ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​​ធ្វើ​ដំណើរ​មក​ដល់​​មាតុភូមិ​វិញ​ហើយ នៅ​ម៉ោង​១១:៤០នាទី​​យប់​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​ចប់​បេសកកម្ម​ក្នុង​​វគ្គ​ជម្រុះ​ជុំទី២​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ប្រចាំ​ទ្វីប​អាស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

អត្ថបទពាក់ព័ន្ធ៖គួច សុកុម្ភៈ ចាស់​ជាង​គេ​​ ឡេង ណូរ៉ា ក្មេង​​ជាង​គេ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​ត្រៀម​ World Cup

យ៉ាង​ណា​ក្តី​ដំណើរ​មក​ដល់​មាតុភូមិ​វិញ​ក្រុម​ការងារ​​គ្រូ​បង្វឹក​និង​កីឡាករ​ទាំង​ត្រូវ​ធ្វើ​ចត្តាឡីស័ក្ខ​រយៈពេល​១៤​ថ្ងៃ​សិន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ក្នុង​ខេត្ត​កំពង់ឆ្នាំង។ នេះបើ​តាម​ដំណឹង​ខ្សឹប​ប្រាប់​ក្រៅ​ផ្លូវការ។

មុន​កីឡាករ​ធ្វើដំណើរ​មក​ដល់​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​សម្រាប់​ធ្វើ​ចត្តាឡីស័ក​របស់​កីឡាករ​ និង​គណៈប្រតិភូ​ក្រុម​ជម្រើសជាតិ​កម្ពុជា រួច​រាល់​ផង​ដែរ។

​ចំពោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា វិញ​ឆ្លងកាត់​ការ​ធ្វើតេស្ត​សុខភាព​ទាំង​មុខ​ចូល​ដល់​ប្រទេស​​បារ៉ែន និង​ការ​ធ្វើតេស្ត​មុន​ការ​ប្រកួត​ទាំង​៣លើក គ្រប់​គ្នា​សុទ្ធ​តែ​មាន​សុខភាព​ល្អ​មិន​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩ នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖​ខ្មែរ​​ម្នាក់​​នៅ​ប្រទេស​បារ៉ែន ស្កាត់​ជួយ​​ចម្អិន​ម្ហូប​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​សល់​បេសកកម្ម​ប្រកួត​ក្នុង​ពានរង្វាន់ 2023 AFC Asian Cup ក្នុង​វគ្គ​ជម្រុះ​​ព្រម​ទាំង​ត្រូវ​ប្រកួត​ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន AFF Suzuki Cup នៅ​ចុង​ឆ្នាំ​២០២១ នេះ​ផង​ដែរ។ ចំណែក​លទ្ធផល​ក្នុង​វគ្គ​ជម្រុះ ពូល C ពានរង្វាន់​ 2022 FIFA World Cup Qatar ក្រុម​កម្ពុជា ប្រកួត​៨លើក ស្មើ​១លើក និង​ចាញ់​៧លើក​​ ព្រម​ទាំង​ទាត់​បញ្ជូល​ទី​គេ​បាន​២គ្រាប់ និង​របូត​វិញ​៤៤គ្រាប់។

ក្រោយ​បញ្ចប់​ការ​ធ្វើ​ចត្តឡីស័ក្ខ ១៤​ថ្ងៃ កីឡាករ​និង​ក្រុម​ការងារ​ទាំង​អស់​ត្រូវ​បែក​គ្នា​ត្រឡប់​ចូល​ក្លិប​រៀងៗខ្លួន​វិញ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League ឬ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឬ ពានរង្វាន់ AFC Cup 2021 ជាដើម៕

Telegram-Troryorng
Share.