
ខ្សែការពារជនជាតិជប៉ុន Ose Takaki សមាជិករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបានថ្លែងលើគណនីផេកហ្វេសបុកដូច្នេះថា៖«ខ្ញុំសង្ឃឹមថាជប៉ុន-កម្ពុជា នឹងបន្តមិត្តភាព និងទំនាក់ទំនងល្អជាបន្ត»។
ខ្សែការពារវ័យ២៦ឆ្នាំរូបនេះក៏ធ្លាប់លើកឡើងជុំវិញបរិយាកាសជាមួយក្លិបភ្នំពេញក្រោន៖«រយៈពេល ២ឆ្នាំហើយចាប់តាំងពីខ្ញុំបានចូលរួមជាមួយក្រុមនេះ ហើយខ្ញុំមានពេលវេលាដ៏រីករាយ។ ប្រធានក្លិប ថ្នាក់ដឹកនាំគ្រូបង្វឹក និងបុគ្គលិកផ្សេងទៀតក៏មានមោទកភាពផងដែរ។ ខ្ញុំមានបទពិសោធន៍ច្រើនជាមួយក្រុមនេះ»។

Takaki Ose គឺជាកីឡាករបរទេសទី៣ បន្ទាប់ពីខ្សែបម្រើសញ្ជាតិជប៉ុន Yudai Ogawa និងខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto ដែលក្លិបភ្នំពេញក្រោនបន្តកុងត្រាថ្មីជូន ក្រោយរួមចំណែកជួយឲ្យក្លិបឈ្នះពានលីគកំពូលឆ្នាំ២០២១។
មុនមកដល់កម្ពុជា Takaki Ose ធ្លាប់លេងឲ្យក្លិប Pieta Hotspurs FC លីគកំពូលរបស់ប្រទេសប្រទេសម៉ាល់តា ក្នុងឆ្នាំ២០១៨ បន្ទាប់មកបានផ្លាស់ទៅលេងជាមួយក្លិប Ahli Sidab Club នៃលីគទី២ របស់ប្រទេសអូម៉ង់ នៅឆ្នាំ២០១៩ នឹងបន្តផ្ទេរទៅក្លិបអង្គរថាយហ្គឺរ ក្នុងឆ្នាំដដែល លុះចុងឆ្នាំ២០២០ គាត់បានចូលរួមជាភ្នំពេញក្រោន៕


