រឿងរ៉ាវដ៏ខ្មៅងងឹតនៅពីក្រោយភាពស្រស់ស្អាតនិងឆើតឆាយរបស់តារាចម្រៀង Kpop នៅក្នុងឧស្សាហ៍កម្មចម្រៀងដែលបានទម្លាយចេញមកខាងក្រៅដោយអតីតតារាចម្រៀងមួយរូបរបស់ផលិតកម្មយក្ស «SM Entertainment» ធ្វើឱ្យហ្វេនដែលបានស្ដាប់ឮមានអារម្មណ៍សោកសៅនិងរន្ធត់ចិត្ត។
នេះគឺជារឿងពិតមួយដែលមិនអាចប្រកែកបានថានៅក្នុងឧស្សាហ៍សិល្បៈកូរ៉េគឺជាសង្គ្រាមដ៏តានតឹងមួយ ព្រោះអ្នកឈ្នះមានកេរ្តិ៍ឈ្មោះ បានរះជាដួងតារាចិញ្ចែងចិញ្ចាចលើមេឃាសិល្បៈខណៈអ្នកចាញ់នឹងជួបរឿងជូរចត់បាត់បង់អស់ថាមពលជាពិសេសបាត់បង់យុវភាព សតិស្មារតី សេចក្ដីសង្ឃឹម និងសូម្បីតែប្រាក់ក្នុងហោប៉ៅ។
មានតារាដូចគ្នាប៉ុណ្ណឹងទើបដឹងថារឿងពិតគឺបែបណាចំណែកអ្នកគាំទ្របានត្រឹមតែមើលឃើញពីភាពហ៊ឺហារនៅខាងក្រៅ តែខាងក្នុងគឺជាការប្រកួតប្រជែងសាច់ស្រស់ឈាមស្រស់និងទឹកភ្នែក។ រឿងរ៉ាវដ៏ខ្មៅងងឹតនេះត្រូវបានចែករំលែកដោយ Amber Liu អតីតសមាជិកក្រុម F(X) ក្រុមចម្រៀងមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មយក្សមួយរបស់កូរ៉េ SM។
រឿងដែល Amber យកមកចែករំលែកនៅក្នុងកម្មវិធី This Morning បានធ្វើឱ្យហ្វេនមានការតក់ស្លុតនិងរន្ធត់ចិត្តជាខ្លាំង ដោយ Amber បាននិយាយថាខ្លួនបានចូលប្រឡូកតាំងតែពីអាយុ១៨ឆ្នាំ កាលណោះព្រោះតែនៅក្មេងពេក អ្វីៗក៏គោរពតាមក្រុមហ៊ុនដោយគ្មានសំនួរឬសំណូមពរអ្វីទាំងអស់ គេឱ្យធ្វើអីក៏ធ្វើ គេឱ្យនិយាយអ្វីក៏និយាយ គេឱ្យគិតអ្វីក៏គិត មិនថាសំលៀកបំពាក់និងការយល់ឃើញសុទ្ធតែទៅតាមការរៀបចំរបស់ក្រុមហ៊ុន។
កាលពីដើម Amber មានសំបុរស្រគាំ ប៉ុន្តែដោយសារតែសំបុរសទើបពេញនិយមនាងត្រូវព្យាយាមធ្វើឱ្យស្បែកសនិងភ្លឺថ្លាដើម្បីអាចប្រឡូកចូលសិល្បៈ ដូច្នេះ Amber ព្យាយាមលួងលោមខ្លួនឯងថានេះគឺជាអ្វីដែលតារាចម្រៀងកូរ៉េត្រូវតែមាន។ តើតម្លៃនៃការចាប់យកអាជីពជាតារា Kpop ដើរតាមក្ដីសុបិននិងមហិច្ឆិតាចង់ក្លាយជាតារា ត្រូវតែយកខ្លួនទៅប្ដូរជាមួយនឹងរឿងទាំងអស់នេះមែនទេ?
Amber ថែមទាំងនិយាយទៀតថា នាងមានការពិបាកក្នុងការញ៉ាំព្រោះតែបង្ខំខ្លួនឱ្យស្រកទម្ងន់ទៅតាមការតបអាហារដ៏មហាតឹងរ៉ឹងដើម្បីឱ្យរូបរាងពេលចេញទៅទីសាធារណៈមើលទៅស្អាតគ្មានទាស់ ទាំងដែលដឹងថាការធ្វើបែបនេះបំផ្លាញរាងកាយខ្លួនឯងក្ដី។
នាងបន្តថានាងមិនអាចធ្វើអ្វីបានទេព្រោះជាធម្មតា Idols គឺជាមនុស្សរបស់សាធារណៈជន ដូច្នេះពួកគេមិនអាចរស់នៅជាខ្លួនឯងបាននោះទេ។
មានរឿងអស់សំណើចរវាងតារាចម្រៀងប្រុសនិងតារាចម្រៀងស្រីនៅក្នុងឧស្សាហ៍ Kpop ៖ «សម្រាប់នារីត្រូវតែទាមទារឱ្យបាននូវប្រជាប្រិយភាពពីសាធារណៈជន ចំណែកបុរសវិញត្រូវតែមានហ្វេនក្លិបឱ្យច្រើន»។ ទោះជាបុរសក៏មានច្បាប់ច្រើនដែលត្រូវអនុវត្តតាម ផលិតកម្ម តែនៅតិចជាងផ្នែកនារី យ៉ាងហោចមិនបាច់បារម្ភលើបញ្ហាគីឡូខ្លាំងដូចខាងផ្នែកនារី។ ដូចជាពាក្យសន្ទនាមួយចំនួន «ថ្ងៃនេះអត់ទាន់ញ៉ាំអីទេមែនទេ? អត់ទេ ខ្ញុំក៏អត់បានញ៉ាំអីដែរ» ឬជួនកាល «ខ្ញុំនឹងសាកល្បងសម្រកគីឡូតាមវិធីនេះ» ឬក៏«ពួកយើងមិនអាចញ៉ាំបានទេ»។ ពាក្យដែល Amber រៀបរាប់ថាតារាស្រីៗត្រូវតែស្គម រូបរាងស្អាតដើម្បីឱ្យមហាជនស្គាល់ ចាប់អារម្មណ៍និងស្រលាញ់ បានធ្វើឱ្យអ្នកបានស្ដាប់និងដឹងរឿងនេះមានការស្រណោះអាណិតយ៉ាងខ្លាំង។
បានក្លាយជាតារាកូរ៉េគឺជារឿងមួយដ៏ស្រស់ស្អាតក្នុងជីវិត គឺជាគោលដៅមួយដែលយុវវ័យភាគច្រើនចង់សម្រេចឱ្យបាន។ Amber បន្ថែមទៀតថាជួនកាលមានសំនួរថា តើសក់របស់នាងស្អាតឬនៅ? មុខប៉ុណ្ណឹងបានទេ? ស្លៀកពាក់សមសួនល្អហើយឬនៅ? សូម្បីតែរឿងកែសម្ផស្ស វះកាត់ គឺជារឿងសាមញ្ញា និងសំខាន់បំផុតហើយក៏ជាវិធីសាស្ត្រមួយសំខាន់បំផុតដើម្បីកុំឱ្យចេញគេនិងត្រូវបានគេគ្របពីលើព្រោះនៅកណ្ដាលពិភព Kpop ប្រៀបដូចជាសួនច្បារដ៏ធំមានផ្កាច្រើនឱ្យគយគន់។ ជារួមដើម្បីភាពល្បីល្បាញនិងការកោតសរសើរ ត្រូវតែអត់ទ្រាំអារម្មណ៍ដែលអ្នកផ្សេងទៀតមិនអាចទ្រាំទ្របាន។
ការពិតនៅមានរឿងច្រើនទៀតនៅពីខាងក្រោយឧស្សាហ៍កម្មសិល្បៈតន្ត្រី Kpop ដែល Amber ឬតារាផ្សេងៗទៀតមិនបាននិយាយដល់ ប៉ុន្តែការសារភាពរបស់អតីតសមាជិក F(X) រូបនេះបានធ្វើឱ្យមនុស្សជាច្រើនបានយល់ថាអ្វីដែល Amber ត្រូវស៊ូទ្រាំដើម្បីបានក្លាយជាតារា Kpop Idols ដែលរះចិញ្ចែងចិញ្ចាញបាន៕
វីដេអូសម្ភាសន៍ Amber ជាភាសាអង់គ្លេសខាងក្រោមនេះ៖