សិល្បៈជាតិ៖ ក្រោយឃើញមានសន្ទុះគាំទ្រនិងចាប់អារម្មណ៍ចំពោះព្រះបុត្រាប្រ៊ុយណេ Abdul Mateen ច្រើនភ្លូកទឹកភ្លូកដី តារាចម្រៀង Origianal បេះដូងសប្បុរសបានព្រលយសម្ដីថាខ្លួនចង់បបួលព្រះបុត្រាមករត់ជាមួយគ្នា។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលមានប្រទេសកម្ពុជាជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះ ក្រៅពីផ្ដោតជាសំខាន់ចំពោះកិច្ចប្រជុំកំពូលដ៏ធំប្រចាំឆ្នាំ ក្រោយបញ្ហាកូវីដមានការធូរស្រាលហើយនោះ ភ្ញៀវពីបណ្ដាប្រទេសជាសមាជិកនិងដៃគូក៏ជាអ្វីដែលប្រជាពលរដ្ឋផ្ដោតការចាប់អារម្មណ៍ជាពិសេសដែរ ហើយក្នុងចំណោមនោះក៏មានព្រះបុត្រា Abdul Mateen (អាប់ឌុល ម៉ាទីន) ដែលអមដំណើរព្រះបិតាមកចូលរួមកិច្ចប្រជុំនាគ្រានេះដែរ។
បន្ទាប់ពីរូបភាពដ៏សង្ហាចុះពីយន្តហោះជាមួយនឹងព្រះបិតាហើយនោះ រូបភាពរត់ហាត់ប្រាណរបស់ព្រះបុត្រានៅក្នុងបរិវេណសណ្ឋាគារដែលជាទីសំណាក់របស់ទ្រង់ក៏ក្លាយជារូបភាព Viral មានការចែករំលែកច្រើននៅលើបណ្ដាញសង្គមផងដែរ។
យ៉ាងណាមិញ សាយ តារាចម្រៀង Original ដែលមានភាពល្បីល្បាញខ្លាំងលើការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ពិសេស Project #RUNWITHSAI កម្មវិធីរត់ដើម្បីប្រមូលថវិកាបរិច្ចាគជួយមន្ទីរពេទ្យកុមារអង្គរបស់លោក បានបង្ហាញការចាប់អារម្មណ៍ចំពោះព្រះបុត្រាប្រ៊ុយណេខ្លាំងដូចគ្នា ដោយផេកផ្លូវការរបស់តារារូបនេះបានបង្ហោះសំណេរថា៖ ចង់តែយាងព្រះបុត្រាមករត់នៅក្នុងកម្មវិធី #RUNWITHSAI ទេ ដឹងតែបានការបរិច្ចាគច្រើនតែម្ដង។
ការលើកឡើងខ្លីរបស់ សាយ បានក្លាយជាសំណើចប្រចាំរាត្រី និងមានការជជែកវែកញែកគ្នាយ៉ាងគគ្រឹកគគ្រេង ដោយភាគច្រើនបានបង្ហាញពីការគាំទ្រចំពោះការលើកឡើងនេះ ហើយគ្រប់គ្នារំពឹងថាអនាគតអាចនឹងកើតឡើង ព្រោះគេសង្កេតឃើញថាព្រះបុត្រា Abdul Mateen ក៏មានព្រះទ័យចូលចិត្តកិច្ចការងារសង្គម ពិសេសការរត់នេះគឺជាទម្លាប់របស់ទ្រង់ផងដែរ៕