នៅ​​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ព្រហស្បត្តិ៍ ទី៨ ខែ​កក្កដា នេះ ​ក្លិប​សូលទីឡូអង្គរ (Soltilo Angkor FC) សមាជិក​ពានរង្វាន់​ Metfone Cambodian League 2021 បាន​ប្រកាស​តែងតាំង​ អ៊ុក សុធី (អតីត Messi ភ្នំពេញក្រោន) ជា​គ្រូ​បង្វឹក​ក្រុម​ខ្លួន​សម្រាប់​បេសកកម្ម​បន្ត​ទាំង​ក្នុង​រដូវកាល​ឆ្នាំ​២០២១ នេះ។

ក្លិប​បញ្ជាក់​ថា៖«យើងមានសេចក្តីរីករាយសូមប្រកាសជាផ្លូវការ​ លោកគ្រូ​ អ៊ុក សុធី ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​របស់​យើង»។

អត្ថបទពាក់ព័ន្ធ៖គ្រូ​​ចាស់​ក្រុម​សូលទីឡូងអង្គរ ជូនពរ​​ Messi ភ្នំពេញក្រោន ឱ្យ​ជោគជ័យ​ក្រោយ​បន្ត​​តំណែង​​ពី​លោក

ថ្មីៗនេះ Messi ស្ថិត​ក្នុង​​សមាសភាព​គ្រូ​ជំនួយ​២រូប​ ដែល​បាន​ជួយ​ការងារ​លោក​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ថ្មី​ជនជាតិ​ជប៉ុន លោក Ryu Hirose ទៅ​​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី កាល​ពី​​ខែ​មិថុនា កន្លង​ទៅ​នៅ​ប្រទេស​បារ៉ែន។ គ្រានោះ Keisuke Honda ដែល​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្លិប​សូលទីឡូអង្គរ ក៏​បាន​ធ្វើការ​ជាមួយ អ៊ុក សុធី ដែរ​មុន​តែងតាំង​នៅ​ថ្ងៃ​នេះ។

​នេះ​​ជា​ការ​ងារ​គ្រូ​បង្វឹក​ផ្លូវការ​របស់ លោក អ៊ុក សុធី ​ក្រោយ​សម្រេច​ចិត្ត​ព្យូរស្បែក​ជើង​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្នុង​វ័យ​៣២​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​រួមរស់​ជាមួយ​​ក្លិប​ភ្នំពេញក្រោន ​អស់​៩រដូវកាល។ កាល​នៅ​ភ្នំពេញក្រោន គ្រប់​គ្នា​ហៅ សុធី ថា​ជា Messi។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ Messi ភ្នំពេញក្រោន និង​ ភា សុភ័ត្រា ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ

បេសកកម្ម​ថ្មី​របស់ Messi ជាមួយ​សូលទីឡូអង្គរ គឺ​ត្រូវ​ដឹកនាំ​ក្រុម​ជួប​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង នៅ​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​សៅរ៍ ទី១០ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ​នេះ៕

Telegram-Troryorng
Share.