ក្លិប​បាល់ទាត់​ចំនួន​៣​បាន​បាន​ប្រកាស​ពី​ការ​ដោះដូរ​កីឡាករ​២នាក់ នៅ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មុន​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ស្រុក​បើក​ទ្វា​ក្នុង​ជើង​ទី២ ដែល​មាន​រយៈ​ពេល​​២៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ តទៅ។

កីឡាករ​ទាំង​២​នាក់​នោះ​មាន​កីឡាករ​អេស្ប៉ាញ Victor Blasco បាន​ប្រកាស​ចាក​ចេញ​ពី​ក្លិប​អង្គរថាយហ្គឺរ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ស្រប​ពេល​ដែល​ខ្សែ​ការពារ​វ័យ​ក្មេង លឹម អារុណរ៉េយមិន បាន​ចាកចេញ​ពី​ក្រុម​ណាហ្គាវើល ទៅ​កាន់​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) ក្រោយ​មិន​បាន​បង្ហាញ​ខ្លួន​ទាល់​តែ​សោះ​ជាមួយ​ក្រុម​នៅ​ខេត្ត​កំពង់ស្ពឺ មួយ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ក្លិប​ Tiffy Army FC បាន​ដំឡើង​កីឡាករ​ពី​ក្រុម​ឈុត​យុវជន​របស់​ខ្លួន​ចំនួន​៤នាក់ ពី​លីគ​ទី២ (Cambodian League 2) អោយ​ឡើង​មក​ឈុត​ធំ សម្រាប់​ជើង​ទី២​នេះ ក្នុង​នោះ​មាន​កីឡាករ ជ សុវិសាល, សា យូសុះ, ជុង សាណាត , លាង ពិសី។

អត្ថបទពាក់ព័ន្ធ៖ទីផ្សារដោះដូរកីឡាករ ជើង​ទី២ លីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ មាន​ពេល​២៧ថ្ងៃ

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន Cambodian Premier League បាន​​ជូន​ដំណឹង​​ពី​កាលបរិច្ឆេទ​នៃ​ការ​ផ្ទេរ​កីឡាករ​ជាតិ និង​កីឡាករ​អន្តរជាតិ លើក​ទី​២ (Transfer Window 2) តាម​ប្រព័ន្ធ​អនឡាញ (FIFA TMS and FIFA CONNECT) ចាប់​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ហើយបិទទៅវិញថ្ងៃទី១១ ខែធ្នូ ២០២៣ ដោយ​ក្នុងនោះ​ក្លិប​ជា​សមាជិក​អាច​បន្ថែម​កីឡាករ​ក្នុង​ក្រុម​ខ្លួន​បាន​៖
– កីឡាករជាតិ ៦រូប
– កីឡាករអន្តរជាតិ ៣រូប

ពានរង្វាន់​លីគ​កំពូល​កម្ពុជា មាន​សមាជិក​ចំនួន​១០​ក្រុម ដោយ​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ដោយ​តម្រូវ​ប្រកួត​ចំនួន​៣ជុំ​សិន ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អជាង​គេ​ចំនួន​៤ក្រុម មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វិលជុំ​ម្នាក់​១លើក​ទៀត មុន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.