សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសឡាវ បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនរសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ នេះថានឹងរំសាយពានរង្វាន់លីគកំពូលរបស់ប្រទេសខ្លួន Lao League 1 2021 ក្រោយមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លាំងនៅក្នុងប្រទេស។
អត្ថបទពាក់ព័ន្ធ៖ពានរង្វាន់លីគកំពូលឡាវ ឆ្នាំ២០២១ មានក្រុមចូលរួមតែ៥ក្រុមប៉ុណ្ណោះ
ការរំសាយនេះគឺឆាចោលលទ្ធផលនានាកន្លងមកតែម្ដង ដោយមិនមានក្រុមណាឈ្មោះជើងឯកនោះទេ ក្រោយសហព័ន្ធបានពិភាក្សាព្រមព្រៀងជាមួយក្លិបជាសមាជិកនិងភាគីពាក់ព័ន្ធនានា។ ប៉ុន្តែបើតាមមន្រ្តីព័ត៌មានរបស់សហព័ន្ធប្រាប់មកកាន់ក្រុមការងារសារព័ត៌មានត្រយង បញ្ជាក់ថាករណីឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ ជាពិសេសពានរង្វាន់ AFC Cup 2022 ខាងមុខនឹងជ្រើសរើសក្រុមដែលទទួលបានសិទ្ធិ Club Licensing ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី។
សូមបញ្ជាក់ថាពានរង្វាន់លីគកំពូលឡាវ មាន៥ ក្រុមចូលរួម ដោយមានផែនការប្រកួតគ្នាវិលជុំចំនួន៣ជើង ចំនួន១៥សប្ដាហ៍ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនឹងឈ្នះជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ៣00,000,000 គីប ឬស្មើប្រហែលជាង៣ម៉ឺនដុល្លារអាមេរិក ព្រមទាំងទទួលកៅអីចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2022 តំណាងឱ្យប្រទេសឡាវ ផងដែរ។ តែអ្វីៗត្រូវរំសាយចោលហើយនៅពេលនេះ៕