កាតារ ជា​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​នៅ​ក្រៅ​តំបន់​តែ​មួយ​គត់​ដែល​​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក 2021 CONCACAF Gold Cup ដែល​នឹង​ចាប់​ផ្ដើម​នៅ​ពាក់កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ​ ខណៈ​ក្រុម​របស់​អាស៊ី​មួយ​នេះ​បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ អែលសាល់វាឌ័រ ១ទល់០ នៅ​យប់​ថ្ងៃ​អាទិត្យ នេះ។

អត្ថបទពាក់ព័ន្ធ៖រក​ឃើញ​ក្រុម​ខ្លាំង​ទាំង៧​ឡើង​ទៅ​វគ្គ​ចែក​ពូល​ពាន 2021 FIFA Arab Cup

ប្រកួត​​មិត្តភាព​អន្តរជាតិ​នៅ​លើ​ទីលាន​កីឡដ្ឋាន Stadion Aldo Drosina ក្នុង​ទីក្រុង Pula ប្រទេស​ក្រូអាត ក្រុម​ជម្រើស​ជាតិ​កាតារ បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​ថ្វី​ជើង​កីឡាករ Almoez Ali នៅ​នាទី​៦៩ (សូម​ទស្សនា​ក្នុង​វីដេអូ) ខណៈ​កីឡាករ Abdulaziz Hatem ត្រូវ​លោក​អាជ្ញាកណ្ដាល ​Ivan Bebek របស់​ក្រូអាត ពិន័យ​កាត​ក្រហម​តាំង​ពី​នាទី​ទី២០។

ពានរង្វាន់ CONCACAF Gold Cup ជា​ការ​ប្រកួត​ជើង​ឯក​​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង, អាមេរិកកណ្ដាល និង​​តំបន់​ការ៉ាប៊ីន ហើយ​រៀបចំ​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈក្រុម​​ជម្រើស​ជាតិ​ម៉ិចស៊ីកូ ជា​អ្នក​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​លើក​ឯណោះ។

អត្ថបទពាក់ព័ន្ធ៖Xavi Hernandez បន្ត​កិច្ចសន្យា​ដឹកនាំ​ក្លិប​នៅ​កាតារ​ដល់​ឆ្នាំ​២០២៣

សម្រាប់​ការ​ប្រកួត​ពានរង្វាន់ ​​CONCACAF Gold Cup ឆ្នាំ​នេះ​គ្រោង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២១ ដោយ​មាន​ក្រុម​ចំនួន​១៦​ចូលរួម​ចែក​ជា​៤ពូល ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ជុំ​បន្ទាប់ និង​បន្ត​ជម្រុះ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.