កីឡាករ ​Soukaphone Vongchiengkham សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឡាវ ដែល​គេ​ដាក់​រហស្សនាម​ថា​ជា​ Messi ឡាវ នោះ​បាន សម្រេច​ចិត្ត​ចុះ​កុងត្រា​ចូលរួម​ជាមួយ​ក្លិប Udon Thani F.C សមាជិក​ពានរង្វាន់​លីគ​កម្រិត​ទី២​របស់​ថៃ (Thai League 2) សម្រាប់​រដូវកាល​ឆ្នាំ​២០២១-២២​ខាង​មុខ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត Udon Thani មួយ​នេះនៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២១ ​បញ្ជាក់​ថា​ ​កីឡាករ​កម្ពស់ ១.៥៨ម៉ែត្រ​ខាង​លើ​នឹង​ចូល​ក្នុង​បញ្ជី​កីឡាករ​​កូតា​អាស៊ាន ក្នុង​ក្រុម​ខ្លួន ជាមួយ​កីឡាករ​បរទេស​៣រូប​ផ្សេង​ទៀត​រួម​មាន​កីឡាករ​ប្រេស៊ីល Thales Lima កីឡាករ​ក្រូអាត Aleksandar Kapisoda និង​កីឡាករ​អាល្លឺម៉ង់ Arnold Suew។ ក្លិប​ក៏​ទើប​តែ​តែងតាំង​លោក Fernando Sales គ្រូ​បង្វឹក​ជនជាតិ​ប្រេស៊ីល ជា​គ្រូ​បង្វឹក​កាល​ពី​ពេល​ថ្មីៗ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖Messi ឡាវ៖«ប្រទេស​ឡាវ​ទាំង​មូល​ នឹង​គាំទ្រ​ជម្រើស​ជាតិ​វៀតណាម ទៅ​ប្រកួត​World Cup»

រូប​គេ​ជា​កីឡាករ​ឡាវ ទី២​ដែល​បាន​​ចូលរួម​លេង​នៅ​លីគ​ទី២​ប្រទេស​ថៃ បន្ទាប់​ពី​កីឡាករ Phoutthasay Khochalern ដែល​ជា​សមាជិក​ក្រុម Nakhon Pathom United។

កីឡាករ ​Soukaphone Vongchiengkham វ័យ​២៩​ឆ្នាំ​ជា​ខ្សែ​បម្រើ ធ្លាប់​លេង​នៅ​ក្លិប Ezra FC ក្នុង​ស្រុក​កំណើត​ រហូត​ដល់​ឆ្នាំ​២០១២ ផ្ទេរ​ទៅ​លេង​ក្លិប Krabi របស់​ថៃ មុន​បន្ត​ទៅ​ចូលរួម​ក្រុម​ Phitsanulokនៅ​ឆ្នាំ​២០១៤ ក្នុង​ជើង​ទី១ ហើយ​ជើង​ទី២ ប្តូរ​ទៅ​ក្លិបSaraburi។

នៅ​ឆ្នាំ​២០១៥ រូប​គេ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ដោយ​ចូលរួម​ក្នុង​ក្រុម​ Lanexang United ហើយ​នៅ​ឆ្នាំ​២០១៦ ជើង​ទី១ ត្រឡប់​ទៅ​ចូលរួម​ក្រុម Ezra FC ហើយ​ជើង​ទី២ ត្រឡប់​ទៅ​​ក្រុម​ Lanexang United។ នៅ​ឆ្នាំ​២០១៧ ចេញ​ទៅ​ក្រុម Vientiane United មុន​ធ្វើ​ដំណើរ​ទៅ​ថៃ ម្តង​ទៀត​នៅ​ឆ្នាំ​២០១៨ ដោយ​ចូលរួម​ក្លិប Sisaket ក្នុង​លីគ​កំពូល​ថៃ រហូត​ដល់​ឆ្នាំ​២០១៩ ទៅ​ចូលរួម​ក្រុម Chainat Hornbill។ នៅ​ឆ្នាំ​២០២០ ផ្ទេរ​ទៅ​ក្រុម​ PT Prachuap មុន​ត្រឡប់​ទៅ​កាន់​ក្រុម Uthai Thani កាល​ពី​រដូវកាល​មុន៕

Telegram-Troryorng
Share.