សិល្បៈ​ជាតិ​៖ លោក​ សាយ តារា​ចម្រៀង​ Original និមិត្ត​រូប​​រត់​ប្រណាំង​ដើម្បី​ការងារ​មនុស្សធម៌​និង​សង្គម​បាន​បញ្ចេញ​សារ​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​​ បង្ហាញ​​អារម្មណ៍​អន់​ចិត្ត​ដែល​យុវជន​សម័យ​ថ្មី​​បាន​ផ្ដល់​តម្លៃ​និង​ចាប់​អារម្មណ៍​តែ​លើ​រឿង​ជម្លោះ​ជេរ​ហែកហួរ​គ្នា​ក្នុង​គ្រួសារ​ ជា​ជាង​ខ្វាយខ្វល់​​ពី​រឿង​សង្គម​ជាតិ​។

សូម​អាន​៖ Sai បង្ហាញតម្រុយរត់ដើម្បីកុមារកម្ពុជា ក្រោយបញ្ជាក់ រឿងរាងកាយលោកត្រលប់មកជាវិញហើយ

ជា​ការ​ពិត​ណាស់​មួយ​រយៈ​ពេល​កន្លង​មក​នេះ​អ្នក​លេង​បណ្ដាញ​សង្គម​មាន​រឿង​ឱ្យ​តាមដាន​ជាប់​ជា​ប្រចាំ​ជា​ពិសេស​គឺ​ជម្លោះ​មួយ​ចំអិន​កំពឹស​រវាង​តារា​ចម្រៀង​ Rap វ័យ​ក្មេង​ដ៏​មាន​ឥទ្ធិពល​ជាមួយ​នឹង​ម្ចាស់​អាជីវកម្ម​លក់​ស្បែក​ជើង​ ដោយ​សារ​តែ​មាន​គណនី​លាក់​អត្តសញ្ញាណ​មួយ​បាន​ទម្លាយ​ចេញ​មក​ក្រៅ​​បើ​ទោះ​ជា​រឿង​នោះ​ភាគី​អ្នក​លក់​ស្បែក​ជើង​បាន​ចេញ​មក​ Live បកស្រាយ​ថា​ទំនាស់​សម្ដី​តិចតួច​នោះ​បាន​បញ្ចប់​ត្រឹម​ក្នុង​ហាង​បបរស​រួច​ហើយ​ក្ដី។ ប៉ុន្តែ​អ្នក​ដែល​កាន់​ជើង​ភាគី​រៀង​ខ្លួន​នៅ​តែ​បន្ត​ចេញ​មក​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅ​មក​មិន​ឈប់​មិន​ឈរ​បណ្ដាល​ឱ្យ​រឿង​នេះ​ក្លាយ​ជា​រឿង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​លើក​យក​មក​ជជែក​វែក​ញែក​គ្នា​បែក​ផ្សែង​ ទាំង​ទៅ​លើ​ការ​ Comment Like និង​ Share។

សូមអាន៖ ប្រជុំASEAN​ចប់​! ព្រះបុត្រា​ប្រ៊ុយ​ណេ​ល្បីពេក​រហូតសាយចង់បបួល​​មក​រត់​កម្មវិធី #RUNWITHSAI

ងាក​មក​​ Preah Vihear Temple Run ​ដែល​ជា​កម្មវិធី​រត់​ដើម្បី​អបអរសាទរ​ខួប​១៥​ឆ្នាំ ​​​នៃ​ការ​ចុះ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​ ​៧ ​ខែ​កក្កដា​ ​ឆ្នាំ​ ២០០៨ គឺជា​​កម្មវិធី​ផ្ដួចផ្ដើម​គំនិត​ដោយ​ក្រុម​របស់​តារា​ចម្រៀង​ សាយ ​បែរ​ជា​មិន​សូវ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​យុវវ័យ​​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​​ដូច​ការ​រំពឹង​ទុក​ទៅ​វិញ​។ មើល​ឃើញ​ពី​​ចំណុច​​អសកម្ម​​និង​ឥទ្ធិពល​អវិជ្ជមាន​​ជះ​ផល​ប៉ះពាល់​អាក្រក់​​ដល់​សង្គម​ ​សាយ កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មិថុនា ​បាន​ចេញ​មក​ចែក​រំលែក​សារ​អន់​ចិត្ត​​​​ខ្លី​តែ​ខ្លឹមសារ​ចាក់​ដោតដួង​ចិត្ត​អ្នក​អាន​​​​​ដូច្នេះ​ថា​៖ «ខ្ញុំ​មិន​អន់​ចិត្ត​ទេ​ នៅពេល​មិន​សូវ​មាន​អ្នក​ខ្វល់​ពី​កម្ម​វិធី​របស់​ពួក​ខ្ញុំ​ តែ​ខ្ញុំ​អន់​ចិត្ត​នៅពេល​​យុវជន​សម័យ​ថ្មី​ ខ្វល់​តែ​ពី​រឿង​គ្រួសារ​គេ​ និង​ជម្លោះ​បុគ្គល​ ច្រើន​ជាង​រឿង​ជាតិ​ Good Night កម្ពុជា​»

ឆ្លើយតប​ចំពោះ​សារ​របស់​សាយ​ ​គេ​ឃើញ​មាន​អ្នក​គាំទ្រ​ និង​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចូល​មក​បញ្ចេញ​មតិ​យល់​ស្រប​​ចំពោះ​ទស្សនៈ​របស់​លោក ​​​អ្នក​ទាំង​អស់​​នោះ​បាន​លើក​ឡើង​ថា​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ករណី​ជម្លោះ​​ដែល​កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នា​ខណៈ​នេះ​នោះ​ទេ ​​ប៉ុន្តែ​ពួក​គេ​​គាំទ្រ​ចំពោះ​កម្មវិធី​ ក៏​ដូច​ជា​គំនិត​ផ្ដួចផ្ដើម​ឡើង​នេះ​ព្រោះ​វា​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ និង​ដាស់​ស្មារតី​កូន​ខ្មែរ​កុំ​ឱ្យ​ភ្លេច​ពី​សិល្បៈ​វប្បធម៌ និង​អ្វី​ដែល​ជា​បេតិកភណ្ឌ​ជាតិ​។

សូម​ជម្រាប​ថា​កម្មវិធី​​​​​​ PREAH VIHEAR TEMPLE RUN ​គឺ​ជា​​ព្រឹត្ដិការណ៍​ ​រត់​៧​គីឡូម៉ែត្រ​ និង​ការ​ប្រគំតន្រ្ដី ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៣​ នា​ឯ​បរិវេណ​ប្រាសាទ​ព្រះវិហារ ​ជាមួយ​នឹង​ ​២​វិញ្ញាសារ​ចូលរួម​គឺ​ «​រត់​៧​គ.ម​.​» ​និង​ ​«​ដើរ​៧០០​ម៉ែត្រ​»៕

Share.