សិល្បៈ​ជាតិ​៖​ ថ្មី​ៗ​នេះ​ពិធីករ​ សុខ​ រ៉ាស៊ី​ ចេញ​មក​បង្ហាញ​មុខ​ជន​រងគ្រោះ​ទី​ ៧​ ដែល​លោក​ អ៊ិន​ សុភិន​ បាន​ជំពាក់​លុយ​ហើយ​គេចវេស​មិន​ព្រម​ចូល​ខ្លួន​ដោះស្រាយ​ ដោយ​ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា​ ទឹក​ប្រាក់​ចំនួន​ ១៥០០០​ ដុល្លារ​ដែល​លោក​ អ៊ិន​ សុភិន​ ជំពាក់​ជា​យូរ​មក​ហើយនោះ​ ក៏​នៅមិន​ទាន់​បាន​ទទួល​បាន​ដំណោះ​ស្រាយ​អ្វី​សូម្បី​តែ​មួយ​រៀល​លុយ​ខ្មែរ​ បើទោះបី​​ជា​ពឹង​តុលាការ​ក៏​គ្មាន​ពន្លឺ​យុត្តិធម៌​ដែរ​។​

នៅ​ថ្ងៃទី​ ១៧​ ខែ​កក្កដា​ ឆ្នាំ​ ២០២៣​ នេះ​ លោក​ សុខ​ រ៉ាស៊ី​ បាន​បង្ហាញ​មុខ​ VJ​ Dada​ ដែល​លោក​ក៏​ជា​ជន​រង​គ្រោះ​ដោយសារ​លោក​ អ៊ិន​ សុភិន​ ជំពាក់​លុយ​ និង​បាន​បង្ហោះ​សារ​ប្រាប់​មហាជន​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ ៖​ «​ជន​រង​គ្រោះ​ទី7​ ហើយ​ ទាំង​តារា​សម្តែង​ ពិធីករ​ អ្នក​រៀបចំ​ឆាក​ បុគ្គលិក​ គ្រូ​បង្វឹក​បាល់ទាត់​ លុយ​ខ្ញុំ​ 15000​$​ គ្មាន​បាន​សូម្បី​មួយ​រៀល​ លុយ​ខ្មែរ​ ពឹង​តុលាការ​ ប្រហែល​ 20​ឆ្នាំ​ទៀត​បាន​ បាន​លុយ​មើល​ទៅ​ តើ​អ្នកណា​អាច​ជួយ​បាន​?​»​។

ងាក​មក​ VJ​ Dada​ វិញ​ លោក​បាន​ចេញ​មុខ​បង្ហោះ​វីដេអូ​ប្រាប់​មហាជន​នៅ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣​​ឱ្យ​ដឹង​ថា​ លោក​ អ៊ិន​ សុភិន​ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​ បាន​ជំពាក់​លុយ​លោក​ចំនួន​ជាង​ ១០០០​ ដុល្លារ​ថ្លៃ​ដែល​លោក​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​ Mister​ and​ Miss​ Supranational​ Cambodia​ 2023​ តាំង​ពី​អំឡុង​ខែ​មេសា​ រហូត​ដល់​ខែ​ កក្កដា​ នេះ​ ដោយ​មិន​ព្រម​ចូល​ខ្លួន​ដោះស្រាយ​ ហើយ​ព្យាយាម​គេចវេស​ សូម្បី​តែ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ក៏​មិន​ព្រម​លើក​ ឬ ​Chat ​, Comment​ នៅ​លើ​ហ្វេសប៊ុក​ក៏​មិន​ព្រម​ឆ្លើយ​តប​វិញ​ដែរ​។ លោក​បញ្ជាក់​ទៀត​ថា​ មិនមែន​មាន​តែ​លោក​ម្នាក់​ទេ​ជា​ជនរងគ្រោះ សូម្បី​តែ​ពិធីការិនី​ និង​ក្រុម​ជួល​សម្ភារៈ​ភ្លើង​ឧបករណ៍​ Live​ រៀបចំ​កម្មវិធី​នោះ​ក៏​នៅ​មិនទាន់​បាន​ទទួល​លុយ​ដោះស្រាយ​ដូច​គ្នា​។​

គួរ​រំលឹក​ដែរ​ថា​ កន្លង​មក​នេះ​ លោក​ អ៊ិន​ សុភិន ​គឺ​មាន​បញ្ហា​រឿងជំពាក់​លុយ​កាក់​ជាមួយ​នឹងបុគ្គលិក ​តួ​សម្ដែង​ កីឡាករ និងអ្នក​សិល្បៈ​ជា​ច្រើន​រូប​ទៀត​ ដែល​លោក​ហាក់​មិន​អើពើ​ដោះស្រាយ​ឱ្យ​ពួក​គេ​ រហូត​អ្នក​ទាំង​នោះ​អត់​ទ្រាំ​លែង​បាន​ក៏​ចេញ​មក​ទម្លាយ​បញ្ហា​នៅ​លើ​បណ្ដាញ​សង្គម​ ដើម្បី​រក​អន្តរាគមន៍​ណា​មួយ​។​

ចូលអាន៖ អស់​ការ​អត់ទ្រាំ​ លោក​ សុខ​ រ៉ាស៊ី ប្រកាស​​ប្ដឹង​​លោក​ អ៊ិន សុភិន ទៅ​​តុលាការ!

សម្រាប់​ករណី​ខាង​លើ​នេះ​ដែរ​ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ប្រតិកម្ម​តប​វិញ​ពី​សំណាក់​លោក​ អ៊ិន​ សុភិន​ ក្នុងព្រឹក​​ថ្ងៃ​នេះ​នៅ​ឡើយ​ទេ​។​ ត្រយង​នឹង​ផ្សាយ​ដំណឹង​បន្ត​ទៀត​បើ​មាន​ការ​បកស្រាយ​ណា​មួយ​ចេញ​ពីលោក​ អ៊ិន ​សុភិន​ ឬ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​៕​

Share.