សិល្បៈ​ជាតិ​៖ SEA GAMES​ 2023 បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ពី​ក្រសែ​ភ្នែក​​ពិភពលោក​ ក្រៅ​ពី​ការ​ប្រកួត​កីឡា​ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ហើយ​នោះ អ្នក​គាំទ្រ​​​វៀតណាម​ដ៏​ស្រស់​​សោភា​​មួយ​រូប​ និង​គណៈ​កម្មការ​​គុន​​ល្បុក្កតោ​ជនជាតិ​កូរ៉េ ​ក៏​ឆក់​បាន​ការ​ចាប់​អារម្មណ៍ពី​សាធារណជន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​​។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នេះ​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​អនឡាញ​?

មែនទែន​ទៅ​កម្ពុជា​បាន​រង់ចាំ​អស់​រយៈ​ពេល ​៦៤​ឆ្នាំ ទើប​អាច​ក្លាយ​ជា​ម្ចាស់​ផ្ទះរៀបចំ​ការ​ប្រកួត​ ​ដែល​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ប្រជាជាតិ​​កម្ពុជា​ទាំង​មូល​​។ យ៉ាងណា​មិញ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ​ ក្រៅ​ពី​ស្រូបទាញ​ទេស​ចរណ៍​ហើយ​នោះ ក៏​ជា​ចំណែក​មួយ​​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ​និង​អរិយធម៌​ដ៏​ផូរផង់​របស់​ជន​ជាតិ​កម្ពុជា​ ឱ្យ​មិត្ត​អាស៊ាន និង​មិត្ត​បរទេស​ផ្សេងទៀត​បាន​ស្គាល់​ពី​កម្ពុជា​កាន់​តែ​ស៊ីជម្រៅ​។

ងាក​មក​ព្រឹត្តិការណ៍​កីឡា​ឯណេះ​វិញ​ គ្រប់​វិញ្ញាសារ​ប្រកួត​រមែង​មាន​ការ​ចូលរួម​គាំទ្រ​ពី​អ្នក​គាំទ្រ​ពី​បណ្ដា​ប្រទេស​ដែល​មាន​អត្តពលិក​ខ្លួន​ចូលរួម​ប្រកួត​ ដោយ​ក្នុង​នោះ​អ្នក​គាំទ្រ​វៀតណាម​ដ៏​ស្រស់​ស្អាត​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ថត​យក​មកបង្ហោះ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ មាន​សន្ទុះ​​ពេញ​និយម​ច្រើន​ព្រោះ​តែ​រូប​សម្រស់​ដ៏​ស្អាត​និង​ទឹក​មុខ​ក្រមិចក្រមើម​របស់​នាង​។ យោង​តាម​ក្រុម​អ្នក​ស៊ើប​អង្កេត​អនឡាញ​របស់​យើង​បាន​រក​ឃើញ​ថា​ស្រី​ស្រស់​រូប​នេះ​ មិន​គ្រាន់​តែជា​អ្នក​គាំទ្រ​ធម្មតា​នោះ​ឡើយ​ ប៉ុន្តែ​នាង​​មាន​ឈ្មោះ​ថា​ Hoà Minzy ​មាន​វ័យ ​២៧​ឆ្នាំ​ គឺជា​តារា​ចម្រៀង​និង​សម្ដែង​អាជីព​របស់​វៀតណាម។ ស្រីស្រស់​រូប​នេះ​មាន​បទ​ពិសោធន៍​សិល្បៈ​ច្រើន​តាម​រយៈ​ការ​ចូលរួម​ប្រកួត​ប្រជែង​កម្ម​វិធី​សិល្បៈ​​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​ នាង​ត្រូវ​បាន​ប្រជាជន​វៀតណាម​ទទួល​ស្គាល់​ថា​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ដែល​មាន​​ទឹក​សំឡេង​ខ្លាំងល្អ​​។

https://www.tiktok.com/@seagame32.cambodia/video/7231919179077618952?_t=8cLtPcfP7ju&_r=1

ខណៈ​ដែល​បុគ្គល​ល្បី​ទីពីរ​គឺ​ជា​គណៈ​កម្មការ​កាត់​សេចក្ដី​ក្នុង​ប្រភេទ​កីឡា​គុនល្បុក្កតោ​របស់​ខ្មែរ ដែល​មាន​រូប​រាង​សង្ហា​មើល​តែ​តារា​រហូត​មាន​អ្នក​ចេញ​មក​ឆ្លើយ​តប​ពី​សវតា​របស់​​បុរស​រូប​​នេះ​ថា​ តាមពិត​ទៅ​លោក​គឺជា​តារា​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ឈ្មោះ​ពិត​ថា​ Lee Jiseok អ្នក​និយម​ទស្សនា​​រឿង​បែប​វាយ​​ប្រយុទ្ធ​គ្នា ​​អាច​នឹង​ស្គាល់​​លោក​តាម​រយៈ​​រឿង​ «អ្នក​ចម្បាំង​វ័យ​ក្មេង​» ឬ «Warrior Season1 និង​ Season2»។ បុរស​វ័យ​ក្មេង​រូប​នេះ​មិន​ត្រឹម​តែ​​ជា​តារា​សម្ដែង​បែប​វាយ​ប្រយុទ្ធ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ តែ​ការ​ដែល​លោក​​ទទួល​បាន​​តួនាទី​​ជា​គណៈ​កម្មការ​អន្តរជាតិ​កាត់​ក្ដី​​ក្នុង​​ប្រភេទ​កីឡា​គុន​ល្បុក្ក​តោ ព្រោះ​លោក​គឺជា​ គ្រូ​បង្វឹក​ម្នាក់ស្ថិត​ក្នុង​ក្រុម​គ្រូ​បង្វឹក​សម្ដែង​ក្បាច់​តេក្វាន់​ដូ​ពិភពលោក​ ជាប្រធាន​គ្រូ​បង្ហាត់​ក្បាច់​ការ​ពារ​​នៃ​កីឡា​តេក្វាន់ដូ និង​ជា​គ្រូ​បង្វឹក​ក្បាច់​គុន​ប្រយុទ្ធ​ដល់ក្រុម​ប្រតិបត្តិការ​ពិសេស​​​ផង​ដែរ​។

https://www.tiktok.com/@sivkim12345/video/7232064083581881601?_r=1&_t=8cLY9Gi2Z6H

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​កីឡាស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ បើ​សម្លឹង​លើ​ទស្សនៈ​វិជ្ជមាន​ដោយ​មិន​​ប្រើ​គំនិត​អគតិ​ណាមួយ​នោះ​ គេ​អាច​សម្គាល់​បាន​ថា​ ​​ប្រទេសកម្ពុជា​ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ពី​ភាព​ជា​ម្ចាស់​ផ្ទះ​​នៃ​ការ​​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​មួយ​នេះ​​ ព្រោះ​​មិន​ថា​បណ្ដាញ​សារព័ត៌មាន​ទូទាំង​សកល​លោក​​ដែល​មក​ចូលរួម​តាម​ដាន​ក្នុង​ព្រឹត្តិការណ៍​នេះ​ បាន​ចុះ​ផ្សាយ​​ចំណុច​និង​​រឿង​រ៉ាវ​ល្អៗយ៉ាង​ច្រើន​ពីប្រទេស​និង​ប្រជា​ជន​កម្ពុជាប៉ុណ្ណោះទេ​ សូម្បី​តែ​អ្នក​គាំទ្រ​កីឡាករ​បរទេស ​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​នូវ​សំឡេង​ដូច​គ្នា​ថា ​អ្វី​ដែល​ខ្លួន​បាន​ឮ​ពី​កម្ពុជា​ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ ប្រជាជន​កម្ពុជា​ មាន​ភាព​រួសរាយ​រាក់ទាក់​ មាន​ស្នាម​ញញឹម​ មាន​ទឹក​ចិត្ត​ល្អ​ ​ទទួល​ស្វាគមន៍​ពួក​ខ្លួន​ យ៉ាង​កក់​ក្ដៅ ដោយ​មិន​ប្រកាន់​ថា​ជា​ជាតិ​សាសន៍​ណា​នោះ​ឡើយ​៕​

Share.