រំលង​២​ថ្ងៃ​ក្រោយ​ចប់​ការប្រកួត​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំ​វិញ​​ការ​​ស្នើ​សុំ​អោយ​មាន​ការ​ស៊ើបអង្កេត​ករណី​សម្រេច​ចិត្ត​របស់​លោក​អាជ្ញាកណ្ដាល​ ឃួន វីរៈ នៅ​ចុងម៉ោង​ក្នុង​ជំនួប​ទល់​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង នា​រាត្រី​ថ្ងៃ​សុក្រ កន្លង​ទៅ ប្រចាំ​សប្ដាហ៍​ទី២​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24

លោក ឃួន វីរៈ កាត់សេចក្តី ក្នុង​ជំនួបភ្នំពេញក្រោន (ក្រហម) ប្រកួតទល់ព្រះខ័នរាជស្វាយរៀង (ខៀវចាស់)

អត្ថបទពាក់ព័ន្ធ៖អ្នកចាត់ការ​ក្រុម​ភ្នំពេញក្រោន បន្សាប​ចិត្ត​អ្នក​គាំទ្រ​ ក្រោយ​​មាន​បន្ត​​វែកញែក​ជំនួប​ទល់​ព្រះខ័នរាជស្វាយរៀង

ខាង​ក្រោម​ជា​សំណេរ​ទាំង​ស្រុង​របស់​​ក្លិប​ជើង​ឯក​ឆ្នាំ​ចាស់​មួយ​នេះ បង្ហោះ​លើ Page Facebook របស់​ខ្លួន​អម​ដោយ​វីដេអូ​ជា​ភស្តុតាង៖«ជា​បឋម សូម​អរគុណ​ដល់ ព្រះខ័នរាជស្វាយរៀង ហ្វូតបលក្លិប ដែល​បាន​បង្ហាញ​នូវការ​ប្រកួត​យ៉ាង​អស្ចារ្យ​ពី​មុខ​អ្នកគាំទ្រ​និង​សូម​អបអរ​ផង​ដែរ​ដល់​ទស្សនិកជន​ទាំង​អស់​ដែល​បាន​មក​ទស្សនា​ពេញ​ទីលាន​ព្រោះ​នេះ​ជា​សញ្ញា​បង្ហាញ​អំពី​ការ​អភិវឌ្ឍបាល់ទាត់ក្នុងលីគរបស់កម្ពុជា​ ហើយ​យើង​សង្ឃឹម​ថា​ បងប្អូន​នឹង​បន្ត​គាំទ្រ​ដល់​ក្លិប​ដែល​ខ្លួន​ចូលចិត្ត​កាន់​តែ​ផុសផុល​បន្ថែម​ទៀត»។

ក្លិប​ភ្នំពេញក្រោន បាន​បញ្ជាក់​ថា​ខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​រួចរាល់​ហើយ​ជុំ​វិញ​ករណី​ខាង​​ចម្រូងចម្រាស​ចុង​ម៉ោង​នេះ៖«ជាមួយ​គ្នា​នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បាន​សង្កេត​ឃើញ​ថា មាន​ការ​កាត់ក្តី​មិន​សមស្រប​មួយ​ចំនួន​ដែល​យើង​គិត​ថា​បាន​ធ្វើឲ្យ​លទ្ធផល​ប្រកួត​មាន​ការ​ប្រែប្រួល​ហើយ​យើង​ខ្ញុំ​ក៏​បាន​ផ្ញើ​លិខិត​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​អំពី​ការ​ប្រកួត​នេះ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ការងារ​របស់​យើង​ក៏​បាន​ពិនិត្យ​វីដេអូ​ប្រកួត​ជា​ច្រើន​សារ​ម្តងហើយ​ម្តង​ទៀត​ភ្ជាប់​ជាមួយ​រូបភាព​យឺតៗ​ផង​ដោយ​បាន​បង្ហាញ​ថា​ កីឡាករ ឡុង ភារ៉ាត់ ពិត​ជា​បាន​យក​ក្បាល​ទៅ​ប៉ះ​បាល់​មុន​និង​ការ​ទាត់​របស់​កីឡាករ សឿយ វិសាល ពិត​មែន»។

ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​មួយ​នេះ​បាន​បង្ហាញ​អំពី​ភស្តុតាង​មួយ​ចំនួន​ជុំ​វិញ​ទស្សនៈ​របស់​ខ្លួន​ថា៖«យើង​ក៏​បានធ្វើការ​សិក្សា​អំពី​ច្បាប់​នៃ​ការ​ប្រកួត (Law of the game) និង​បាន​យល់​អំពី​ចំនុច​ដូចជា៖

  • ការ​ទាត់​ប្រយោល (Indirect freekick) ដោយ​កំហុស​លើ​ការ​លេង​ដោយ​គ្រោះថ្នាក់ (Plays in a dangerous manner) ក្នុង​ច្បាប់​ល្បែង​របស់​ IFAB ក្នុង​មាតិកា ១២ នៅ​ទំព័រ ១០២។
  • ការ​ទាត់​ផ្ទាល់ (direct freekick) ដោយ​កំហុស​លើ​ទាត់ ឬ​ព្យាយាម​ទាត់ (Kick or Attempts to kick) ដោយ​ផ្អែក​លើ​ការ​សិក្សា​លើ​ច្បាប់ និង​វីដេអូ បាន​បង្ហាញ​ថា កីឡាករ ឡុង ភារ៉ាត់ គឺ​ជា​អ្នក​ប៉ះ​បាល់​មុន ចំណែក​ វិសាល បាន​ទាត់​បាល់​ក្រោយ និង​ប៉ះ​ក្បាល​របស់ ភារ៉ាត់ តែ​ម្តង»។

អត្ថបទពាក់ព័ន្ធ៖CPL៖ Marcus Haber តែតផ្តាច់ចុងម៉ោងជួយស្វាយរៀង យកឈ្នះភ្នំពេញក្រោន​

ជម្រើស១១នាក់ដំបូងរបស់ភ្នំពេញក្រោន

ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា ៨សម័យកាល មួយ​នេះ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​តវ៉ា នេះ​ថា៖« ការ​ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នេះ​មាន​គោលបំណង​ចម្បង​គឺ​ការពារ​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា ជា​ពិសេស​គឺ​ធានា​ថា​ការ​ប្រកួត​ទាំង​អស់​ក្នុង​លីគ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សុក្រឹត្យភាព​ដល់​ក្លិប​ទាំង​អស់​រួម​ទាំង​ផ្តល់​នូវ​ភាព​រីកចម្រើន​ចំពោះ​កីឡាករ​ទាំង​អស់»។

«ពិត​ណាស់ ​យើង​យល់​ច្បាស់​ថា អាជ្ញាកណ្តាល​ក៏​ជា​មនុស្ស​ជាតិ​ដូច​អ្នក​រាល់​គ្នា​ដែរ​ ដូចនេះ​គាត់​គង់​នឹង​មាន​កំហុស​ក្នុង​ការ​អនុវត្តន៍​ការងារ​របស់​ខ្លួន​ដូច​មនុស្ស​ទូទៅ​ជាក់ជា​មិន​ខាន​ ប៉ុន្តែ​ជា​សំណូមពរ​គឺ​សូម​ឲ្យ​កំហុស​ទាំង​នោះ​មាន​កម្រិត​តិចតួច​ហើយ​សូមកុំ​ឲ្យ​រំលង​កំហុស​ដ៏​ធំ​ណាមួយ​ដែល​អាច​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ។ យើង​ខ្ញុំក៏សូម​ធ្វើការ​សុំទោស​ផង​ដែរ​ដល់​មន្ត្រីការ​ប្រកួត​ខណៈ​ដែល​ក្រោយ​ចប់ការ​ប្រកួត​មាន​ក្រុម​កីឡាករ​បាន​ចោមរោម និង​តវ៉ា​ជាមួយ​អាជ្ញាកណ្តាល​ដែល​នេះ​ជា​រូបភាព​មួយ​មិន​ល្អ​សម្រាប់​បាល់ទាត់។ យើង​បាន​យល់​ពី​អារម្មណ៍​កីឡាករ អំពី​ការ​សម្រេច​ចិត្ត និង​លទ្ធផល ប៉ុន្តែ​ក្នុង​នាម​ជា​ក្លិប​បាល់ទាត់​អាជីព​ និង​កីឡាករ​អាជីព​ គឺ​យើង​នឹង​ព្យាយាម​ដោះស្រាយ​រាល់​ការ​តវ៉ា​ទាំង​អស់​ជា​ផ្លូវការ​ពោល​គឺ​ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ និង​មន្ត្រី​ត្រូវ​ការ​ចាប់ដៃ​គ្នា​ដែល​ជា​រូបភាព​គម្រូ​ដល់​សង្គម»។ ភ្នំពេញក្រោន បញ្ជាក់។

អត្ថបទពាក់ព័ន្ធ៖ពានរង្វាន់ Cambodian Super Cup ៣លើក​ លទ្ធផល​បញ្ចប់​ទៅ​ទាត់​បញ្ជូល​ទី​គ្នា​៣គ្រាប់​ដូចគ្នា

ប៉ូលីន ប្រធានក្រុមភ្នំពេញក្រោន (ក្រហម) ចាប់ដៃជាមួយ វិសាល ប្រធានក្រុមព្រះខ័នរាជស្វាយរៀង (ខៀវចាស់)

ក្លិប​បាន​ថ្លែង​អរគុណ​ភាគី​ពាក់ព័ន្ធ​ដែល​បាន​បង្ហាញ​ទស្សនៈ​រៀងៗខ្លួន​ជុំ​វិញ​ករណី​នេះ​ថា៖«ជា​ចុងក្រោយ សូម​អរគុណ​ដល់​បណ្តាញ​សារព័ត៌មាន ក្រុម​អ្នក​វិភាគ និង​អ្នក​ស្នេហា​កីឡា​បាល់ទាត់​ទាំង​អស់​ ដែល​បាន​បញ្ចេញ​មតិ​ក្នុង​ព្រឹត្តិការណ៍​នេះ ​វា​ពិត​ជា​សក្ខីភាព​មួយ​បង្ហាញ​អំពី​ចំណេះដឹង​កីឡា​ក៏​ដូចជា​ចំណាប់​អារម្មណ៍​កាន់​តែ​កើន​ឡើង​ក្នុង​វិស័យ​បាល់ទាត់។ ចំពោះ យើង​ទាំង​អស់​គ្នា​ដែល​ជា​កីឡាករ​ និង​មន្រ្តី​របស់​ក្លិប​ភ្នំពេញក្រោន នឹង​មិន​មាន​មតិ​ឬ​យោបល់​បន្ថែម​លើ​បញ្ហា​នេះ​ទេ​ក្រៅ​ពី​សេចក្តី​ថ្លែងការណ៍​របស់​ក្លិប​ដែល​បាន​ផ្សព្វផ្សាយ​ជូន​ជា​សាធារណៈ​នេះ»។

សូម​បញ្ជាក់​ថា​​នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ឆ្នាំ​២០២៣ ដែល​ក្រុម​បាល់ទាត់​ភ្នំពេញក្រោន រង​បរាជ័យ​ ខណៈ​​ប្រកួត​​ពេញ​ក្នុង​ពានរង្វាន់ Cambodian League Cup ៩ប្រកួត​ចាប់​ពី​វគ្គ​ចែក​ពូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ភ្នំពេញក្រោន ឈ្នះ​ទាំង​៩​ប្រកួត បូក​ទាំង​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅសាច់ដុំ Pre-Season ចំនួន​៥លើក នៅ​ក្រៅ​ប្រទេស​ឈ្នះ​២​លើក​និង​ស្មើ​គ្នា​៣​លើក៕

Share.