​Alex Eala និង ​ Priska Madelyn Nugroho កាល​ឈ្នះ​ពាន​ជាមួយគ្នា

កុមារី Alex Eala វ័យ​​១៦​ឆ្នាំ​​របស់​ហ្វីលីពីន និង Priska Madelyn Nugroho របស់​ឥណ្ឌូណេស៊ី ដែល​ជា​សមាជិក​​ប្រទេស​ក្នុង​តំបន់​អាស៊ាន រក​បាន​ជ័យជម្នះ​រៀងៗ​ខ្លួន​​​ជា​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់​​​អន្តរជាតិ​ដែល​ធំ​ជាង​គេ​១​ក្នុង​ចំណោម​៤​លើ​ពិភពលោក គឺ Wimbledon ក្នុង​ប្រទេស​អង់គ្លេស វិញ្ញាសា​វាយ​​ឯកត្តជន​​ផ្នែក​កុមារី។

អត្ថបទពាក់ព័ន្ធ៖ក្រោយ​ឈ្នះ​​ពាន​នៅ French Open កុមារី​តំបន់​អាស៊ាន​​រូប​នេះ​​តាំង​ចិត្ត​​​លេង​នៅ Wimbledon​ ទៀត

កុមារី Alex Eala បច្ចុប្បន្ន​ឈរ​ចំណាត់​ថ្នាក់​លេខ២​លើ​ពិភពលោក បាន​យក​ឈ្នះ​កុមារី Solana Sierra របស់​អាហ្សង់ទីន ដោយ​លទ្ធផល ៦-២ និង​៦-៤ ក្នុង​វគ្គ​៦៤​នាក់​ចុងក្រោយ។ ក្រោយ​ដណ្តើម​បាន​ជ័យជម្នះ​ កុមារី Alex Eala នឹង​ឡើង​ទៅ​ជួប​កុមារី A Mintegi del Olmo របស់​អេស្ប៉ាញ ក្នុង​វគ្គ​៣២​នាក់​ចុងក្រោយ។

Alex Eala

ចំណែក​ Priska Madelyn Nugroho វិញ​ឈរ​ចំណាត់​ថ្នាក់​លេខ​១១​ពិភពលោកបាន​ប្រកួត​ឈ្នះ​កុមារី Lucie Havlíčková របស់​សាធារណរដ្ឋ​ឆែក ដោយ​លទ្ធផល ៦ទល់៣ និង​៦ទល់៣ នៅ​វគ្គ​៦៤​នាក់​ចុងក្រោយ ខណៈ​នាង​ត្រូវ​ឡើង​ទៅ​ជួប​កុមារី Matilde Paoletti របស់​អ៊ីតាលី ក្នុង​វគ្គ​៣២នាក់​ចុងក្រោយ​ជា​បន្ត។ ​

ក្មេង​ពិតមែន​តែ Alex Eala និង ​ Priska Madelyn Nugroho សម្រេច​ចិត្ត​​ចូល​លេង​២​វិញ្ញាសា​នៅ Wimbledon ពោល​គឺ​វិញ្ញាសា​ឯកត្តជន​នេះ​ផង និង​វិញ្ញាសា​វាយ​គូ​ផ្នែក​កុមារី​ ផង។

Priska Madelyn Nugroho

វិញ្ញាសា​វាយគូ​ផ្នែក​កុមារី​ អ្នក​ទាំង២ គឺ​Alex Eala និង ​ Priska Madelyn Nugroho ចាប់​ដៃ​គូ​ប្រកួត​ជា​លើក​ទី២ ខណៈ​បច្ចុប្បន្ន​មាន​​ចំណាត់​ថ្នាក់​លេខ៣​ពិន្ទុ​លោក​ផ្នែក​វាយ​គូ​កុមារី បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​ពានរង្វាន់ Australian Open នៅ​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០២០ ជាមួយ​គ្នា។ អ្នក​ទាំង​២​ត្រូវ​ជួប​ដៃ​គូ Erika Matsuda ជា​ជនជាតិ​ជប៉ុន និង​ Valencia Xu ជនជាតិ​អាមេរិក ក្នុង​វគ្គ​ជម្រុះ​ដំបូង។

អត្ថបទពាក់ព័ន្ធ៖បញ្ជី​ម្ចាស់​ជើង​ឯក​ទាំង​​១៥​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់​អន្តរជាតិ​ French Open

ព្រឹត្តិការណ៍​វាយ​កូន​បាល់ Wimbledon ជា ​Grand Slams​ ១​ក្នុង​ចំណោម​៤ លើ​លោក ដែលធំជាង​គេ ​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) French Open (បារាំង) និង US Open (នៅ​អាមេរិក)។ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​រៀបចំ​ពី​​ថ្ងៃ​ទី២៨​ខែ​មិថុនា ដល់​១១ ខែ​កក្កដា ឆ្នាំ​២០២១ លើ​ទីលានAll England Lawn Tennis and Croquet Clubក្នុង​ទីក្រុង​ឡុងដុង ដោយ​មាន​១៥​វិញ្ញាសា៕

Telegram-Troryorng
Share.