់ខ្លួនតាំងពីពេលនោះមក។ ប៉ូលីសបានបន្ដថា ឃាតកនេះ គឺជាជនជាតិកូរ៉េសញ្ជាត្តិនូវែលសេឡង់ ហើយនាងត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាត។

ប៉ុន្ដែទោះជាយ៉ាងណា ស្រ្តីរូបនោះនៅតែអះអាងដដែលៗថា «ខ្ញុំមិនបានធ្វើទេ» ខណៈដែលនាងត្រូវបានគេនាំចូលក្នុងរថយន្ដរបស់ប៉ូលីសដើម្បីសួរនាំបន្ដ។

អាជ្ញាធរបាននិយាយថា ស្រ្តីរូបនេះត្រូវបានគេសង្ស័យថា បានភៀសខ្លួនទៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានសម្លាប់កូនខ្លួនឯងចំនួន ២នាក់ ម្នាក់មានអាយុ ៧ឆ្នាំ និង ម្នាក់ទៀតមានអាយុ ១០ឆ្នាំ នៅរដ្ឋ Auckland នៃប្រទេស នូវែលសេឡង់៕

ប្រភព៖ CNA

Share.