សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​រសៀល​ថ្ងៃ​អង្គារ ទី១៨​ខែ​ឧសភា ឆ្នាំ​២០២១ នេះ​បាន​ប្រកាស​ពី​សមាសភាព​គ្រូ​ជំនួយ​២រូប​ ដើម្បី​ជួយ​ការងារ​លោក​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ថ្មី​ជនជាតិ​ជប៉ុន លោក Ryu Hirose ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី នៅ​ក្នុង​ខែ​មិថុនា ខាង​មុខ នៅ​ប្រទេស​បារ៉ែន។

សហព័ន្ធ​​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​ថា៖«លោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ​ត្រូវបានតែងតាំងជាគ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជា»។​

អត្ថបទពាក់ព័ន្ធ៖គ្រូ​ថ្មី​កម្ពុជា រើស​កីឡាករ​ទៅ​ជម្រុះ World Cup ផ្អែក​លើ​ហេតុផល​២យ៉ាង​​នេះ

នេះ​ជា​ការ​ចូល​ទទួល​តំណែង​ឡើង​វិញ​របស់​លោក ភា សុភ័ត្រា ខណៈ​លោក​ធ្លាប់​​ធ្វើ​កិច្ចការ​នេះ​ជាមួយ​លោក Félix Dalmás ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចាស់។

ចំណែក​លោក អ៊ុក សុធី ​នេះ​ជា​លើក​ដំបូង​របស់​លោក ​ដែល​ប្រឡូក​ការងារ​​ក្នុង​ក្រុម​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​សម្រេច​ចិត្ត​ព្យូរស្បែក​ជើង​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្នុង​វ័យ​៣២​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​រួមរស់​ជាមួយ​​ក្លិប​ភ្នំពេញក្រោន ​អស់​៩រដូវកាល។ កាល​នៅ​ភ្នំពេញក្រោន គ្រប់​គ្នា​ហៅ សុធី ថា​ជា Messi។

អត្ថបទពាក់ព័ន្ធ៖បើ​គ្មាន​ការ​​ប្រែប្រួល​បញ្ជី​ឈ្មោះ​ត្រៀម​ជម្រុះ​ World Cup បង្ហាញ​​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ

សូម​បញ្ជាក់​ថា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នៅ​មិន​ទាន់​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ខណៈ​ក្រុម​របស់​អាស៊ាន​មួយ​នេះ​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​ពូល C ជុំទី២​ប្រចាំ​ទ្វីប​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​បារ៉ែន ពី​ថ្ងៃ​ទី​៣ ដល់​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​កម្ពុជា ត្រូវ​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា៕

Share.