ទីបំផុត​លោក​ប្រធានាធិបតី​ Rodrigo Duterte របស់​ហ្វីលីពីន បាន​ចុះ​ហត្ថលេខា​ផ្ដល់​សញ្ជាតិ​ហ្វីលីពីន ជា​ផ្លូវការ​ដល់​កីឡាករ​បាល់ទាត់ Bienve Marañon ដែល​មាន​ដំណើរ​កំណើត​អេស្ប៉ាញ នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

អត្ថបទពាក់ព័ន្ធ៖កីឡា​ការិនី​អាស៊ាន​មួយ​រូប​មាន​ឈ្មោះ​ទៅ​លេង​នៅ​លីគ​កំពូល​ប្រទេស​ជប៉ុន

ខ្សែ​បម្រើ​វ័យ​៣៥ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ហ្វីលីពីន​ដំបូង​នៅ​ឆ្នាំ​២០១៥ ដោយ​បាន​ចូលរួម​ជាមួយ​ក្រុម Ceres–Negros ដែល​បច្ចុប្បន្ន​ប្តូរ​ឈ្មោះ​ទៅជា United City ព្រម​ទាំង​ជួយ​ក្រុម​ឈ្នះ​ជើង​​លីគ​កំពូល​ហ្វីលីពីន ៤ឆ្នាំ​ជាប់ៗគ្នា​គឺ​ឆ្នាំ​២០១៧,២០១៨,២០១៩​និង​២០២០ និង​ឈ្នះ​ពានរង្វាន់ Copa Paulino Alcantara នៅ​ឆ្នាំ​២០១៩។ រូប​គេ​បាន​ឈ្នះ​ស្បែកជើង​មាស​នៅ​លីគ​កំពូល​ហ្វីលីពីន នៅ​ឆ្នាំ​២០២០ និង​ជា​អ្នក​ទាត់​បញ្ជូល​ទី​ក្នុង​ពាន AFC ឆ្នាំ​២០១៩ និង​២០២០ ផង​ដែរ។

កីឡាករ Bienve Marañon ជា​យុវជន​ថ្នាល​ក្លិប La Salle និង Betis ហើយ​នៅ​ឆ្នាំ ២០០៥​ដល់​២០០៧ បាន​ចូលរួម​ក្រុម​ Rayo Sanluqueño នៅ​អេស្ប៉ាញ មុន​ចូលរួម​ក្រុម Cádiz B ចន្លោះ​ឆ្នាំ​២០០៧ដល់​២០១០។ ២០១០-១១ ចូលរួម​ក្រុម​ Villarrubia ហើយ​រដូវកាល​បន្ទាប់​ចូលរួម​ក្រុម​ Móstoles និង​បន្ត​​ផ្ទេរ​ទៅ​ក្រុម​ Villarrubia នៅ​ឆ្នាំ​២០១២។ ក្នុង​រដូវកាល​២០១២-២០១៣ បាន​ចូលរួម​ក្រុម La Hoya Lorca និង​ចុងក្រោយ ឆ្នាំ​២០១៥-១៣ ជា​សមាជិក​ក្រុម Socuéllamos មុន​ធ្វើដំណើរ​មក​កាន់​តំបន់​អាស៊ាន គឺ ប្រទេស​ហ្វីលីពីន។

អត្ថបទពាក់ព័ន្ធ៖ហ្វីលីពីន កោះហៅ​អ្នកចាំទី​​នៅ​​ក្លិប Birmingham City របស់​​អង់គ្លេស​ មក​ជួយ​ជម្រើស​ជាតិ

មាន​សញ្ជាតិ​ហ្វីលីពីន កីឡាករ Bienve Marañon អាច​មាន​ឱកាស​ចូលរួម​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​បាន​គ្រប់​ពេល ស្រប​តាម​ការ​កោះហៅ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន៕

Telegram-Troryorng
Share.