សិល្បៈ​ជាតិ​៖ បន្ទាប់​ពី​ឈ្នះ​មកុដ​ Miss​ Grand​ Cambodia​ 2023 ​នៅ​រាត្រី​ថ្ងៃ​ទី​ ១៩​ សីហា​ កន្លង​មក​នេះ​ ម្ចាស់​មកុដ​គឺ​កញ្ញា​ ភឹម​ ស្រីនោ​ នៅ​តែ​ទទួល​រង​ពាក្យ​សម្ដី​រិះគន់​ពី​ហ្វេន​អ្នកគាំទ្រ​ និង​អ្នក​សិល្បៈ​មួយ​ចំនួន​ ដោយ​ពួក​គេ​យល់​ឃើញ​ថា​ តំណែង​ម្ចាស់​មកុដ​ក្នុង​ឆ្នាំ​នេះ​ សម​ណាស់​តែ​បាន​ទៅ​លើ​កញ្ញា​ អ៊ិន​ លក្ខណា​ ដែល​មាន​កំពស់​ខ្ពស់​ជាងម្ចាស់មកុដ​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​នាង​បែរ​ជា​ទទួល​បាន​តំណែង​ត្រឹម​លំដាប់​រង​ទី​ ២​ ទៅ​វិញ​។

បើ​ទោះ​បី​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ក្ដី ក៏​មាន​អ្នក​ជំនាញ​មួយ​ចំនួន​បាន​បង្ហាញ​ពី​គំនិត​ផ្ទុយ​ស្រឡះ​ពី​អ្នក​រិះគន់​ទៅ​វិញ​ ដោយ​ពួក​គេ​លើក​អំណះអំណាង​ពី​ចំណុច​ស័ក្ដិសម​របស់​បវរកញ្ញា​ ភឹម​ ស្រីនោ ​មក​វិភាគ​។

ក្នុង​នោះ​ លោក​ Pey Pey​ Dy​ បាន​លើក​ឡើង​ថា​ ៖ «Nano​ best​ answer​.មកុដ​អត់​ចំឡែក​ទេ​ » ដែល​ការ​លើក​ឡើង​របស់​លោក​បែប​នេះ​មាន​អ្នកគាំទ្រ​ច្រើន​ ។ ហើយ​លោក​ក៏​បាន​បកស្រាយ​បន្ថែម​ទៀត​ថា​ ៖ «ចំពោះ​ខ្ញុំ​ ខ្ញុំ​រំពឹង​ប៉ៃលិន​ និង​ក្រចេះ​ តែ​ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​ក្នុង​វគ្គ​ Top5​ ខ្ញុំ​គិត​ថា​ Nano​ សម​នឹង​ទទួល​បាន​។ ស្រលាញ់​អ្នក​ណា​ក៏​ដោយ​ តែ​ត្រូវ​យក​ការ​ពិត​និង​សមត្ថភាព​របស់​មនុស្ស​ម្នាក់ៗ​»។

ជាមួយគ្នានេះ កញ្ញា ណាសា ឌី បានបង្ហាញមតិថាគាំទ្រចំពោះកញ្ញា ភឹម ស្រីនោ ផងដែរ។ កញ្ញាបានលើកឡើងជាច្រើនចំណុចមកបង្ហាញប្រាប់មហាជនឱ្យបានដឹង។

ចូលអាន៖ លែង​ទប់​មាត់​ ណា សាឌី ​ប្រតិកម្ម​ឆ្លើយ​តប​ផាំង​ៗ​ទៅ​អ្នក​មាន​ទស្សនៈ​ឆ្វេង​និយម​ ដែល​យល់​ថា​ទាល់​តែ​ចេះ​ថៃ​ទើប​ឈ្នះ​!

ចំពោះ​លោក​ ប្រាក់​ សំណាង ​ដែល​ជា​គ្រូ​បង្រៀន​ជំនាញ​ Soft​ skill​ នៃ​ស្ថាប័ន​ Miss​ Grand​ Cambodia​ 2023 ​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ បេក្ខភាព​ផ្លូវការ​ទាំង​ ២៥​ រូប​ ពួក​គេ​សុទ្ធ​តែ​មាន​សមត្ថភាព​ និង​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ ភឹម​ ស្រីនោ ​មិន​ដែល​ចុះចាញ់​វិញ្ញាសា​ណាមួយ​នោះ​ឡើយ​ ទោះបី​លទ្ធផល​ចេញ​មក​ល្អ​ ឬ​មិន​ល្អ​។ ស្រី​នោ ​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន​ក្នុង​វគ្គ​ Close​ Door​ Interview​ ដោយ​នាង​បាន​បង្ហាញ​គោល​ជំហរ​​ច្បាស់​លាស់​ និង​បាន​បង្ហាញ​សមត្ថភាព​និយាយ​ជា​ភាសា​អង់គ្លេស​-ថៃ​ ឱ្យ​គណៈកម្មការ​បាន​ឃើញ​ ទោះបី​ការ​និយាយ​នោះ​ត្រូវ​ ឬ​ខុស​ក៏​ដោយ​ ក៏​នាង​ក្លាហាន​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ​ថា​ នាង​ពិត​ជា​មាន​ការ​ប្តេជ្ញា​ និង​ការ​ខិត​ខំ​ប្រឹងប្រែង​ខ្ពស់​ពិត​មែន​។ សូម្បី ​បេក្ខភាព​ភាគ​ច្រើន​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​លើ ​ស្រីនោ ​ដែរ។​ មួយ​វិញ​ទៀត​ ស្រី​នោ ​មាន​ការ​រៀប​ចំ​ខ្លួន​បាន​ល្អ​ស្អាត ​និង​អាច​បក​ស្រាយ​ចម្រៀង​បាន​ពីរោះ​ ដែល​ចំនុច​នេះ​គឺ​ជា​កត្តា​ដែល​ត្រូវ​នឹង​អ្វី​ដែល​ស្ថាប័ន​ Miss​ Grand ​International​ ចង់​បាន​។

យ៉ាងណាមិញ ​លោកស្រី​ អឹម​ សុគន្ធា​ ដែល​ជា​អគ្គនាយិកា​របស់​ស្ថាប័ន​Miss ​Grand​ Cambodia​ 2023​ ក៏​បាន​មាន​ប្រសាសន៍​ថា​ ៖ «នាង​ខ្ញុំ​មិន​ខឹង​ មិន​អន់​ចិត្ត​ទេ​សម្រាប់​ បង​ប្អូន​មួយ​ចំនួន​ដែល​គាត់​គិត​មក​លើ​ខ្ញុំ​យ៉ាង​ណា​… តែ​នាង​ខ្ញុំ​បាន​ប្រាប់​ហើយ​កម្មវិធី​ ត្រូវ​តែ​សុក្រឹត​ ខ្វះ​តែ​បន្តិច​ក៏​មិន​បាន​ដែរ​ ឱកាស​មាន​តែ​1នាទី​ទេ​… ហើយ​បើ​ចង់​អោយ​idol​របស់​អ្នក​ទទួល​បាន​មកុដ​នៅ​ឆ្នាំ​ណា​មួយ​ត្រូវ​តែ​ចេះ​លើក​ទឹក​ចិត្ត​គាត់​ កុំ​បង្ក​បញ្ហា​…ពី​ព្រោះ​កម្មវិធី​នេះ​នាង​ខ្ញុំ​រៀប​ចំ​អស់​ថវិកា​ច្រើន​ណាស់​ យក​បេះដូង​នឹង​ក្ដី​ស្រលាញ់​មក​ធ្វើ​ជូន​ដល់​ជាតិ​…សូម​ប្រើ​សារ​comment​ របស់​អ្នក​ មក​ជា​ប្រយោជន៍​ដល់​បេក្ខនារី​ដែល​អ្នក​ស្រលាញ់​… នឹង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​ការងារ​Miss​ Grand ទាំង​អស់​ពួក​គាត់​អត់​បាន​គេង​ជាង​10​ថ្ងៃ​ហើយ​ ..»។

លោកស្រី​ អ៊ឹម​ សុគន្ធា​ បាន​បន្ត​ថា​ ៖ «បេក្ខនារី​ទាំង​អស់​ចូល​ប្រើ​ពេល​វេលា​មួយ​នេះ​យក​បទពិសោធន៍​ហាត់​រៀន​ ហើយ​រៀប​ចំ​ខ្លួន​អោយ​រួចរាល់​ជា​បវរកញ្ញា​សំរាប់​ឆ្នាំ​ណា​មួយ​ ស្វែង​យល់​ពី​កម្មវិធី​ថា​ Grandត្រូវ​ការ​អ្វី​?? នោះ​អ្នក​នឹង​មាន​សំឡេង​គាំទ្រ​កាន់​តែ​ខ្លាំង​ទូទាំង​ប្រទេស​100%​ដើម្បី​ត្រៀម​ខ្លួន​ ទៅ​យក​មកុដ​ឱ្យ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ណា​មួយ​…ទោះបី​ជា​ការ​ជ្រើសរើស​មួយ​នេះ​បងប្អូន​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ តែ​នាង​ខ្ញុំ​គិត​ថា​ការ​ជ្រើសរើស​របស់​ខ្ញុំ​សក្ត័សម​បំផុត​ដែល​ខ្ញុំ​ជា​អ្នក​ដឹកនាំ​នៃ​កម្មវិធី​ Miss​ Grand​ Cambodia​ 2023​។ ខ្មែរ​ស្រលាញ់​ខ្មែរ​ ប្រទេស​តូច​តែ​បេះដូង​ធំ​…សូម​លើក​ទឹក​ចិត្ត​ដល់​គាត់​ Phoem ​Sreyno​ ដែល​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ឆ្នាំ​ 2023​ ទាំង​អស់​គ្នា​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​»។

ដោយ​ឡែក​ទៀត​នោះ​ យោង​ពី​ Beauty ​Pageant ​Reviews ​ដែល​មហាជន​ទទួល​ស្គាល់​ថា​ ជា​អ្នក​ដែល​គាំទ្រ​ និង​លម្អិត​លើ​វិស័យ​បវរកញ្ញា​ក្នុង​ប្រទេស​កម្ពុជា​ ក៏​បាន​យល់​ឃើញ​ថា​ ៖ «ការ​ខិតខំ​តស៊ូ​មិន​ដែល​ក្បត់​នរណា​ម្នាក់​ឡើយ ​! ថ្ងៃនេះ​បង​ពិត​ជា​មាន​មោទកភាព​ណាស់​ចំពោះ​កូនស្រី​ មកុដ​និង​រត់​មក​រក​មនុស្ស​ដែល​ស័ក្ដិសម​ អូន​ព្យាយាម​ច្រើន​ហើយ​ លើក​នេះ​អូន​ក៏​ស៊ូ​ច្រើន​មក​ដែរ​ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​មួយ​នេះ​ ហ្វេន​គេ​មិន​បាន​ដឹង​ទេ​ថា​យើង​ខំ​ប៉ុណ្ណា​ តែ​បង​ជឿ​ថា​ថ្ងៃ​ណា​មួយ​គេ​និង​យល់​ អរគុណ​សម្រាប់​ពាក្យ​ជូន​ពរ​មក​កាន់​នាង​»។

សូម​ជម្រាប​ថា​ ក្រៅ​ពី​អ្នកជំនាញ​ដែល​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​កញ្ញា​ ភឹម ​ស្រីនោ​ ហើយ​នោះ​ កញ្ញា​ ពេជ្រ​ វត្តីសារ៉ាវឌ្ឍី​ បាន​សន្យា​ជាមួយ​ហ្វេន​អ្នកគាំទ្រ​ថា​ មុន​ចេញ​បេសកកម្ម​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ ស្រីនោ ​នឹង​ត្រូវ​ហ្វឹកហាត់​ជាមួយ​ វត្តី​ ចំនួន​១​ខែ​ពេញ​ ហើយ​វត្តី ​នឹង​ស្វែង​រក​ភាព​ជា​ស្រីនោ​ ពិត​ឱ្យ​កាន់​តែ​ច្បាស់​ ដើម្បី​ទទួល​បាន​វិជ្ជា​គុន​បន្ថែម​ឱ្យ​កាន់​តែ​ច្បាស់​ និង​មាន​ឱកាស​ឈ្នះ​មកុដ​កម្រិត​អន្តរជាតិ​។ គ្រប់​គ្នា​នឹង​រង់ចាំ​អ៊ុត​មើល​ថា ​ភឹម ​ស្រីនោ ​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​បាន​កម្រិត​ណា​ នៅ​លើ​ឆាក​អន្តរជាតិ​ នៅ​ប្រទេស​វៀតណាម​?​

Share.