កីឡាករ Charlie Machell បាន​ចាកចេញ​ពី​ក្លិប​វិសាខា របស់​កម្ពុជា កាល​ពី​ដើម​ខែ​ឧសភា កន្លង​ទៅ ខណៈ​ពេល​នេះ​​បាន​លេចលឺ​ថា​នឹង​ចូលរួម​ជាមួយ​ក្លិប Perak សមាជិក​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League ដើម្បី​ត្រៀម​ប្រកួត​ជើង​ទី២ រដូវកាល​ឆ្នាំ​២០២១ នេះ។

ក្លិប Perak នៅ​មិន​ទាន់​ប្រកាស​រឿង​នេះ​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​​សារព័ត៌មាន transfermarkt បាន​បញ្ជាក់​ពី​ការ​ចូលរួម​​របស់​កីឡាករ​អង់គ្លេស​រូប​នេះ តាំង​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២១ មក​ម៉្លេះ ក្នុង​បញ្ជី​កីឡាករ​បរទេស​ទាំង​៥​នាក់​ក្នុង​ក្រុម ចាស់​របស់ ធារី ចន្ថាប៊ីន បូក​ជារួម​ជាមួូយ​​កីឡាករ​បារាំង-កូឌីវ័រ Ghislain Guessan កីឡាករ​ហ្គាណា Nana Poku កីឡាករ​លីបង់-ប៊ុលហ្គារី Samir Ayass និង​កីឡាករ​ឥណ្ឌូណេស៊ី-កាម៉េរ៉ូនZoubairou Garba។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​អង់គ្លេស Charlie Machell ​និង​​ក្លិប​វិសាខា ប្រកាស​ចែក​ផ្លូវគ្នា​ទាំង​លីគ​កំពុង​សម្រាក

កីឡាករ Charlie Machell កាល​ពី​ពេល​ថ្មីៗ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​នឹង​ប្រកាស​ពី​ដំណឹង​​ល្អ​ក្នុង​ពេល​ឆាប់ៗ។

ចំពោះ​កីឡាករCharlie Machell វ័យ​២៦ឆ្នាំ ធ្លាប់​ជា​យុវជន​ថ្នាល​នៅ​ក្លិប​បាល់ទាត់ Newcastle United របស់​អង់គ្លេស ហើយ​នៅ​ឆ្នាំ​២០១៧ រូប​គេ​បាន​ចុះ​កិច្ចសន្យា​កីឡាករ​អាជីព​ជាមួយ​ក្លិប Thisted FC នៅ​ដាណឺម៉ាក ខណៈ​នៅ​ឆ្នាំ​២០១៨ បាន​ផ្ទេរ​ទៅ​ក្លិប​ 07 Vestur នៅ​កោះ​Vágar និង​នៅ​ឆ្នាំ​២០១៩ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ចូលរួម​ក្នុង​ក្លិប​ព្រះខ័នរាជស្វាយរៀង តែ​នៅ​ឆ្នាំ​២០២០ បានចេញ​ទៅចូលរួម​ក្លិប Hougang United នៅ​លីគ​សិង្ហបុរី និង​នៅ​ឆ្នាំ​២០២១ នេះ​បាន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ម្តង​ទៀត​ដោយ​ចូលរួម​ជាមួយ​ក្លិប​វិសាខា៕

Telegram-Troryorng
Share.