កីឡាករ Zhang Linpeng ប្រធាន​ក្រុម​ជម្រើសជាតិចិន បានប្រកាសចូល​និវត្តន៍ ពីជម្រើសជាតិក្រោយមិនអាច​ជួយ​ក្រុមជម្រើស​ជាតិរបស់ខ្លួន យកឈ្នះលើក្រុមសិង្ហបុរី បានក្នុងការប្រកួតវគ្គជម្រុះពានរ​ង្វាន់​ពិភព​លោក ជើងទី១ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយចប់ការប្រកួតរវាង​ក្រុមជម្រើសជាតិចិន ទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី ដែលលទ្ធផលក្រុមចិន បានត្រឹមស្នើ ២ទល់នឹង២ ជាមួយ​ម្ចាស់ផ្ទះ​សិង្ហបុរី នៃកាប្រកួត​ជម្រុះជុំទី២ ជើងទី១ នៃពានរង្វាន់បាល់ ទាត់​ពិភពលោក FIFA World Cup 2026 កន្លងទៅក្នុង​កីឡដ្ឋាន Singapore National Stadium ។ ខ្សែការពារ Zhang Linpeng ដែលជាតួរអង្គសម្ខាន់របស់ក្រុមជម្រើសជាតិចិន រូបនោះបានប្រកាសចូលនិវត្តន៍ តែម្ដង។

យ៉ាងណាមិញមិនទាន់មានប្រភពណាដែលបានបញ្ជាក់ពីហេតុផលជាក់លាក់ពីប្រធាន​ក្រុម​រូប​នោះ​ឡើយ ប៉ុន្តែបើ​យោងតាម​ការចេញផ្សាយ​ពីគេ​ហទំពរ របស់​ប្រទេស​ចិន South China Morning Post ចុះផ្សាយកាលពីពេលកន្លងទៅថា ដើមចមនៃការចូលនិវត្តន៍របស់កីឡាករ Zhang Linpeng គឺរូបគេមិនសូវពេញចិត្តនឹងទម្រង់លេងរបស់មិត្តរួមក្រុមរបស់ខ្លួន។

ទោះយ៉ាងណាក្តី សម្រាប់ក្រុម​ជម្រើសជា​តិ​ចិន បានយកឈ្នះសិង្ហបុរី វិញក្នុងការប្រកួតជើងទី២ ដោយលទ្ធផល ៤-១ ដែលប្រកួត​នោះធ្វើឡើងនៅកីឡដ្ឋាន Tianjin Olympic Centre ស្ថិតក្នុងទីក្រុង Tianjin ប្រទេសចិន។

កន្លងមកក្រុមជម្រើសជាតិចិន បានកែប្រែក្បាលម៉ាស៊ីរបស់ខ្លួនដែលបានកំចាត់មន្ត្រីពុករលួយ មួយចំនួន ថែមទាំងប្រធានសហព័ន្ធ គ្រូបង្វឹក និងកីឡាករមួយចំនួនថែមទៀតផងពាក់ព័ន្ធនឹងរឿងស៊ី សំណូក និងរៀបចំលទ្ធផលការប្រកួត។

គួរឱ្យដឹងថា កីឡាករ Zhang Linpeng កើតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៨៩ បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំ កំពុងប្រកបអាជីប​នៅក្លិប Shanghai Port ប្រទេសចិន បានបង្ហាញខ្លួន ៤៥ប្រកួត រកបាន២គ្រាប់ ក្នុងនាមជាខ្សែការពារ។ ក្នុង​ក្រុម​ជម្រើសជាតិ​វិញ បុរស់កម្ពស់១.៨៥ ម៉ែត្រ រូបនេះ បង្ហាញខ្លួននៅជម្រើសជាតិតាំងពីឆ្នាំ២០០៩ បានចំនួន ១០៥ ប្រកួតថែមទាំងរកបាន ៦គ្រាប់ទៀតផង។

ដោយលែកសម្រាប់ភារៈកិច្ចក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup2026 ក្រុមជម្រើស​ជាតិចិន គឺស្ថិតនៅពូល C ជាមួយក្រុមខ្លាំងកូរ៉េ ខាងត្បូង, ថៃ និងសិង្ហបុរី កំពុងឈរ​នៅលេខ២ ក្រោម​កូរ៉េ ខាង​ត្បូង ក្រោយ​ឆ្លងកាត់​៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១ ក្រោមការ​ដឹកនាំរបស់​លោក Branko Ivankovic ជន​ជាតិ ក្រូអាស៊ី ជាគ្រូបង្វឹក។

ក្រុមជម្រើសជាតិចិន នឹងបន្តជួបក្រុមជម្រើសជាតិថៃ សម្រាប់ជើងទី២ នៃពានរង្វាន់ FIFA World Cup 2026 នៅប្រទេសចិន ខណៈកាលពីជើងទី១ ចិនបានយកឈ្នះថៃ ដោយលទ្ធផល ២-១៕

Share.