​មាន​ដំណឹង​លេច​ឮ​មក​ថា​ Stephen Chow ហៅ​ ទិន​ហ្វី​ បាន​ប្រកាស​ផលិតភាព​យន្ត​ឱ្យ​ Tencent Video ដើម្បី​វាយ​លុក​ចូល​ទីផ្សារ​ភាពយន្ត​អនឡាញ​ ហើយ​សមី​ខ្លួន​អាច​នឹង​លើក​យក​រឿង​ «Kung Fu Hustle» (ក្រុម​ពូថៅ​ដៃ​) មក​ថត​វគ្គ​បន្ត​ ព្រោះ​ចុង​ក្រោយ​នេះ​ស្នាដៃ​របស់​លោក​ រក​ចំណូល​បាន​កាន់​តែ​ទាប​ ​ម្យ៉ាង​ទៀត​លោក​ក៏​កំពុង​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ផង​ដែរ​។

សូមចុចអា​ន​ ភាពយន្ត​​គំនូរជីវចល​ «ស្ដេច​ស្វា​អ៊ូខុង​»​ របស់​ទិនហ្វី​នឹង​មាន​បញ្ចាំង​លើ​ Netflix ​ឆ្នាំ​២០២៣!

តារា​សម្ដែង​​គ្រប់​អាយុ​៥៩​ឆ្នាំ​ ពេញ​គិត​ត្រឹម​ថ្ងៃ​ទី​២២​ មិថុនា​ ឆ្ន​ាំ​២០២១​ កន្លង​មក​នេះ​ធ្លាប់​ជា​អតីត​តារា​លំដាប់​ «​កំពូល​តារា​កំប្លែង​»​ ហើយ​ក្រោយ​ពេល​ឈប់​ធ្វើ​ការ​មុខ​កាំ​មេរ៉ា ​មក​ធ្វើ​ការ​ខាង​ក្រោយ​កាំ​មេរ៉ា​វិញ​ក៏​នៅ​តែ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ ដោយ​ស្នាដៃ​របស់​លោក​ រក​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​មហាសាល​។​

Kung Fu Hustle

តែ​មួយ​រយៈ​ចុង​ក្រោយ​ភាព​យន្ត​របស់​លោក​ចាប់​ផ្ដើម​រក​ប្រាក់​ចំណូល​បាន​ទាប​ ចំណែក​បញ្ហា​ប្រាក់​​ដែល​លោក​ជួប​ប្រទះ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ Shanghai New Culture Media បាន​ប្ដឹង​លោក​​ល្មើស​​កិច្ច​សន្យា​ ព្រោះ​ភាពយន្ត​ដែល​លោក​ផលិត​រក​ចំណូល​មិន​បាន​យ៉ាង​តិច​ ១.០៤​លាន​យ័ន​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ដូច​ជា​ធ្លាប់​បាន​សន្យា​គ្នា។

ភាពយន្ត​ Journey to the West: The Demons Strike Back (2017) និង The New King of Comedy (2019) រក​ប្រាក់​ចំណូល​បាន​តិច​ជា​ការ​រំពឹង​ទុក​ ដោយ​ភាពយន្ត​ទាំង​ពីរ​នេះ​រក​បាន​ចំណូល​ត្រឹម​ ៦២០​លាន​យ័ន​ ដែល​ជា​មូលហេតុ​បណ្ដាល​ឱ្យ​លោក​ត្រូវ​ក្រុមហ៊ុន​ខាង​លើ​ប្ដឹង​ ទាមទារ​ប្រាក់​សំណង​រហូត​ដលើ​ ៨៤០ លានយ័ន​។

Kung Fu Hustle

បន្ត​មក​ទៀត​ The Mermaid 2 សមិទ្ធិផល​មួយ​ទៀត​របស់​ ទិនហ្វី​ដែល​ថត​តាំង​ពី​ឆ្នាំ​២០១៨ ក៏​មិន​បាន​បញ្ចាំង​ក្នុង​រោងភាពយន្ត​ រហូត​មាន​លេចឮ​ដំណឹង​ចចាមអារ៉ាម​ថា​ អាច​នឹង​មាន​បញ្ហា​ មក​ដល់​បច្ចុប្បន្ន​ភាពយន្ត​និយាយ​ពី​ទេពមច្ឆា​​វគ្គ​បន្ត​នេះ​ក៏​នៅ​តែ​មិន​ទាន់​បាន​ដាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​ ទោះ​ជា​មាន​ដំណឹង​ល្ហិចល្ហៀង​មក​ថា​អាច​នឹង​បញ្ចាំង​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ក្ដី​។

សារព័ត៌មាន​ហុងកុង​ថែម​ទាំង​ចុះផ្សាយ​ទៀត​ថា​ យោងតាម​អាជ្ញាធរ​​ចុះ​បញ្ជី​ដី​ធ្លី​​នៅ​ហុងកុង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ដោយ​សារ​បញ្ហា​លុយកាក់​នេះ​បាន​ធ្វើ​ឱ្យ​អតីត​កំពូល​តារា​កំប្លែង​ហុង​កុង​ យក​ផ្ទះ​ទំនើប​និង​ប្រណិត​របស់​ខ្លួន​នៅ​ The Peak ទៅ​បញ្ចាំ​ធនាគារ​ JP Morgan Chase។

ចុង​ក្រោយ​បង្អស់​មាន​ព័ត៌មាន​ថា​ Stephen Chow បាន​ប្រកាស​រួម​សហការជាមួយ​នឹង​ Tencent Video ក្រុម​ហ៊ុន​អនឡាញ​ដ៏​ធំ​របស់​ចិន​ ដើម្បី​រួម​គ្នា​ផលិត​ ជា​ភាពយន្ត​ដែល​នឹង​ប្រើ​ដើម​ទុន​តិច​ជា​ង​​ស្នាដៃ​កន្លង​មក​របស់​ទិនហ្វី​ ហើយ​បើ​ទោះ​ជា​មិនមាន​ការ​បង្ហើប​ឱ្យ​ដឹង​ថា​ភាពយ​ន្ត​នោះ​ជា​រឿង​អ្វី​ក៏​ដោយ​ តែ​សារព័ត៌មាន​ហុងកុង​បាន​សន្និដ្ឋាន​ថា​ ស្នាដៃ​មួយ​​ដែល​ទិនហ្វី​នឹង​ផលិត​ឱ្យ​ Tencent Video គឺ​ Kung Fu Hustle 2 (ក្រុម​ពូថៅ​ដៃ​២)។

Kung Fu Hustle

Kung Fu Hustle គឺ​ជា​ភាពយន្ត​ក្បាច់គុន​កុងហ្វូ​ដែល​មាន​បញ្ចូល​បច្ចេកទេស​ពិសេស​យ៉ាង​ច្រើន​ របស់​ Stephen Chow ជា​ភាពយន្ត​ដ៏​ល្បីល្បាញ​និង​បោះ​ជំហាន​បាន​យ៉ាង​ឆ្ងាយ​រហូត​ទៅ​បញ្ចាំង​ ដល់​សហរដ្ឋអាមេរិក​។ ចំពោះ​ដំណឹង​ផលិត​ភាពយន្ត​នេះ​ ទិនហ្វី​ មាន​គំរោង​មក​ជា​យូរ​ហើយ​ថា​នឹង​ផលិតវគ្គ​បន្ទាប់​ តែ​អាច​នឹង​មិនមែន​ជា​រឿងរ៉ាវ​តវគ្គ​ ពី​វគ្គ​ទីមួយ​មក​នោះ​ទេ​ តែ​នឹង​បរិយាយ​សាច់​រឿង​ស្រដៀង​គ្នា​តែ​រឿង​កើត​ឡើង​ក្នុង​សម័យ​កាល​បច្ចុប្បន្ន​វិញ​៕

Telegram-Troryorng
Share.