ទីបំផុត​ក្រុម​ភ្នំពេញក្រោន បាន​បន្ត​កំណត់ត្រា ជា​ក្រុម​កម្ពុជា ទាំង​អស់​ដែល​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​ឡាវ គ្រប់ពេល​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Young Elephants នៅ​វគ្គ​ជម្រុះ Preliminary round 2 ដោយ​លទ្ធផល​ ២-០ លើ​ទីលាន​កីឡដ្ឋាន Smart RSN ក្នុង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែសីហា ឆ្នាំ​២០២៣។

ការ​ប្រកួត​ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ឥណ្ឌា Pranjal Banerjee ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​៦:៣០នាទី ក្រោយ​ផ្អាក​បណ្ដោះអាសន្ន​១៥​នាទី​ចំនួន​២លើក ព្រោះ​តែ​ទឹក​ដក់​លើ​ទីលាន​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន រក​បាន​ដោយ​កីឡាករ​បរទេស​ចំនួន​៣រូប​គឺ​កីឡាករ​ជប៉ុន Shintaro Shimizu, Yudai Ogawa និង​កីឡាករ​កូឡុំប៊ី Andrés Nieto។ ចំណែក​កីឡាករ​របស់​Young Elephants គឺ​កីឡាករ ​Emmanuel Jugbe Doe ត្រូវ​លោក​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​នៅ​ចុង​វគ្គ​ទី២។

អត្ថបទពាក់ព័ន្ធ៖សមាជិកលីគកំពូលកម្ពុជា ទាំងអស់ទទួលបានអាជ្ញាបណ្ឌពីសហព័ន្ធបាល់ទាត់អាស៊ីជាប្រវត្តិសាស្រ្ត

ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ឈ្នះ​នៅ​វគ្គជម្រុះ Preliminary round 2 ក្រុម​ភ្នំពេញក្រោន ទទួល​បាន​សិទ្ធិ​បន្ត​ឡើង​ទៅ​ប្រកួត​វគ្គ ​Play-off round ដែល​មាន​ក្រុម Tampines Rovers របស់​សិង្ហបុរី កំពុង​អង្គុយចាំ ខណៈ​ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​​២៣ ខែ​សីហា ឆ្នាំ​២០២៣ លើ​ទីលាន​កីឡដ្ឋាន Jalan Besar Stadium នៅ​ប្រទេស​សិង្ហបុរី។

អត្ថបទពាក់ព័ន្ធ៖កីឡាករមីយ៉ាន់ម៉ា និយាយពីឱកាសជួយភ្នំពេញក្រោន នៅ​AFC Cup ក្រោយដល់កីឡដ្ឋាន Smart RSN

មុន​មាន​កៅអី​ចូល​ប្រកួត​ក្នុង​​វគ្គ​ជម្រុះ​នេះ ក្រុម​ភ្នំពេញក្រោន គឺ​ជា​ក្រុម​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២២ កន្លង​ទៅ ខណៈ​នេះ​ជា​លើក​ទី២​ហើយ​ដែល​ក្រុម​ភ្នំពេញក្រោន ចូល​ប្រកួត​ត្រឹម​វគ្គ​ជម្រុះ​នេះ ដោយ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៧ ភ្នំពេញក្រោន បាន​ចាញ់​ក្រុម Home United (Lion City Sailors FC) ដោយ​លទ្ធផល​ជើង​ទី១ នៅ​ភ្នំពេញ ចាញ់​ ៣ទល់៤ និង​ជើង​ទី២​នៅ​សិង្ហបុរី បន្ត​ចាញ់ ៣-០៕

រូបថត៖ CPL

Share.