ក្រុម​បាល់ទាត់ Al Ahly SC សមាជិក​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​អេហ្ស៊ីប បាន​យក​ឈ្នះ​ជើង​ឯក​ពានរង្វាន់​ទ្វីប​អាហ្វ្រិក CAF Champions League ជា​លើក​ទី១០ និង​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​នេះ​ច្រើន​ជាង​គេ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ Kaizer Chiefs របស់​អាហ្រ្វិកខាងត្បូង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៣ទល់០ នា​យប់​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ។

អត្ថបទពាក់ព័ន្ធ៖ក្លិប​ជោគជ័យ​មួយ​​នៅ​ទ្វីប​អាហ្រ្វិក​បន្ថែម​​ទូ​​ដាក់​ពាន

ការ​ប្រកួត​នេះ​ដែរ​ធ្វើ​ឡើង​នៅ​ទីលាន​កីឡដ្ឋាន Stade Mohammed V ក្នុង​ទីក្រុង Casablanca ប្រទេស​ម៉ារ៉ុក ក្រោម​ការ​កាត់​សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល Pacifique Ndabihawenimana ជនជាតិ​ប៊ូរុនឌី។ កីឡាករ Mohamed Sherif,Mohamed Magdy Mohamed Morsy,Amr Mohamed Eid El Soleya ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​របស់​ខ្លួន​ម្នាក់១គ្រាប់។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​កីឡាករ Mohamed Sherif បាន​ឈ្នះ​ស្បើកជើង​មាស​​ប្រចាំ​​រដូវកាល​២០២០-២១ នេះផង​ដែរ​ បន្ទាប់​ពី​រក​បាន​គ្រាប់​បាល់៦គ្រាប់​ម្នាក់​ឯង​ច្រើន​ជាង​កីឡាករ​ដទៃ។

អត្ថបទពាក់ព័ន្ធ៖សហព័ន្ធ​បាល់ទាត់​ទ្វីប​អាហ្វ្រិក គាំទ្រ​គំនិត​ប្រកួត World Cup ​២ឆ្នាំ​ម្តង ព្រោះ​ចំណេញ​ខ្លាំង

ពានរង្វាន់ 2020–21 CAF Champions League មាន​ក្រុម​ចូលរួម​សរុប​៥៤​ក្រុម​មក​ពី​៤២​ប្រទេស ក្នុង​សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្រ្វិក ដោយ​ដំណើរការ​ពី​​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០២១។ ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ក្រុម Al Ahly SC ទទួល​បាន​​ទឹក​ប្រាក់​លើក​ទឹកចិត្ត​២.៥លាន​ដុល្លារ​អាមេរិក ហើយ​ក្រុម​ជើង​ឯករង Kaizer Chiefs ទទួល​បាន​ប្រាក់​រង្វាន់ ១.២៥លាន​ដុល្លារ​អាមេរិក។

ដូច្នេះ​ក្រុម Al Ahly SC មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាហ្រ្វិក ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2021 FIFA Club World Cup ជាមួយ​ក្រុម​ខ្លាំង​ៗ​មក​ពី​តំណាង​ទ្វីប​នានា​ជុំវិញ​ពិភពលោក ដែល​ត្រូវ​រៀបចំ​នៅ​ប្រទេស​ជប៉ុន ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ ខាង​មុខ។ កាល​ពី​ឆ្នាំ​២០២០ កន្លង​ទៅ​ក្រុម Al Ahly SC បាន​ឈរ​ចំណាត់​ថ្នាក់​លេខ៣​ក្នុង​ពាន​រង្វាន់​នេះ​ក្រោយ​ចាញ់​ក្រុម Bayern Munich របស់​អាល្លឺម៉ង់ មក​ពី​អឺរ៉ុប ដោយ​លទ្ធផល ២ទល់០ តែ​​យក​ឈ្នះ​ក្រុមPalmeiras របស់​ប្រេស៊ីល មក​ពី​ទ្វីប​អាមេរិក​ខាងជើង ដោយ​បាល់​ប៉េណាំង​ទី​កាត់សេចក្តី ៣ទល់២ ក្រោយ​ប្រកួត​ស្មើ​គ្នា​០ទល់០៕

Telegram-Troryorng
Share.