សិល្បៈជាតិ​៖ នៅ​សល់​មិន​ដល់​មួយ​ខែ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នឹង​ខិត​ចូល​មក​ដល់​ ដូច្នេះ​តារា​ចម្រៀង​ជា​ច្រើន​ដួង​បាន​សំរុក​ចេញ​បទ​ចម្រៀង​ដើម្បី​អបអរ​​។ យ៉ាង​ណា​មិញ​តារា​ចម្រៀង​វ័យ​ក្មេង​ពីរ​ដួង​ដែល​ទើប​តែ​ចេញ​បទ​ចម្រៀង​ចូល​ឆ្នាំ​របស់​ខ្លួន​គឺ​ ម៉ម ពេជ្ជរិទ្ធ និង​ នីកូ អាច​រក​ចំនួន​ទស្សនា​លើស​មួយ​លាន​ដង​យ៉ាង​ស្រួល​។

អាន​អត្ថបទ៖ នីកូ ក្រៅ​ពី​​រំលេច​ទិដ្ឋភាព​ចូល​ឆ្នាំ​ខ្មែរ​ឆ្លៀត​បង្ហាញ​របាំ​ក្ងោក​ប៉ៃលិន​​ ពត់ពែន​​តាម​ចង្វាក់​ ផ្ទុះ​ការ​​ទស្សនា​ដល់​​លាន

បទ​ចម្រៀង​ «រាំរង្វើល​» របស់​លោក​ នីកូ ដែល​ជា​បទ​ចម្រៀង​មួយ​ចំណាយ​ដើម​ទុន​ផលិត​អស់​​ ៣​ម៉ឺន​ដុល្លារ​ ដោយ​បាន​រៀប​ចំ​ផ្ទាំង​ទស្សនីយភាព​​ប្លែក​ភ្នែក ​​មាន​ដូច​ជា​​ការ​សម្ដែង​របាំ​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទម្រង់​ដូច​ជា​ របាំ​កណ្ដូប​សេះ​ របាំ​ឆៃយ៉ាំ​ របាំ​នេសាទ​ និង​របាំ​ក្ងោក​ប៉ៃលិន​ ជា​ដើម​។​ លោក​ នីកូ​ បាន​លើក​ឡើង​បន្ថែម​ថា ​ការ​លាយ​បញ្ចូល​របាំ​បុរាណ​ និង​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ចូល​ក្នុង​ MV​ តែ​មួយ​ ព្រោះ​ចង់​បង្ហាញ​ពី​ទំនៀម​ទំលាប់​ប្រពៃណី​វប្បធម៌​ខ្មែរ​ ដែល​តាំង​ពី​បុរាណ​កាល​ ប្រជាជន​ខ្មែរ​តែង​តែ​រាំ​លេង​កម្សាន្ត​សប្បាយ​នា​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។​ បទ​ចម្រៀង​របស់​លោក​គិត​ត្រឹម​ថ្ងៃ​ទី​២៧ មីនា​ ឆ្នាំ​២០២៣ មាន​ចំនួន​ទស្សនា​ ​១.៣​លានដង​នៅ​លើ​ Youtube។

អានអត្ថបទ៖ ម៉ម ពេជ្ជរិទ្ធ​ ថា ដួង​ វិរៈសិទ្ធ ​ជាតួឯក បើ​សិន​ជា​បង​ប្អូនប្រុស​​ទាំង​ ៣​នាក់​ ត្រូវ​សម្ដែង​រួម​គ្នានៅឆាក​តែ​មួយ​​ ​​

ចំណែក​ឯ​បទ​ចម្រៀង​ «កន្ទ្រឹមខកស្នេហ៍» របស់​ ម៉ម ពេជ្ចរិទ្ធ ដែល​ជា​បទ​ចម្រៀង​មួយ​បាន​ចេញ​ផ្សាយ​ឱ្យ​អ្នក​ទស្សនា​បាន​ឃើញ​នៅ​លើ​ Youtube កាល​ពី​ថ្ងៃ​១៨ មីនា ឆ្នាំ​២០២៣ គឺ​ជា​បទ​ចម្រៀង​ចង្វាក់​កន្ត្រឹម​​​មួយ​ដែល​​ជា​ចង្វាក់​រាំ​និង​ច្រៀង​ពេញ​និយម​​ក្នុង​ឱកាស​ចូល​ឆ្នាំ​ ក៏​ជា​បទ​មាន​ការ​​គាំទ្រ​ច្រើន​​ពី​សំណាក់​អ្នក​គាំទ្រ​មិន​ចាញ់​បទ​ចម្រៀង​ផ្សេងៗ​នោះ​ឡើយ​។ បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ទំនុកភ្លេង​ដោយ​ ម៉ម ពេជ្ជរិទ្ធ និង​សហ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ ម៉ម ពេជ្ររិទ្ធ​ និង​លោក​គ្រូ​​ កៅ សេដា ទទួល​បាន​ចំនួន​ទស្សនា​គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ ចំនួន​១.៨លាន​ដង​។

ជា​ការ​ពិត​ណាស់​​ជា​ទម្លាប់​ទៅ​ហើយ​ ឱ្យ​តែ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ គ្រប់​ផលិតកម្ម​​ចម្រៀង​ និង​តារាចម្រៀង​ឯករាជ្យ​ រមែង​ច្រៀង​​បទ​ចម្រៀង​ដែល​មាន​ទំនុក​ភ្លេង​ និង​អត្ថន័យ​ ពាក់ព័ន្ធ​ រដូវ​ចូល​ឆ្នាំ​ខ្មែរ​ជាប់​ជា​​ប្រចាំ​ដូច្នេះ​ហើយ​មិនមែន​តែ​តារា​ចម្រៀង​ពីរ​ដួង​ខាង​លើ​នោះ​ឡើយ​ដែល​មាន​បទ​ចម្រៀង​សម្រាប់​អបអរ​ចូលឆ្នាំ​ គ្រាន់​តែ​បទ​ចម្រៀង​របស់​តារា​ទាំង​ពីរ​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​​ទើប​ត្រយង​យក​ដំណឹង​នេះ​មក​ចែក​រំលែក​ដល់​អ្នក​អាន​បាន​ជ្រាប​៕

Share.