សិល្បៈជាតិ៖ តាមការរៀបរាប់របស់តារាចម្រៀងប្រចាំផលិតកម្មថោនគឺ ករុណា ពេជ្រ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះបានលម្អិតថា លោកបាននាំថវិកាចំនួន ៩០០ ដុល្លារ ដែលប្រមូលបានពីសប្បុរសជននាន មកជូនដល់លោកគ្រូ នូ ស៊ិប ដែលជាតារាចម្រៀង និងជាសិល្បករជើងចាស់កំពុងមានជំងឺប្រចាំកាយ។

ដោយឡែកគេបានឃើញលោក ករុណា ពេជ្រ ផ្ដើមមានសកម្មភាពប្រមូលថវិកាពីសប្បុរជននានាមកជួយដល់លោកគ្រូ នូ ស៊ិប កាលពីថ្ងៃទី ២២ ខែធ្នូ នេះ បន្ទាប់ពីលោកបានឃើញបងប្អូនអ្នកលេងបណ្ដាញសង្គម TikTok ចេញមុខមកអំពាវនាវឱ្យមានការជួយដល់លោកគ្រូ នូ ស៊ិប តាមរយៈការបរិច្ចាគប្រាក់ ១ដុល្លារចេញពីទឹកចិត្តអ្នកគាំទ្រ ទៅកាន់គណនី ABA របស់លោកគ្រូផ្ទាល់។

ត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ លោក ករុណា ពេជ្រ បានបញ្ជាក់ថា ប្រមូលបានប្រាក់សរុបទាំងអស់ ៩០០ ដុល្លារ ហើយលោកបានយកទៅប្រគល់ជូនលោកគ្រូដោយផ្ទាល់ដៃ។

គួររំលឹកដែរថា បច្ចុប្ប​ន្ន​សិល្បករ​ជើង​ចាស់​រូប​នេះ​មាន​ជំងឺ​ប្រចាំ​កាយ ​ទាំងជំងឺ​លើស​ឈាម និង​ដុំសាច់គីស​ ទើប​ហេតុផលមួយដែលធ្វើឱ្យលោក​គ្រូពិបាក​នឹង​ឡើង​ច្រៀង​នៅ​តាម​កម្មវិធី​ផ្សេងៗ​ទៀត​ ទោះ​ជា​មាន​អ្នក​ផលិត​កម្មវិធី​ជា​ច្រើន​ព្យាយាម​ចង់​ជួយ​ហៅ​លោក​គ្រូ​ឱ្យ​ឡើង​នៅ​តាម​កម្មវិធី​នានា​ក្ដី​។ លោក​គ្រូ នូ ស៊ិប សព្វថ្ងៃ​មិន​មាន​កូ​ន​នោះ​ឡើយ​ លោក​អាស្រ័យ​នៅ​ផ្ទះរបស់​កូន​ធម៌ ជាមួយ​នឹង​ភរិយា​និង​ចៅ​ម្នាក់​។

ចូលអាន​៖ សិល្បករ​ជើង​ចាស់​ នូ ស៊ិប ​ប្រឹង​ប្រែង​​​ដើម្បី​សិល្បៈ​​តែ​ជីវិត​វ័យ​ចាស់​បែរ​ជា​វេទនា​គ្មាន​ផ្ទះ​ខ្លួន​ឯង​ជ្រក​កោន​

Share.