សិល្បៈជាតិ៖ មិន​ឱ្យ​ចាញ់​ក្មេងៗ​នោះ​ឡើយ​ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​ដែល​ជាទិវា​នៃក្ដី​ស្រលាញ់​ឧកញ៉ា ព្រាប សុវត្ថិបាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ដាក់ឧត្តមភរិយាដែល​បាន​ចាប់ដៃគ្នាសាងគ្រួសារ​រហូត​ដល់ទៅ​២៦​ឆ្នាំ​កន្លង​មក​ហើយ។

នៅ​ក្នុង​ការ​បង្ហោះ​មួយ​នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ២០២៤ ឧកញ៉ា ព្រាប ​សុវត្ថិ​ ដោយ​មាន​ភ្ជាប់​រូប​ភាព​ខ្លួន​ជូន​ផ្កា​កុលាប​មួយ​ទង​ដល់ភរិយា លោក​បាន​សរសេរ​ថា​៖ «បងស្រលាញ់​អូន​រាល់ថ្ងៃ​ មិន​ថាថ្ងៃ​នេះ​ឬថ្ងៃ​ស្អែក​ ស្រលាញ់​មយយ​ជីវិត​ អូន​ដឹង​អត់​?» ដែល​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​មាន​អារម្មណ៍​រំភើប​ជំនួស​ឧត្តម​ភរិយា​របស់​លោក​ ជាពិសេស​នោះ​គឺ​នារី​តែម្ដង​។

មិន​អស់​ត្រឹម​នេះ​ឡើយ ព្រោះ​ក្រោយ​មក​ទៀត លោកឧកញ៉ា​ ក៏​បានបង្ហោះ​រូបភាព​ជា​វីដេអូ​ថែម​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ Tiktok ដោយ​ក្នុង​នោះ​គេ​ឃើញ​លោក​បាន​ឱបនិង​ថើប​ភរិយា​របស់​លោក​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រលាញ់ថែម​ទៀត​ ដែល​ត្រង់​ចំណុច​នេះ​សម្រាប់​អ្នក​អត់គូ​ អាច​នឹង​អៀន​មិន​ហ៊ាន​មើល​ក៏​ថា​បាន​។

អ្នក​តាម​ដាន​សង្កេត​ឃើញ​ថា​រយៈពេល​២៦​ឆ្នាំ ​នៃ​ចំណង​អាពាហ៍ពិពាហ៍ រហូត​បង្កើត​បាន​សាក្សីស្នេហ៍ជា​កំលោះ​សង្ហា​៣​រូប​ គេ​មិន​ដែល​ឃើញ​គ្រួសារ​លោក​ ព្រាប សុវត្ថិ លេចឮ​ពាក្យ​ចចាមអារ៉ាម ឬ​ដំណឹង​អាស្រូវ​ស្នេហា​ធ្វើ​ឱ្យ​ភរិយា​រងទឹក​ភ្នែក​ណាស់ ភាគ​ច្រើន​គេ​ឃើញ​តែភាពផ្អែមល្ហែម​ ស្រលាញ់ យល់ចិត្ត​គ្នា​ប៉ុណ្ណោះ​ ដែល​គូស្នេហ៍​ទាំង​ពីរ​មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

សូមអាន៖ បង្ហោះ​រូប​ខួប​​រៀបការ​តែ​អ្នក​គាំទ្រ​ ​នាំ​គ្នា​សួរ​លោក​ ​ព្រាប សុវត្ថិ ​នូវ​សំនួរ​បែប​នេះ​ទៅ​វិញ​!

សូម​រំលឹក​ឡើងវិញ​ថាឧកញ៉ា​ ​ព្រាប​ ​សុវត្ថិ​ ​និង​ ​ភរិយា​ ​លោកស្រី​ ​ឡុង​ ​ស្រីមុំ​ ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​ ​១៩៩៧​ និង ​មាន​ចំណងដៃ​កូន​ប្រុស​ចំនួន ៣​នាក់​ដែល​បច្ចុប្បន្ន​សុទ្ធ​តែ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​៕​

Share.