ព្រឹត្តិការណ៍ Europe Trials ដែល​ជា​ការ​ចូលរួម​ហ្វឹកហាត់​និង​ប្រកួត​ធ្វើតេស្ត​បច្ចេកទេស​ដោយ​គ្រូ​បង្វឹក​ខ្មែរ​និង​បរទេស លើ​កីឡាករ​និង​កីឡា​ការិនី ចន្លោះ​អាយុ​១០​ដល់​១៩​ឆ្នាំ​ប្រមាណ​​ជា​ជិត​៣០០​នាក់ បាន​បញ្ចប់​ដោយ​ជោគជ័យ​និង​លើស​ពី​ការ​រំពឹង​ទុក។​

តាម​គម្រោង​ការ​ជ្រើសរើស​គឺ​យក​កីឡាករ Top Talent ចំនួន​១០​រូប ប៉ុន្តែ​ដោយ​សង្កេត​ឃើញ​ពី​ទេពកោសល្យ​របស់​កីឡាករ​ៗ លោក Joel Arron រួម​ទាំង​​គ្រូ​បង្វឹក​ខ្មែរ​និង​បរទេស សហការ​ជាមួយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​សម្រេច​ជ្រើសរើស​កីឡាករ​ឆ្នើម (Top Talent) ប្រចាំ​ព្រឹត្តិការណ៍​រហូត​ដល់​២៥នាក់​ឯណោះ។ ក្នុង​ចំណោម​២៥​នាក់​នេះ មាន​១៥​នាក់​ជាប់​ក្នុង Top Talent នៃ​ការ​ទទួល​ឱកាស​ទៅ​សាក​ល្បង​សមត្ថភាព​នៅ​ទ្វីប​អឺរ៉ុប និង​១០​នាក់​ទៀត​ជាប់​ឈ្មោះ​ហ្វឹកហាត់​​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​៣​ខែ​ជាមួយ​ក្លិប​បាល់ទាត់ Mate Jr។

ព្រឹត្តិការណ៍ Europe Trials ​នេះ​​ធ្វើ​ឡើង​​ពេញ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លើ​ទីលាន​បាល់ទាត់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​​ក្រុម​ចូលរួម​ប្រកួត​​ក្នុង​​ឈុត U10, U12, U13, U14, U16, U19 និង​ក្រុម​នារី។

អត្ថបទពាក់ព័ន្ធ៖កីឡាករ-​កីឡា​ការិនី​ជិត៣០០​នាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Europe Trials នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ

លោក Joel Arron អ្នក​ជំនាញ​បាល់ទាត់​មក​ពី​ប្រទេស​អាល្លឺម៉ង់ បាន​វាយ​តម្លៃ​ថា ឆ្លងកាត់​ការ​សង្កេត​ឃើញ​ការ​បង្ហាញ​សមត្ថភាព​លើ​ទីលាន​តាំង​ពី​ហ្វឹកហាត់ មក​ដល់​​ប្រកួត លោក​សង្កេត​មើល​ការ​ប្រកួត​ជា​ក្រុម​របស់​ពួក​គេ ប៉ុន្តែ​ផ្ដោត​លើ​​ការ​បញ្ចេញ​សមត្ថភាព​ជា​ឯកត្តជន ទើប​អាច​ជ្រើសរើស​ចេញ​ជា Top Talent បាន។

បុរស​ជនជាតិ​អាល្លឺម៉ង់ ខាង​លើ​​បាន​បន្ថែម​ថា​​ក្នុង​ករណី​កីឡាករ Top Talent មាន​ការ​យល់​​ព្រម​ពី​អាណាព្យាបាល​ទៅ​ហ្វឹកហាត់​នៅ​អឺរ៉ុប នោះ​គេ​នឹង​ទទួល​បាន​ឱកាស​​ហ្វឹកហាត់​បាល់ទាត់​ផង និង​បណ្តុះបណ្តាល​ពី​ការ​រស់​នៅ​ក្នុង​សង្គម​ផង៕

https://troryorng.com
Share.