សិល្បៈអន្តរជាតិ៖ តារាសម្ដែងហុងកុង Carman Lee បច្ចុប្បន្នវ័យ ៥៦ឆ្នាំ គឺជាតួអង្គ សៀវ ឡុងនី ដ៏ល្បីល្បាញកាលពីឆ្នាំ១៩៩៥ ក្នុងភាពយន្តភាគបុរាណចិន «The Return Of The Condor Heroes»។ រយៈពេល២៧ឆ្នាំក្រោយ តារាស្រីរូបនេះនៅតែទទួលបានការកោតសរសើរលើរូបសម្រស់ថានៅតែក្មេងមិនចាស់ នៅពេលត្រលប់មកគ្រងឈុតនិងតុបតែងខ្លួនជាតួអង្គ សៀវ ឡុងនី ឡើងវិញ។
ប្រសិនបើអ្នកនៅមានការសង្ស័យថាតារាសម្ដែងស្រី Carman Lee គឺជាមនុស្សម្នាក់ស័ក្ដិសមបំផុតនឹងសម្ដែងតួអង្គជា សៀវ ឡុងនី ឬហៅថាកូននាគតូច បើប្រៀបនឹងតារាសម្ដែងផ្សេងៗដែលធ្លាប់សម្ដែងជាតួអង្គនេះ អ្នកទាំងអស់គ្នាអាចមើលរូបភាពទាំងអស់ដែលអ្នកស្រីបានបង្ហោះ។
តារាសម្ដែងស្រីវ័យ ៥៦ឆ្នាំរូបនេះគឺជាតួអង្គ Xiao Long Nu ឆ្នាំ១៩៩៥ របស់ទូរទស្សន៍ TVB ដែលបានថតភាពយន្តប្រលោមលោកបុរាណរបស់ Jing Yong’s Wuxia មកផលិតជាភាពយន្តភាគទូរទស្សន៍រឿង «The Return Of the Condor Heroes»។ តារាស្រីរូបនេះអាចទទួលបានឱកាសសម្ដែងជាតួអង្គមេបក្សផ្នូរបុរាណក៏ដោយសារតែអ្នកនិពន្ធខ្លួនឯងនោះ និយាយថាតារាស្រីរូបនេះ គឺជាតារាស្រីតែម្នាក់ដែលលោកស្រមៃនឹកដល់មុខ សៀវ ឡុងនី នៅក្នុងជីវិត។
អ្នកគាំទ្រនិងសាធារណជន យល់ស្របដូចៗគ្នាថា Carman គឺជាតួអង្គសៀវឡុងនី ដែលស្រស់ស្អាតជាគេបំផុត។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា Carman បានបង្ហោះចែកចាយរូបរបស់ខ្លួនតុបតែងជាតួអង្គ សៀវ ឡុងនី ម្ដងទៀត ក្រោយសម្ដែងរឿងនេះកាលពី២៧ឆ្នាំមុន។ អ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងដែលរូបរាង និង សម្រស់របស់តារាស្រីរូបនេះ ស្ទើរតែគ្មានអ្វីប្រែប្រួលសោះ ទោះជាពេលវេលាកន្លងមកជិត៣០ឆ្នាំក្ដី។
ហ្វេនមានការភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំង ចំពោះ Carman Lee អតីតតួអង្គសៀវ ឡុងនី ដែលបានថត និងកាច់ក្បាច់គេងលើខ្សែពួរ ដែលជាឈុតឆាកមួយនៅក្នុងរឿងសៀវ ឡុងនី។ តួអង្គ សៀវ ឡុងនី ក៏បានសរសេរសំណេរភ្ជាប់នឹងរូបថតនោះដែរថា ៖ «ថ្មីៗនេះមិត្តភក្ដិជាច្រើនបានផ្ញើសារមកខ្ញុំ។ ខ្ញុំបានរៀនធ្វើបែបនេះដោយមិនចាំបាច់ប្រើខ្សែពួរ ហើយបើខ្ញុំមិនតុបតែងខ្លួនជា សៀវ ឡុងនី គឺជារឿងគួរឱ្យសោកស្ដាយ»។
ប្រភព៖ 8days





