ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានចេញនូវសារលិខិតអបអរសាទរមួយជូនចំពោះ កីឡាការិនីឆ្នើម ស្រួង ភាវី ក្នុងឱកាសដែលកីឡាការិនីដ៏ឆ្នើមរបស់ខ្មែរយើងរូបនេះ ទទួលបានជ័យលាភីជើងឯកក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ Blue One Resort LPBA Championship (ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េ) ថ្មីៗនេះ។
អត្ថបទពាក់ព័ន្ធ៖អបអរ! កីឡាការិនីស្នូកឃ័រកម្ពុជា ឈ្នះជើងឯក Blue One Resort LPBA Championship នៅកូរ៉េខាងត្បូង
ក្នុងសារលិខិតនោះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្ដែងនូវអំណរសាទរចំពោះសមិទ្ធផលជោគជ័យរបស់កីឡាការិនីឆ្នើមរូបនេះ ហើយលោកទូតក៏បានរំលេចផងដែរថាសមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ក្នុងអាជីពកីឡាស្នូកឃ័រជម្រើសជាតិកម្ពុជារបស់ កីឡាការិនីរូបនេះ ពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្តែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្រ្តីនៅក្នុងវិស័យកីឡា។
លោកទូតក៏បានផ្តល់ការកោតសរសើរផងដែរថា ជោគជ័យគួរជាទីមោទនៈរបស់ កីឡាការិនីឆ្នើមជម្រើសជាតិកម្ពុជា រូបនេះ ក៏នឹងក្លាយជាគម្រូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជា ទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាងថ្លៃថ្លារបស់កម្ពុជា នៅលើឆាកអន្ដរជាតិនាពេលខាងមុខផងដែរ។