ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​នៃ​ប្រទេស​ហ្វីលីពីន (2024 Philippines Football League) បាន​​ចាប់​ផ្តើម​ការប្រកួត​ហើយ​​សម្រាប់​រដូវកាល​ថ្មី​របស់​ខ្លួន ដែល​មាន​សមាជិក​ចំនួន​១៥​ក្រុម ក្នុង​រយៈ​ពេល​ប្រកួត​ប្រជែង​៤​ខែ។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​​ក្នុង​របត់​ថ្មី​​មួយ​នេះ​គឺ​ក្លិប​ជា​សមាជិក​អាច​ចុះ​បញ្ជី​បាន​តាម​ចិត្ត គ្មាន​ដែន​កំណត់ តែ​ត្រូវ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន។

នេះ​ជា​ចាប់​ផ្ដើម​ថ្មី​មួយ​របស់​លីគ​បាល់ទាត់​ហ្វីលីពីន ដែល​មាន​ក្លិប​កើន​ដល់​១៥​ក្រុម ស្រប​ពេល​រដូវកាល​ឆ្នាំ​២០២២-២៣ កន្លង​ទៅ​មាន​ក្រុម​ចូលរួម​ចំនួន​៧ ប៉ុណ្ណោះ ហើយ​​កាល​នោះ​ប្រកួត​បាន​ពាក់កណ្តាល​ទី​ស្រាប់​តែ​មាន​ក្លិប​ចំនួន​២​ប្រកួត​ដក​ខ្លួន​ជា​បន្តបន្ទាប់ សល់​ត្រឹម​៥ក្លិប។

អត្ថបទពាក់ព័ន្ធ៖ អាស៊ាន៖លីគ​កំពូល​ហ្វីលីពីន សល់​​សមាជិក​តែ​៥ក្រុម​ប៉ុណ្ណោះ ក្រោយ​២ក្រុម​ដក​ខ្លួន

សម្រាប់​ក្លិប​ទាំង​១៥​ត្រៀម​ដណ្តើម​ជើង​ឯក​រដូវកាល​នេះ​មាន Davao Aguilas, Don Bosco Garelli, Dynamic Herb Cebu, Kaya–Iloilo, Loyola, Maharlika Taguig, Manila Digger, Manila Montet, Mendiola 1991, One Taguig, Philippine Air Force, Philippine Army, Stallion Laguna, Tuloy, United City។

ក្នុង​ចំណោម​ក្លិប​​ទាំង​១៥​មាន ក្លិប​​ខ្លះ​បាន​ចុះ​បញ្ជី​កីឡាករ​បរទេស​លើស​ពី​១០នាក់ ហើយ​ក្លិប​ចំនួន​៣​ប្រកាស​មិន​ប្រើប្រាស់​កីឡាករ​បរទេស​នោះ​ទេ រួច​មាន​ក្លិបManila Montet, Philippine Air Force និង​Philippine Army។ បើ​ទោះ​ជា​​គណៈកម្មការ​ប្រកួត​បើក​ឱ្យ​ក្លិប​ជា​សមាជិក​ចុះ​បញ្ជី​កីឡាករ​បរទេស​ឥត​ដែន​កំណត់​ក្ដី ប៉ុន្តែ​​កា​ចុះ​បញ្ជី​នេះ​គឺ​មាន​​កីឡាករ​សរុប​​ត្រឹម​​៣២​នាក់​នៃ​បញ្ជី​រួម​​​តាម​ក្លិប​នីមួយៗ ព្រម​ទាំង​អនុញ្ញាត​ឱ្យ​ដាក់​កីឡាករ​បរទេស​ប្រកួត​លើ​ទីលាន​បាន​ចំនួន​៥នាក់​ប៉ុណ្ណោះ​​ បូករួម​ទាំង​អ្នក​ចាំទី។

អត្ថបទពាក់ព័ន្ធ៖CPL៖ប្រើ​លេស​​បញ្ហា​គ្រួសារ​ឯ​ស្រុក​កំណើត កីឡាករ​ជប៉ុន​រូប​នេះ​សុំ​ចេញ​ពី​ព្រៃវែងអែហ្វស៊ី តែ​​ទៅ​ចូលរួម​ក្លិប​ថ្មី​​វិញ

ការ​ប្រកួត​លីគ​កំពូល​ហ្វីលីពីន ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ ដោយ​អោយ​ក្លិប​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ដោយ​ក្រុម​​​ជើង​ឯក​មាន​កៅអី​តំណាង​អោយ​ហ្វីលីពីន ទៅ​ប្រកួត​​ពានរង្វាន់​កម្រិត​ទ្វីប 2024–25 AFC Champions League 2 វគ្គ​ចែក​ពូល និង​ចូលរួម​​ពានរង្វាន់​កម្រិត​អាស៊ាន 2024–25 ASEAN Club Championship។

ពានរង្វាន់​លីគ​កំពូល​ហ្វីលីពីន ទើប​តែ​បង្កើត​ផ្លូវការ​នៅ​​ឆ្នាំ​២០១៧ ដោយ​ក្រុម Ceres–Negros Global Cebu (United City) គ្រង​ជើង​ឯក​​​ច្រើន​ជាង​គេ​គឺ​នៅ​ឆ្នាំ​២០១៧, ២០១៨, ២០១៩, ២០២០ ខណៈ​នៅ​ឆ្នាំ​២០២១ ត្រូវ​ផ្អាក​ការ​ប្រកួត​ដោយ​សារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ហើយ​នៅ​ឆ្នាំ​២០២២-២៣ ក្រុម​ Kaya–Iloilo គ្រង​ជើង​ឯក​ម្តង៕

អត្ថបទពាក់ព័ន្ធ៖ក្រុម Kaya FC–Iloilo គ្រងជើងឯកលីគកំពូលហ្វីលីពីន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

Share.