សហព័ន្ធ​កីឡា​បាល់ទាត់​របស់​ប្រទេស​ឡាវ បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​​រសៀល​ថ្ងៃ​សុក្រ ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ នេះ​ថា​នឹង​រំសាយ​ពានរង្វាន់​លីគ​កំពូល​របស់​ប្រទេស​ខ្លួន Lao League 1 2021 ក្រោយ​មាន​ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ខ្លាំង​នៅ​ក្នុង​ប្រទេស។

អត្ថបទពាក់ព័ន្ធ៖ពានរង្វាន់​លីគ​កំពូល​ឡាវ ឆ្នាំ២០២១ មានក្រុមចូលរួម​តែ​៥ក្រុម​ប៉ុណ្ណោះ

ការ​រំសាយ​នេះ​គឺ​ឆាចោល​​លទ្ធផល​នានា​កន្លង​មក​តែ​ម្ដង ដោយ​មិន​មាន​​ក្រុម​ណា​ឈ្មោះ​ជើង​ឯក​នោះ​ទេ ក្រោយ​សហព័ន្ធ​បាន​ពិភាក្សា​ព្រម​ព្រៀង​ជាមួយ​ក្លិប​​ជា​សមាជិក​និង​ភាគី​ពាក់ព័ន្ធ​នានា។ ប៉ុន្តែ​បើ​តាម​មន្រ្តី​ព័ត៌មាន​របស់​សហព័ន្ធ​ប្រាប់​មក​កាន់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង បញ្ជាក់​ថា​ករណី​​ឱកាស​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ជា​ពិសេស​ពានរង្វាន់ AFC Cup 2022 ខាង​មុខ​នឹង​ជ្រើសរើស​ក្រុម​ដែល​ទទួល​បាន​​សិទ្ធិ Club Licensing ពី​សហព័ន្ធ​កីឡា​​បាល់ទាត់​អាស៊ី។

សូម​បញ្ជាក់​ថា​​ពានរង្វាន់​លីគ​កំពូល​ឡាវ មាន​៥ ក្រុម​ចូលរួម ដោយ​មាន​ផែនការ​​ប្រកួត​គ្នា​វិលជុំ​ចំនួន​៣ជើង ចំនួន​១៥​សប្ដាហ៍ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ឈ្នះ​ជើង​ឯក ទទួល​បាន​ប្រាក់​រង្វាន់​​ចំនួន ៣00,000,000 គីប​ ឬ​ស្មើ​ប្រហែល​ជាង​៣ម៉ឺន​ដុល្លារ​អាមេរិក ព្រម​ទាំង​ទទួល​កៅអី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2022 តំណាង​ឱ្យ​ប្រទេស​ឡាវ ផង​ដែរ។ តែ​អ្វីៗ​ត្រូវ​រំសាយ​ចោល​ហើយ​នៅ​ពេល​នេះ៕

Telegram-Troryorng
Share.